Ad Code

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​រុះរើ​ការដ្ឋាន​បារ​បរទេស «Tilac» សង់​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​ច្បាប់​អនុញ្ញាត​


ភ្នំពេញ ៖ គណៈកម្មការ​ចម្រុះ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាលរងខណ្ឌ និង​លោក ចាន់ បណ្ឌិត នាយករង​រដ្ឋបាល​សាលា​ខណ្ឌ កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៥ បាន​ចុះទៅ​រុះរើ​ការដ្ឋាន​សង់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ គ្មាន​ច្បាប់​អនុញ្ញាត​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​បាត់​សោភ័ណភាព​ទីក្រុង។​

ចំណាត់​ការ​រុះរើ​សំណង់​ខុសច្បាប់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​អភិបាល​ខណ្ឌដូនពេញ លោក គួច ចំរើន បញ្ជា​ទៅ​ក្រុមការងារ​ចុះ​អនុវត្ត​ដោយ​គ្មាន​ការយោគយល់​នោះ​ឡើយ​។​

មន្ត្រី​សាលា​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ថា «​គណៈកម្មការ​បាន​ដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ចុះ​មក​រុះរើ​ផ្ទាល់ ដែល​មាន​ឈ្មោះ កែវ ស្រី​លាភ ជួល​ពី​លោក ចៅ យាង ជា​ម្ចាស់ផ្ទះ ដើម្បី​បើក​បារ​បរទេស​យីហោ «Tilas» ស្ថិត​នៅផ្ទះ​លេខ​៤៨ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​»។​

មន្ត្រី​សាលា​ខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា «​ការជួល​ផ្ទះ​នេះ គឺ​គ្មាន​កិច្ច​សន្យា​ជួល​ពី​សាលា​រាជ​ធានី​ភ្នំពេញ គ្មាន​ច្បាប់​ជួសជុល​ពី​មន្ទីរ​ជំនាញ និង​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​»។​

ជា​មួយ​គ្នា​នេះ មន្ត្រី​សាលា​ខណ្ឌ​ដូនពេញ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នករក​ទទួលទាន ទាំង​ឡាយ​នៅ​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ត្រូវ​គោរព​ច្បាប់​របស់​ជាតិ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​ត្រូវ​សាងសង់​សំណង់ ឬ​អគារ​រំលោភ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​នោះ​ឡើយ។​

អាជ្ញាធរ​បាន​បង្ហាញ​ចំណាត់ការ​ជា​បន្តបន្ទាប់​មិន​ឲ្យ​មាន​សកម្មភាព​បែបនេះ​កើតឡើង​ទៀត​ឡើយ​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ ក្នុង​គោលបំណង​បង្កើន​សោភ័ណភាព​ទីក្រុង រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ជាដើម ពីព្រោះ​សំណង់​ខ្លះ​ដែល​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​នោះ​នាំ​ឲ្យ​ផ្លូវ​រួម​តូច​ជាដើម៕

រស្មី​


Post a Comment

0 Comments

Close Menu