Ad Code

ទឹកជ្រោះ​ប៊ូស្រា​ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​ស្អាត​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​


មណ្ឌលគិរី ៖ លោក​ គុជ សូរិយា​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា ទឹកជ្រោះ​ប៊ូ​ស្រា​ជា​តំបន់​កំសាន្ត​មួយ​សម្រាប់​អ្នក​ទេសចរ​ដែល​មាន​សម្រស់​ធម្មជាតិ​ល្អ​ដាច់​គេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​ជា​រៀងរាល់ថ្ងៃ ប៊ូ​ស្រា​តែងតែ​ទទួល​បាន​នូវ​កំណើន​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ​ទៅលេង​នៅ​រមណី​យដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ប៊ូ​ស្រា​ ដែល​ស្ថិតនៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​បាន​ ដែល​គ្រាន់តែ​ចំណាយពេល​ធ្វើដំណើរ​ប្រហែលជា​៧​ទៅ​៨​ម៉ោង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ លេខ​៧​ និង​ផ្លូវជាតិ​លេខ​៧៦ ​ដែល​អ៊ុត​កៅស៊ូ​រាបស្មើ​អម​សងខាង​ដោយ​ព្រៃឈើ​ និង​ជ្រលង​ភ្នំ ​លុះ​នៅពេល​បាន​មក​ដល់​ទឹកដី​ខេត្តមណ្ឌលគិរី​ហើយ ​គេ​ត្រូវ​បន្តដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ​តាមផ្លូវ​ក្រួស​ក្រហម​ចំងាយ​ប្រមាណ​ជា​៤៥​គីឡូម៉ែត្រ​នោះ​នឹង​បាន​ទៅដល់​ទឹកជ្រោះ​ប៊ូ​ស្រា​ដែល​ជា​តំបន់​ទេសចរណ៍​មាន​សោភ័ណ​ភាពល្អ​ដាច់​គេ​នៅ​ទូទាំង​ប្រទេស​ដូច​ក្តី​បំណង​ជាក់​ជាមិនខាន។

នៅពេល​បាន​មកដល់​រមណីយដ្ឋាន​ដែល​ស្ថិតនៅ​តំបន់​ព្រៃភ្នំ ​និង​ជា​តំបន់​ផ្តល់​សក្តានុភាព​អេកូ​ទេសចរណ៍​ដ៏​សំខាន់​នៅ​លើ​ទឹកដី​របស់​បងប្អូន​ជនជាតិភាគតិច​ដ៏​ស្រស់បំព្រង​មួយ​នេះ​ភ្លាម​លោក​បាន​និយាយ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ពោល​គ្រប់​អ្នក​ទេសចរណ៍​ប្រុស​ ស្រី ក្មេង​ ចាស់ ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​បរទេស​ប្រាកដជា​បាន​រីករាយ​ទៅ​នឹង​សម្រស់​ទេសភាព​ធម្មជាតិ​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​ទីនេះ​រួមមាន​ចំការកៅស៊ូ ចំការ​ដំឡូង​មី ចំការ​ម្រេច ចំការ​កាហ្វេ ចំការ​ស្វាយចន្ទី ​និង​ព្រៃ​ដុះ​ច្រូង​ច្រាង​អម​សងខាង​ផ្លូវ​គួរ​ឲ្យ​ចេតនា​ណាស់​។ បន្ទាប់ពី​បាន​ប្លែក​ភ្នែក​ជាមួយនឹង​ទេសភាព​នៅ​តាម​ដង​ផ្លូវ​ចូល​ទៅ​កាន់​ទឹកជ្រោះ​ប៊ូ​ស្រា​នោះ​ អ្វី​ដែល​យើង​កាន់តែ​ត្រេកត្រអាល​ និង​ជក់ចិត្ត​ខ្លាំង​នោះ​គឺ​ក្នុង​ដំណើរ​ទស្សនាចរណ៍​ចុះ​តាម​កាំជណ្តើរ​ថ្ម​ដែល​មាន​ចំនួន​រាប់រយ​កាំ ​និង​មាន​សភាព​បត់បែន​ឃើញ​មាន​ដើម​រុក្ខជាតិ​ប្លែកៗ​ ពិសេស​ដើម​ឫស្សី​ព្រេច​ដុះ​ដេរដាស ​និង​ឮសូរ​តែ​សំឡេង​សត្វ​បក្សាបក្សី​យំ​យ៉ាង​គ្រលួច លុះ​នៅពេល​យើង​បាន​មក​ជិត​ដល់​ល្បាក់​ទឹកជ្រោះ​ប៊ូ​ស្រា​នោះ​គេ​នឹង​បានឃើញ ​និង​ស្ដាប់ឮ​សន្ធឹក​ទឹកធ្លាក់​ខ្ទរ​រំពង​ពេញ​ព្រៃ​ដោយ​ម្នាក់​ទទួល​បាន​នូវ​ភាព​ត្រជាក់​កាយ​ក្រៃលែង។

ពីមុខ​ល្បាក់​ទឹកធ្លាក់​ក្នុង​ទំហំ​មុខកាត់​ធំ​មហិមា​នោះ​គេ​ឃើញ​មាន​ផ្ទាំង​ថ្ម​ដោយ​កន្លែង​ខ្លះ​អាច​ឲ្យ​អ្នកទេសចរ​អង្គុយលេង​ឬក៏​អង្គុយ​ញាំ​អាហារ​បាន​យ៉ាង​រីករាយ និង​នៅ​ក្បែរ​នោះ​មាន​ដើម​រុក្ខជាតិ​និង​ជ្រលង​ទឹក​ហូរ​ធ្លាក់​ទៅ​ល្បាក់​ខាងក្រោម​មើលឃើញ​ចុង​ព្រឹក​លឹមៗ​ព្រៃ​គួរ​ឲ្យ​ស្រាវ ហើយ​បើ​តាម​ការ​លើក​ឡើង​បន្ត​របស់​លោក​បាន​ឲ្យ​ដឹង​ថា ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ទីតាំងនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ចិន្តា វិសាលភាព​ព​ទឹកជ្រោះ​ប៊ូ​ស្រា​នេះ​ដែរ​ចែកចេញជា​៣​ដំណាក់​ ដោយ​ដំណាក់​ទី​១​-ទឹក​ហូរ​ធ្លាក់​ក្នុង​កំពស់​ពី​៨​ទៅ​១២​ម៉ែត្រ​ ដែល​មាន​មុខកាត់​ទទឹង​១៥​ម៉ែត្រ​នៅ​រដូវវស្សា​ និង​កំពស់​ពី​១០​ទៅ​១៥​ម៉ែត្រ​នៅ​រដូវប្រាំង ដំណាក់​ទី​២​-ទឹក​ហូរ​ធ្លាក់​មាន​កំពស់​១៥​ទៅ​២០​ម៉ែត្រ​ និង​មុខកាត់​២០​ម៉ែត្រ​នៅ​រដូវវស្សា ​និង​កំពស់​១៨​ទៅ​២៥​ម៉ែត្រ​ និង​មុខកាត់​១៣​ម៉ែត្រ​នៅ​រដូវប្រាំង​ដែល​ទឹកធ្លាក់​ទីនេះ​មាន​ចំងាយ​១៥០​ម៉ែត្រ​ពី​ទឹកធ្លាក់​ដំណាក់​ទី​១​ និង​ទឹកធ្លាក់ ​ដំណាក់​ទី​៣​-ទឹក​ហូរ​ធ្លាក់​មាន​ល្បឿន​លឿន​ខ្លាំង​ជា​ល្បាក់​ទី​២​ដោយ​ល្បាក់​នេះ​យើង​មិនអាច​ធ្វើដំណើរ​ទៅដល់​នោះ​ទេ​។លោក​បញ្ជាក់​ឲ្យ​ដឹង​ថា ខេត្តមណ្ឌលគិរី​គឺជា​តំបន់​អេកូ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ដែល​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ដ៏​សំបូរ​បែប​នៃ​ធនធានធម្មជាតិ ​និង​ជា​តំបន់​វប្បធម៌​ដ៏​ស្តុក​ស្តម្ភ​ទំនៀមទម្លាប់​ប្រពៃណី​របស់​បងប្អូន​ជនជាតិភាគតិច​នៅ​រក្សា​បាន​គង់វង្ស​ដែល​ជា​ចំណុច​ទាក់​ទាញ​ចំបង​មួយ​ ជាក់ស្តែង​ដូចជា​នៅ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​ប៊ូ​ស្រា​ដែល​បាន​បរិយាយ​ជូន​ខាង​លើ​នេះ​គឺជា​កន្លែង​លេង​កំសាន្ត​មួយ​ដែល​គេ​គ្រប់គ្នា​ទទួល​ស្គាល់​ថា​ជា​តំបន់​ទឹកជ្រោះ​ដែល​ស្អាត​ជាងគេ​នៅក្នុង​ដែនដី​សុវណ្ណ​ភូមិ​នៃ​ប្រទេស​កម្ពុជា​យើង​៕

ឥន្ទ្រី​យ៍​ទេព




Post a Comment

0 Comments

Close Menu