Ad Code

លក់​ផ្កាកូឡាប​រប៉េះរប៉ោះ​នៅ​ក្រុង​សិរីសោភ័ណ​ និង​ក្រុង​ប៉ោយប៉ែត​ក្នុង​ថ្ងៃបុណ្យ​សង្សារ​


បន្ទាយមានជ័យ ៖ ថ្ងៃទី​១៤ ​ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបាន​ប្រជាជាតិ​ខ្លះ​ចាត់ទុកថា​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​នោះ នៅ​ក្រុង​សិរីសោភ័ណ​ និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ មាន​អ្នកលក់​ផ្កាកូឡាប​រប៉េះរប៉ោះ​ខ្លះ​ដែរ​នា​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងមក​។​ បើ​យោង​តាម​ប្រភព​យុវជន​-យុវនារី​ដែល​បំផុស​ចលនា​ឲ្យ​លើកកម្ពស់​ថ្ងៃបុណ្យ​តាម​លំនាំ​ពួក​បស្ចិម​ប្រទេស​ និង​សាសនា​យីស៊ូ​បាន​ឲ្យ​ដឹង​ថា ការ​លក់​ផ្កាកូឡាប​មានតែ​ក្នុង​ក្រុង​សិរីសោភ័ណ ​និង​ក្រុង​ប៉ោយប៉ែត​ប៉ុណ្ណោះ ហើយ​បរិមាណ​មាន​តិចតួច​ដែរ​។ ​ចំណែក​អ្នកលក់​ផ្កា​វិញ​និយាយ​ថា នៅពេល​ល្ងាច​ពុំ​មាន​អ្នកទិញ​ផ្កា​ច្រើន​​ដូច​ឆ្នាំមុនៗ​នោះ​ទេ​។​ តែ​នៅ​ព្រលប់​មាន​អ្នកទិញ​ច្រើន តែ​លក់​មិនបាន​ថ្លៃ​ដូច​ឆ្នាំ​ទៅ​ទេ​។​ ឯ​តម្លៃ​លក់​ក៏​ថោក​ជាង​មុន​ដែរ​។​ ប្រភព​បន្ថែម​ថា ទោះ​យ៉ាង​ណា​គេ​ឃើញ​ពួក​យុវជន​មកពី​តាម​ភូមិ​ជនបទ​ស្រុក​ស្រែចម្ការ​ច្រើន​ដែរ​ បាន​ជ្រួលជ្រើម​ឌុប​គ្នា​ជា​គូៗ​មក​កំសាន្ត​នៅ​ប្រជុំជន​ និង​នៅ​តាម​សួន​ក្នុង​ក្រុង​សិរីសោភ័ណ​ និង​ក្រុង​ប៉ោយប៉ែត​ ភាគ​ច្រើនជាង​យុវជន​-នារី​នៅ​តាម​ផ្សារ​ និង​ក្រុង​។ ​មានការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ថា​ ទិវា​នេះ​មិន​មែន​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​យើង​ទេ​ គឺជា​បុណ្យ​បស្ចិម​ប្រទេស​ទាំងស្រុង​។ មានការ​បំភ័ន្ត​ថា ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃ​ណាត់ជួប​រវាង​គូស្នេហ៍​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុម​គ្រួសារ ដោយ​ប្រព្រឹត្តទៅ​ទង្វើ​មិន​គប្បី​ប្រាសចាក​ពី​វប្បធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​សាសន៍​ខ្មែរ​៕

គង្គា​

Post a Comment

0 Comments

Close Menu