Ad Code

ជនសង្ស័យ​២​នាក់​ជា​គោលដៅ​របស់​សមត្ថកិច្ច​ក្នុង​ការចែក​ចាយ​គ្រឿងញៀន​ ត្រូវ​បាន​ឃាត់ខ្លួន

 ស្ទឹងត្រែង ៖ ជ​សង្ស័យ​២​នាក់​ជា​គោលដៅ​របស់​សមត្ថកិច្ច​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ស្រុក​សៀម​ប៉ាង ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សង្គម​ និង​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ​យ៉ាង​ខ្លាំង ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​(WY)​ចំនួន​១០​គ្រាប់ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១២​ ខែកុម្ភៈ ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ភូមិ​បាន​មួង ឃុំ​សរ​កុង ស្រុក​សៀម​ប៉ាង ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ​នេះ ដើម្បី​ចាត់ការ​បន្ត។​

លោក​វរសេនីយ៍ទោ ​នូ ហ៊ួ​រ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់​១-មានឈ្មោះ​ វ៉ន សុខន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ២​-ឈ្មោះ​ម៉ៅ តយ​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​សៀម​ប៉ាង ឃុំ​សរ​កុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ខាងលើ​នោះ គឺ​គេ​ជា​មុខសញ្ញា និង​ជា​គោលដៅ​របស់​សមត្ថកិច្ច​តាំងពី​យូរ​មក​ហើយ ដែល​បាន​លប​លួច​ធ្វើ​សកម្មភាព​ចែកចាយ​នៅក្នុង​ស្រុក​នេះ និង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ​ដែល​សង្គម​កំពុងតែ​ស្អប់ខ្ពើម។ លោក​បាន​បន្ត​ថា​ ក្នុង​រយៈពេល​ចាប់ពី​ដើមឆ្នាំ​២០១៥​មក​ទល់​ពេល​នេះ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​គ្រប់​បណ្ដា​ឃុំ ស្រុក គ្រប់​មូលដ្ឋាន ​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​ករណី ហើយ​បាន​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​គ្រាប់ និង​ប្រភេទ​ម្សៅ​ក្រាម​ពណ៌ស​​ថ្លា​ជាច្រើន​ផង​ដែរ​។ ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាង​លើ​នេះ ស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច តែ​មិន​មានឱកាស ទើប​នៅ​ថ្ងៃ​ខាងលើ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព កម្លាំង​អធិការដ្ឋាន​បាន​ធ្វើការ​ចុះ​បង្ក្រាប​តែម្តង។ នៅ​ព្រឹក​ថ្ងៃទី​១៤​នេះ​ ជនសង្ស័យ​រួម​ជា​មួយ​វត្ថុ​តាង​គ្រឿងញៀន​(WY)​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​គ្រាប់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ងិន លីម​


Post a Comment

0 Comments

Close Menu