Ad Code

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់​រស់​ចងដៃ​យក​មក​ប្លុង​ចោល​នៅ​ស្ពាន​ទី​២


បន្ទាយមានជ័យ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ​ហើយ​យក​ខ្សែ​គោ​ចងដៃ​ដឹក​យក​មក​ប្លុង​ចោល​នៅ​ស្ពាន​ទី​២​ទាំងយប់។​ ការ​ប្រទះ​ឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​ត្រូវ​គេ​វាយ​ធ្វើបាប​យក​មក​ប្លុង​បោល​នោះ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣១ ​ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ខាងកើត​ស្ពាន​ទី​២​ ស្ថិតនៅ​ភូមិ​១​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក ​សុខ ​ថៃ​ មេ​ប៉ុស្តិ៍​ព្រះ​ពន្លា​បាន​សួ​នាំ​ទើប​ដឹង​ថា​ជន​នោះ​មានឈ្មោះ ចឺម ចន្ថា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ក្សំក្សាណ ឃុំ​លើកដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ លោក​បាន​និយាយ​បន្ត​ថា ​នៅ​ម៉ោង​១១​យប់​នោះ ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​បាន​ប្រទះឃើញ​ជន​នោះ​នៅ​ខាងកើត​ស្ពាន​ទី​២​ដេក​ស្តូកស្តឹង ​ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ប្រធាន​ភូមិ​និង​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ។ លុះ​ព្រឹក​ម៉ោង​៨​គេ​ឃើញ​មាន​សមត្ថកិច្ច​មួយ​ក្រុម​មាន​អាវុធហត្ថ​ និង​នគរបាល​មួយ​ក្រុម​ចុះ​មក​ត្រួតពិនិត្យ​បុរស​នោះ​ដៃ​ជាប់​ទៅ​ដោយ​ចំណង​ខ្សែ​គោ​ចង​យ៉ាង​ជាប់​ ចំណែក​មុខ​ត្រូវ​គេ​វាយ​ឡើង​ខ្ទេច​ខោអាវ​ជាប់​សុទ្ធតែ​ឈាម។ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​បុរស​នេះ​ប្រហែល​ដើរ​យក​របស់របរ​គេ​យក​មក​ហូប​ ព្រោះ​ប្រហែល​ដាច់​បាយ​ជាច្រើន​ថ្ងៃ​ទើប​ម្ចាស់ទ្រព្យ​គេ​វាយ​ធ្វើបាប​ស្ទើរ​ស្លាប់​រស់ ​ហើយ​ចងដៃ​យ៉ាង​តឹង​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ស្ពាន​ទី​២​យ៉ាង​ដូច្នេះ។ ដោយសារតែ​មានការ​វាយ​ធ្វើបាប​ខ្លាំងពេក​ទើប​សមត្ថកិច្ច​សួ​នាំទៅ​ បុរស​នោះ​និយាយ​គ្មាន​ដឹង​ខុសត្រូវ​ហើយ ​ដោយសារតែ​បុរស​នោះ​រង​របួស​ខ្លាំងពេក​ ទើប​ប្រធាន​ភូមិ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​ជីវិត។ នៅក្នុង​ហេតុ​ការណ៍​នោះ​ដែរ​ សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ដែល​បាន​វាយ​ធ្វើបាប​បុរស​នោះ សមត្ថកិច្ច​បាន​និយាយ​ថា​ បើ​ទោះ​បី​បុរស​នោះ​យក​ទ្រព្យ​បន្តិចបន្តួច​យក​មក​ហូប​ក៏​មិន​ត្រូវ​វាយ​ធ្វើ​បាប​គ្នា​ដល់​ថ្នាក់​ស្ទើរ​ស្លាប់​រស់​ ហើយ​ចងដៃ​គ្នា​យក​ទៅ​ប្លុង​ចោល​យ៉ាង​នេះ​ដែរ៕​

គង្គា​

Post a Comment

0 Comments

Close Menu