Ad Code

ភោជនីយដ្ឋាន​សាច់​អាំង​ជប៉ុន បើក​ដំណើរការ​នៅ​កម្ពុជា​ស្របតាម​កំណើន​ភ្ញៀវ​ទេសចរណ៍​


ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​ឱកាស​វិនិយោគ​ដ៏​ល្អ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​កំណើន​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​កើន​ឡើង​នៃ​ទេសចរ​ជនជាតិ​ជប៉ុន​ផង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ផ្តើម​ចេញពី​ចំណុច​នេះ ភោជ​នីយដ្ឋាន​សាច់គោ​អាំង​ដ៏​ល្បី​ក្នុង​ប្រទេស​ជប៉ុន​ KAZU (​ខា​ហ្សឹ​) ក៏បាន​សម្រេច​ចូល​មក​បោះទុន​វិនិ​យោគ​ផ្នែក​វិស័យ​ភោជនីយដ្ឋាន​នេះ ក្នុង​គោលបំណង​ផ្តល់​រសជាតិ​សាច់គោ​អាំង​បែប​ប្រពៃណី​ជប៉ុន ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ពលរដ្ឋ​កម្ពុជា និង​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ដោយ​ពួកគេ​មិន​ចាំ​បាច់​ចំណាយ​លុយ​ធ្វើដំណើរ​ទៅ​ទីក្រុង​តូ​ក្យូ​នោះ​ទេ។​

លោក Tabe KIYOSHI (​តា​បិ គី​យ៉ូ​ស៊ី​) នាយក​ភោជនីយដ្ឋាន KAZU (KAZU (​ខា​ហ្សឹ​)) ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា វត្តមាន​មាន​របស់ KAZU (​ខា​ហ្សឹ​) នៅ​ពេល​នេះ ពិតជា​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​ភោជនីយដ្ឋាន​បែប​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ភោជនីយដ្ឋាន​របស់​លោក​មាន​កម្រិត​ស្តង់ដារ​ខ្ពស់​ដូចជា​នៅ​ប្រទេស​ជប៉ុន​អញ្ចឹង​ដែរ។

នៅក្នុង​ឱកាស​សម្ពោធ​ភោជនីយដ្ឋាន​សាច់​អាំង ខា​ហ្សឹ នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥​នេះ លោក តា​បិ គី​យ៉ូ​ស៊ី បាន​បញ្ជាក់​ថា ក្នុង​ការ​បង្កើត​ចេញ​នូវ​ភោជនីយដ្ឋាន​ខា​ហ្សឹ​នា​ថ្ងៃនេះ លោក​បាន​បោះទុន​វិនិយោគ​ចំនួន​៤០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​រៀបចំ​ទាំង​ការ​រចនា​ទីតាំង​បែប​ជប៉ុន និង​នាំចូល​នូវ​សាច់គោ​ ពិសេស​ពី​ប្រទេស​ជប៉ុន រួម​ទាំង​គ្រឿងផ្សំ​មួយចំនួន​ផ្សេងទៀត។ លើស​ពី​នេះ​ទៅ​ទៀត ភោជនីយដ្ឋាន​របស់​លោក មាន​ចុងភៅ​ល្បីៗ​មួយចំនួន​មកពី​ប្រទេស​ជប៉ុន ហើយ​ការ​បើក​ទ្វារ​របស់​ខា​ហ្សឹ​នា​ពេល​នេះ​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជនជាតិ​កម្ពុ​ជាជាង​៣០​នាក់​ផង​ដែរ។

លោក Tabe KIYOSHI (​តា​បិ គី​យ៉ូ​ស៊ី​)​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ការ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កន្លែង​មកនេះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​ពិតជា​នៅ​មាន​សក្ដានុពល​ខ្ពស់ កត្តា​ទាំងនេះ​ហើយ​បាន​ធ្វើ​ឲ្យ​លើក​កំពុងតែ​សម្លឹង​មើល​ទីតាំង​ផ្សេងទៀត​នៅក្នុង​បណ្ដា​ខេត្ត​ទេសចរណ៍​ធំៗ​មួយ​ចំនួន​ទៀត​ក្នុង​ការ​ពង្រីក​សាខា ភោជនីយ​ដ្ឋាន​ខា​ហ្សឹ នា​ពេល​ឆាប់ៗ​ខាងមុខនេះ​បន្ថែម​ទៀត។​

យោង​តាម​របាយការណ៍​ពី​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​កាលពី​ឆ្នាំ​២០១៤ បង្ហាញថា ប្រទេស​កម្ពុជា​មាន​ភោជនីយដ្ឋាន​ចំនួន​១.៧៦២​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត​៣​ពាន់​ភោជនីយដ្ឋាន​ ហើយ​មាន​ប្រមាណ​២៣​ភាគរយ​កំពុង​ជួប​បញ្ហា​កង្វះ​ធនធាន មនុស្ស​បម្រើការ​ក្នុង​វិស័យ​នេះ។​

យ៉ាងណា​ក៏​របាយការណ៍​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​ដដែល​បញ្ជាក់​ថា មាន​ម្ចាស់​ភោជ​នីយ​ដ្ឋាន​ចំនួន​៨២​ភាគរយ​ចង់​បើក​សាខា​ថ្មី​បន្ថែម​នា​ពេល​ខាង​មុខ។ ដូច្នេះ​ការ​ពង្រឹង​ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​ទីផ្សារ គឺជា​រឿង​ចាំបាច់​ដើម្បី​ប្រកួតប្រជែង និង​ទទួល​ស្វាគមន៍​សមាហរណកម្ម​អា ស៊ាន​ដែល​នឹង​ចូល​មក​នៅ​ចុងឆ្នាំ​២០១៥។ គួរ​បញ្ជាក់​បន្ថែម​ថា ភោជនីយដ្ឋាន​សាច់​អាំង​ជប៉ុន​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​៣០២​ខាងត្បូង​វិមានឯករាជ្យ​៕

វ​ត្តី​



Post a Comment

0 Comments

Close Menu