Ad Code

ប្រជាពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច ឫ​តុលាការ​នឹង​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​តៃកុង​រថយន្ត​ដឹក​ផ្លែ​ឈើបុក​មនុស្ស​ស្លាប់


បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​សង្ឃឹម​ថា តៃកុង​រថយន្ត​ដឹក​ផ្លែឈើ​ដែល​ពលរដ្ឋ​ចាប់​ប្រគល់ឲ្យ​ប៉ូលិស បន្ទាប់ពី​បើករថយន្ត​បុក​បុរស​ម្នាក់​បណ្ដាល​ឲ្យស្លាប់ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។

លោក ស៊ុត ហ៊ូរ នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​អូរជ្រៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តៃកុង​រថយន្ត​ដែល​មាន​ឈ្មោះ សៅ វិបុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​បន្ទាប់ពី​បើករថយន្ត​ម៉ាក​កាមរី​ស៊េរី​៩៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-1668 ដឹក​ផ្លែឈើ​ពេញ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត ហើយ​ដាច់​កង់​មុខ​រ៉េ​ទៅ​បុក​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ឈួ​ង​ អាយុ​៦៧​ឆ្នាំ ដែល​កំពុង​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ក្រោយ​កើតហេតុ​ការណ៍​នគរបាល​ស្រុក​អូរជ្រៅ​បាន​កសាង​សំណុំរឿង ​និង​បញ្ជូន​ជន​បង្ក​រូប​នេះ​ទៅ​ស្នងការ​នគរបាល​ខេត្ត​។

សូម​បញ្ជាក់​ថា ក្រុម​រថយន្ត​ដឹក​ផ្លែឈើ​ទាំងនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះ​គុណ​ខ្លាំងៗ​ថា តែង​បង្ក​ការ​ភ័យខ្លាច​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​នានា ពី​ប៉ោយប៉ែត​មក​ក្រុង​សិរីសោភ័ណ ទោះបីជា​ផ្លូវ​ចង្អៀត​យ៉ាងណាក៏ដោយ ក៏​ពួក​តៃកុង​រថយន្ត​ទាំងនេះ​បើក​លឿន​ដូច​ព្យុះ និង​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​ជា​ញឹកញាប់ លើស​ពី​នេះ​ទៀត​ស្នងការ​នគរបាល​ខេត្ត​ ក៏ដូចជា​អភិបាលខេត្ត បន្ទាយមានជ័យ​តែង​លើក​ពី​បញ្ហា​រថយន្ត​ទាំងនេះ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មាន​វិធានការ តែ​ហាក់ដូចជា​គ្មាន​ប្រយោជន៍​អ្វី​សោះ​។

ជា​មួយ​នឹង​ករណីនេះ ប្រជាពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច ឬ​តុលាការ​នឹង​ផ្ដន្ទាទោស​ជន​បង្ក​ដែល​ជា​តៃកុង​រថយន្ត​នេះ​ឲ្យ​ធ្ងន់​ទៅតាម​ច្បាប់​ ដើម្បី​ទុកជា​ការព្រមាន​ដល់​តៃកុង​រថយន្ត​ដឹក​ផ្លែឈើ ឬ​ដឹកទំនិញ​ដទៃទៀត​៕

អ​.​ពៅ ​

Post a Comment

0 Comments

Close Menu