Ad Code

រថយន្ត​ស្ទូច​ឡើង​ជែង ​ត្រូវ​រថយន្ត​ធំ​បើក​ច្រាសទិស​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​ស្ទូច​


បន្ទាយមានជ័យ ៖ រថយន្ត​ស្ទូច​១​គ្រឿង​បាន​បើកបរ​ឡើង​ជែង​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​ ក៏​ត្រូវ​រថយន្ត​ធំ​បើកបរ​ក្នុង​ទិស​ច្រាស​គ្នា​បុក​ចំ​ពីមុខ​ពេញ​រថយន្ត​ស្ទូច​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ឡានស្ទូច​នោះ​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​តាម​កំណាត់​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៣៧០-៣៧១​ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក​ ខឹម វិសុទ្ធ ប្រធាន​ផ្នែក​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​: គ្រោះថ្នាក់​នោះ​គឺ​រវាង​រថយន្ត​ស្ទូច​ពាក់​ស្លាក​លេខ​តាកែវ​៣A ១៧១៦ បើកបរ​ពី​កើ​តទៅ​លិច ​ហើយ​បុក​គ្នា​ពេញទំហឹង​ជា​មួយ​រថយន្ត​ធំ​ពាក់​ស្លាក​លេខ​ព្រៃវែង​៣A០៦៧៩​ដែល​បើកបរ​ពី​លិចទៅ​កើត​ទិស​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្ទូច​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​នៅ​ហ្នឹង​កន្លែង​តែម្តង​។​ អ្នកបើកបរ​រថយន្ត​ស្ទូច​មានឈ្មោះ នូ សុ​ខេង ភេទ​ប្រុស អាយុ៣៩​ឆ្នាំ លំនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ​ចំណែក​អ្នក​បើកបរ​រថយន្ត​ធំ​មានឈ្មោះ ដឹ​ន ខា ប្រុស ៤៤​ឆ្នាំ ភូមិ​-​ឃុំ ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ពុំ​រង​គ្រោះថ្នាក់​ធំដុំ​នោះ​ទេ​។ ​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បន្ទាយ​មានជ័យ​ឲ្យ​ដឹង​ថា ការស្រាវជ្រាវ​ដំបូងៗ​គឺ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​រថយន្ត​ស្ទូច​បាន​បើក​ឡើង​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ក៏​ត្រូវ​រថយន្ត​រថយន្ត​ធំ​យី​ឌុប​កង់​១៦​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ស្ទូច​កៀប​នឹង​កា​បី​ន​ស្លាប់​តែម្តង​។ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ រថយន្ត​ទាំង​២​ត្រូវ​បាន​នគ​រ​បាល​ចរាចរណ៍​ដឹក​យក​មក​ស្នងការ​រក្សា​ទុក​ និង​ដោះស្រាយ​នៅពេល​ក្រោយ​៕

គង្គា​

Post a Comment

0 Comments

Close Menu