Ad Code

បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​មិន​បង្ក្រាប​


កំពត ៖ មន្ត្រី​ជលផល​ក្នុង​ខេត្តកំពត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា មាន​ភាព​ធូររលុង​បើក​ដៃ​ឱ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក។ ជាក់ស្តែង​សកម្មភាព​ទូក​អូស​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍ ឆក់​នៅ​ចំណុច​ព្រែក​តា​នេន​ក្នុង​ខេត្តកំពត​កែប​បាន​កើតឡើង​យ៉ាង​ខ្លាំង​ជា​យូរ​ឆ្នាំ​មក​ហើយ ​រហូត​បច្ចុប្បន្ន​នេះ​គេ​ពុំដែល​ឃើញ​មន្ត្រី​ជលផល​ចុះ​បង្ក្រាប​ឡើយ​។ ប្រជា​នេសាទ​ក្នុងភូមិ​ដូន​តោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​បទល្មើស​ដែល​កើតឡើង​សព្វថ្ងៃ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​រដ្ឋបាល​ជលផល ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​បង់លុយ​ប្រចាំខែ​ដើម្បី​ធ្វើការ​នេសាទ​ខុសច្បាប់​បាន​យ៉ាង​ងាយស្រួល​។ ដូច្នេះហើយ​ធ្វើ​ឲ្យ​ពួកគាត់​ដែល​នេសាទ​ធម្មតា​មិន​មាន​ប្រើ​ឧបករណ៍​ឆក់ មានការ​លំបាក​ពុំ​សូវ​នេសាទ​បាន​ច្រើន ពេល​ខ្លះ​ចេញទៅ​ខាត​ប្រេង​ទៀត​ផង​។ ប្រជាពលរដ្ឋ​បន្ត​ថា ​មិន​ត្រឹមតែ​ទូក​ប្រើ​ឧបករណ៍​ឆក់​នេសាទ​ខុស​ច្បាប់​នៅ​ម្តុំ​ព្រែ​កតា​នេន​នោះ​ទេ រីឯ​បទល្មើស​ធំៗ ដូចជា​ទូក​នេសាទ​វៀតណាម​ប្រភេទ​អូស​គូរ និង​ប្រភេទ​ទូក​អូស​ប្រើ​ឧបករណ៍​ឆក់ ក៏​មិន​មាន​ការ​បង្ក្រាប​ម្តង​សោះ បែរជា​គេ​ធ្វើជា​មើល​មិន​ឃើញ​ទៅ​វិញ ហើយ​រាល់​សកម្មភាព​បង្ក្រាប​បាន​កន្លងមក​សុទ្ធតែ​ប្រជាជន​អ្នកនេសាទ​ជា​អ្នក​ប្រគល់​ឲ្យ​។ ប្រភព​ពី​ប្រជា​នេសាទ​បាន​បញ្ជាក់​ថា ​ការ​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់​កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ម្តុំ​ព្រែក​តា​នេន ខេត្ត​កែប​ទូក​ទាំងនេះ​ចេញ​នេសាទ​ទាំង​ថ្ងៃ​រហូតដល់​ខាងលិច​កោះ​កា​រាំង​ខេត្តកំពត​ទៀតផង។ ​ប្រភព​ច្បាស់ការ​និយាយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​លោក ស ​សូ​រិ​ន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​មាន​ដៃស្តាំ​ពីរ​នាក់​ម្នាក់​ឈ្មោះ​ អន​ ថា និង ​យឹម​ សំអាត ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន និង​អនុប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស​ជលផល​លើ​ផ្ទៃសមុទ្រ និង​មាន​តួនាទី​មួយ​ទៀត​ជា​អ្នក​ប្រមូល​ផលប្រយោជន៍​ឲ្យ​លោក ស​សូ រិ​ន​ ទាំង​ទូក​នេសាទ​ឆក់ ​និង​ទូក​អូស​វៀតណាម​។​ ប៉ុន្តែ​រឿង​ដែល​គេ​មើល​មិនដឹង​គឺ​លោក​ អន​ថា និង​លោក​ យឹម​ សំអាត មាន​ដៃ​សាំ​ពីរ​នាក់​ទៀត មានឈ្មោះ​ ចាន់ ​ស៊ី​នាថ ជា​មន្ត្រី​ជលផល និង​ឈ្មោះ​ម៉ែ​អា​ឆ​លី ​ជា​អ្នកមាន​ទូក​នេសាទ​ខុសច្បាប់​ជាច្រើន​គ្រឿង​នៅ​ម្តុំ​ព្រែ​តា​នេន អ្នក​ទាំង​ពីរ​នេះ​សម្រាប់​ដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​ខុសច្បាប់​ក្នុង​មួយ​ទូក​១០០​ដុល្លារ​សម្រាប់​មួយ​ខែ​ ចំណែក​ទូក​វៀត​ណាម​មួយគូ​១០០ដុល្លារ បើ​ទូក​ណា​មិន​បង់​លុយ​ឲ្យ​អ្នក​ទាំងពីរ​គឺ​គេ​ផ្តល់​ព័ត៌មាន​ឲ្យ​លោក ​អន ​ថា និង​ លោក យឹម​ សំអាត ​ចេញ​ចាប់​ហើយ​ផាកពិន័យ​២​លាន​រៀល​ទៅ​៣​លាន​រៀល​ទើប​ដោះលែង​វិញ​។ បច្ចុប្បន្ន​គេ​សម្គាល់​ឃើញថា​ ការ​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕​

ស៊ុន​លី​



Post a Comment

0 Comments

Close Menu