Ad Code

ស្រូវប្រាំង​ចំនួន​៤៥០​ហិកតា​ខ្វះ​ទឹក​នៅក្នុង​ស្រុក​ជល​គីរី​កំពុង​ជួយសង្គ្រោះ​


កំពង់ឆ្នាំង ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥​នេះ​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​១.០០០​ហិកតា​កំពុង​ខ្វះខាត​ទឹក ក្នុងចំណោម​ស្រូវប្រាំង​ដែល​ធ្វើ​បាន​ជិត​៣​ម៉ឺន​ហិកតា។ ដោយឡែក​ស្រូវប្រាំង​ចំនួន​ប្រមាណ​៤៥០​ហិកតា​នៅក្នុង​ឃុំ​កោះ​ថ្កូវ កំពុង​ជួយសង្គ្រោះ​បូមទឹក​ដាក់​ដោយ​មន្ទីរ​ធនធានទឹក​ខេត្ត។​

តាម​ប្រភព​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា​នេះ​ថា ស្រូវប្រាំង​នៅក្នុង​ទូទាំង​ប្រទេស​ប្រជាពលរដ្ឋ​ធ្វើ​បាន​ជាង​៥០​ម៉ឺន​ហិកតា ក្នុង​នោះ​មាន​ជាង​មួយ​ម៉ឺន​ហិកតា​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ដែល​មាន​នៅក្នុង​ខេត្ត​ចំនួន​៧​គឺ​ ខេត្តកណ្តាល ព្រៃវែង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និង​បន្ទាយមានជ័យ។​ បច្ចុប្បន្ន​មន្ទីរ​ធនធានទឹក​តាម​បណ្ដា​ខេត្ត​ទាំងនោះ​កំពុង​ជួយសង្គ្រោះ​បូមទឹក​ដាក់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ។ ស្រូវ​ទាំង​អស់​នោះ​មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដោយសារ​តំបន់​ទាំង​នោះ​មាន​ប្រភព​ទឹក​អាច​ជួយ​សង្គ្រោះ​បាន។​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត និង​គ្រប់​ការិយាល័យ​កសិកម្ម​ស្រុក​ទាំងអស់​ក្នុង​ខេត្ត យកចិត្តទុកដាក់​តាម​ដាន​សភាព​ការ​ទឹក​ស្រែប្រាំង​តាម​មូលដ្ឋាន​ក្នុងស្រុក/ឃុំ​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​រក​ប្រភព​ទឹក​បូម​ដាក់​ស្រែប្រាំង​ឲ្យ​បាន​ទាន់​ពេល​វេលា ពេល​ស្រែប្រាំង​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក។​

ករណី​ដោះស្រាយ​មិនបាន​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​តាម​ឋានានុក្រម​ដើម្បី​ជួយ​អន្តរាគមន៍​

ឲ្យ​បាន​ទាន់​ពេល​វេលា ដោយ​មិន​ត្រូវ​អសកម្ម ឬ​យឺតយ៉ាវ​ទុក​ឲ្យ​ស្រែប្រាំង​ប្រជាពលរដ្ឋ​ស្វិត​ងាប់​នោះ​ឡើយ៕ ( ឈៀង ថា​រិ​ទ្ធ )




Post a Comment

0 Comments

Close Menu