ចៅ ផលឌឿ អ្នកប្រដាល់ក្លឹបសំរោងកោងខេត្តបាត់ដំបង ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយ ម៉ូ រដ្ឋា អ្នកប្រដាល់ក្លឹបព្រៃទទឹងបង្ក្រាបគ្រឿងញៀនខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១១ មករា ២០១៥ នៅលើសង្វៀនបាយ័នបឹងស្នោ។ នេះជាការជួបគ្នាលើកដំបូង សំរាប់ពួកគេទាំងពីរនាក់នេះ។ តាមពិតពីមុននោះ ម៉ូ រដ្ឋា ពុំមែនជាដៃគូប្រកួតរបស់ចៅ ផលឌឿទេ ដោយសារតែខុសទម្ងន់គ្នា និងមានលំដាប់ខុសគ្នា តែពេលនេះផលឌឿរាងអន់ជាងមុនក្រោយពីវាយវ័យកាន់តែច្រើននោះ។
ប៉ុន្តែយ៉ាងណា ចៅ ផលឌឿ នៅតែវាយមានផ្លែល្អដដែល គ្រាន់តែកម្លាំងស៊ុហ្វរបស់គេមិនសូវពេញនិងរឹងមាំដូចមុន ។ណាមួយផលឌឿ ច្រើនតែចាប់ផ្គូអោយជួបជាមួយជើងខ្លាំង ដូចជាពីរប្រកួតចុងក្រោយនេះ គេវាយចាញ់សូយ យក្សតឿ ក្លឹបពោធិជ័យដោយពិន្ទុ និងចាញ់ផល សុផាត ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយពិន្ទុ។ ចៅ ផលឌឿ គេជាអ្នកប្រដាល់ដែលវាយខ្លាំងនិងសម្រុកមិនរាថយទេ ។កណ្តាប់ដៃរបស់ផលឌឿ រហ័ស លឿន និងខ្លាំងថែមទៀត។ ទោះបីជាយ៉ាងណា ផលឌឿវាយអាងកម្លាំងស៊ុហ្វប៉ុណ្ណោះ តែនៅពេលឥឡូវកម្លាំងស្រុតខ្សោយជាងមុន ការប្រកួតរបស់គេភាគច្រើនជួបបរាជ័យ។
ម៉ូ រដ្ឋាជាអ្នកប្រដាល់ដែលមានលំដាប់ក្រោមផលឌឿ ហើយក៏ជាអ្នកប្រដាល់ដែលប្រកួតមិនសូវដែលឈ្នះគេដែរកន្លងមក។ គេវាយឈ្នះតែអ្នកប្រដាល់ថិតក្នុងកម្រិតខ្សោយប៉ុណ្ណោះ។ ពេលខ្លះគេវាយចាញ់ទាំងអ្នកប្រដាល់ដែលមិនល្បីឈ្មោះថែមទៀត ដូចជាការប្រកួតចុងក្រោយគេនេះ រដ្ឋា វាយចាញ់ពុទ្ធ ផនកុសល ក្លឹបពុទ្ធសេរីវង្សកីឡាដោយពិន្ទុ។
ហេតុនេះ កម្រិតសមត្ថភាពបច្ចេកទេសរបស់ម៉ូ រដ្ឋា គឺមិនដល់ចៅ ផលឌឿទេ។ ដូច្នេះការជួបប្រកួតជាមួយចៅ ផលឌឿនេះ បានត្រឹមតែម៉ាជួបប៉ុណ្ណោះ ។ ហើយយ៉ាងណា រវាងចៅ ផលឌឿ និង ម៉ូ រដ្ឋានេះ ថ្វីត្បិតតែពុំមាននរណាហ៊ានទស្សន៍ទាយមុន ប៉ុន្តែក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុក ពួកគេមានជំនឿទុកចិត្តថា ចៅ ផលឌឿ អាចជាអ្នកឈ្នះសំរាប់ការប្រកួតនេះ។
ងួន គា អ្នកប្រដាល់ក្លឹបតាឡីដំរីមានរិទ្ធនឹងឡើងប្រកួតទូទាត់បំណុលជាមួយស្រិល ទ្រី អ្នកប្រដាល់ក្លឹបគុជសាកីឡា។ ពួកគេទាំងពីរនេះ ធ្លាប់ប៉ះគ្នាពីរដងមកហើយ ដោយងួន គា វាយចាញ់ស្រិល ទ្រីដោយពិន្ទុទាំងពីរដង។ ប៉ុន្តែយ៉ាងណា ស្រិល ទ្រី ពេលនេះ ក៏មារការធ្លាក់ចុះខ្សោយជាងមុនដែរ ដែលការឡើងប្រកួត២ប្រកួតចុងក្រោយនេះ គេវាយចាញ់ទាំងពីរប្រកួត គឺចាញ់សេន កុសល ក្លឹបមោងឫស្សីមរតកគុនខ្មែរ ដោយពិន្ទុនិងចាញ់មាស សារ៉ាក់ ក្លឹបបាត់ដំបងពាយ័ព្យក្នុងទឹកទី១នោះ។ ផ្ទុយពីងួន គា គេប្រកួតចុងក្រោយនេះ វាយឈ្នះខឹក សុខឿន ក្លឹប កងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ។ ចាំមើល ងួន គា អាចសងសឹកយកឈ្នះស្រិល ទ្រីបានឬអត់ នៅក្នុងការជួបគ្នាលើកនេះ ? ។
ចាន់ សុខហួន អ្នកប្រដាល់ក្លឹបនិរោធមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី វុធ សំណាង ក្លឹបពោធិជ័យកីឡា។ ពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក។ មិនដឹងថា អ្នកប្រដាល់ជើងចាស់ចាន់ សុខហួន យកឈ្នះជើងថ្មីវុធសំណាងបានឬអត់នោះទេ?។ កីឡាការិនី អេ យ៉ានុត ក្លឹបអេភូថងកីឡា នឹងជួបជាមួយកីឡាការិនីបុប្ផា មករាក្លឹបនិរោធមានជ័យ។ នេះជាការជួបរវាងជើងចាស់(បុប្ផាមករា) និងជើងថ្មីស្រករក្រោយយ៉ានុត ប៉ុន្តែយ៉ាងណាបុប្ផាមករា មិនប្រាកដថា ឈ្នះយ៉ានុតនោះឡើយ៕
0 Comments