បន្ទាយមានជ័យ ៖ មានក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តកាមរីបុកជាមួយម៉ូតូហុងដាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរនិងអ្នកជិះស្លាប់ទាំង២នាក់នៅនិងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវចូលវិទ្យាល័យកូប ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ឆេង អ៊ីសុខាអធិការស្រុកអូរជ្រៅបានប្រាប់ថា ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ សាន់ ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ វង្ស ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខកណ្ដាល1D-2203។ ចំណែកភាគីរថយន្តបើកបរដោយឈ្មោះ តឿ ភេទប្រុស បើកបររថយន្តម៉ាក តូយូតាកាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ គ្មានស្លាកលេខ។ សាក្សីនៅកន្លែងកើតហេតុប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញភាគីរថយន្តកាមរី ពណ៌ទឹកប្រាក់ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈនោះជនរងគ្រោះដែលជិះម៉ូតូឌុបគ្នា២នាក់ បានធ្វើដំណើរក្នុងទិសដៅច្រាសគ្នាពីលិចមកកើត ហើយទំនងឡើងវ៉ារថយន្តមួយផ្សេងទៀត ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅបុករថយន្តកាមរីពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។ ក្រោយកើតមានគ្រោះថ្នាក់ប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនបុរស២នាក់ដែលជិះក្នុងរថយន្តកាមរីប្រគល់ឲ្យសមត្ថកិច្ច ចំណែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ រីឯសពយុវជនរងគ្រោះទាំង២បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ប្រជាពលរដ្ឋបានឲ្យដឹងដែរថា រថយន្តកាមរីបង្កគ្រោះថ្នាក់ខាងលើនេះ ភាគច្រើនជាប្រភេទរថយន្តដឹកទំនិញគេចពន្ធ និងដឹកឈើខុសច្បាប់ចេញពីច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយតាមបណ្ដាខេត្តនានាក្នុងប្រទេស ដែលកន្លងមកគេឃើញតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អាយុជីវិតប្រជាពលរដ្ឋ ខណៈរថយន្តទាំងនេះបើកបរក្នុងល្បឿនលឿន បើទោះបីស្ថិតក្នុងតំបន់ទីប្រជុំជនក៏ដោយ៕
គង្គា
0 Comments