ភ្នំពេញ ៖ ស្របពេលដែលអាជីពជាតារាសំដែងក្នុងពេលបច្ចុប្បន្នកំពុងតែរដាក់រដុបដូចអូសឫស្សីបញ្ច្រាសចុងផងនោះ ដោយឡែកសម្រាប់រឿងរ៉ាវមនោសញ្ចេតនាស្នេហាវិញ ត្រូវបានតារាសំដែងកញ្ញា ផាន់ ស្រីរ័ត្ន ប្រាប់ថា ចំពោះរឿងនេះនៅមិនទាន់គិតដល់នៅឡើយទេ ជាពិសេសនាងក៏គ្មានបំណងប៉ងចង់បានគូគាប់នាពេលនេះ ឬបុរសៗដែលរស់នៅឯនាយសមុទ្រនោះដែរ។
ការដែលតារាសិល្បៈដ៏ស្រស់សោភាកញ្ញា ផាន់ ស្រីរ័ត្នអះអាងយ៉ាងដូច្នេះ ត្រូវបាននាងនិយាយទៀតថា ពេលនេះការងារសិល្បៈកំពុងតែដាំក្បាលចុះស្រាយមិនចេញដូចចំណងចងសម្លាប់មុខនោះ តើមានពេលវេលាឯណាទៅគិតដល់រឿងស្នេហា ណាមួយនាងទើបតែមានវ័យ២៥ឆ្នាំតែប៉ុណ្ណោះ ហើយចំពោះរឿងគូអនាគតនេះដែរគឺទុកឲ្យពេលវេលា និងព្រហ្មលិខិតជាអ្នកកំណត់ទៅចុះ!។ មូលហេតុដែលនាំឲ្យអាជីពសិល្បៈរបស់នាងគ្មានសន្ទុះទៅមុខនេះដោយសារតែមួយរយៈនេះរវល់ជាប់ដៃរកស៊ីបើកហាងលក់គ្រឿងក្រអូប និងលក់ខោអាវ ដូច្នេះហើយទើបធ្វើឲ្យសកម្មភាពសំដែងរបស់នាងថមថយស្ទើរតែធ្លាក់មកដល់លំដាប់បាតតារាងទៅហើយ បើប្រៀបធៀបនឹងតារាសិល្បៈស្រករៗនឹងនាងនោះ។
តារាសិល្បៈដែលមានបងស្រីបង្កើតជាតារាសំដែងល្បីឈ្មោះគួរសមបានចេញទៅរស់នៅអាមេរិកបាត់ទៅហើយនោះលើកឡើងថា តែទោះជាយ៉ាងណាក៏នាងគ្មានបំណងថានឹងបោះបង់អាជីពសិល្បៈចោលដែរ ដោយពេលនេះកំពុងតែខំប្រឹងពុះពារស្តាប្រជាប្រិយភាពឡើងវិញតាមរយៈការចេញសំដែងជាបន្តបន្ទាប់ដូចជាថតខ្សែភាពយន្ត ថតស្ប៉តផ្សាយពាណិជ្ជកម្ម និងថតសំដែងកាយវិការខារ៉ាអូខេជាដើម ហើយសង្ឃឹមថាមិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់នាងក្នុងសង្វៀនសិល្បៈនិងវិលទៅរកសភាពដើមវិញដូចកាលពីក្រោយឆ្នាំ២០០៨ ដែលនាងទើបហក់ចូលប្រឡូកលើវិថីសិល្បៈនោះ។
មហិច្ឆតាទៅថ្ងៃអនាគតកញ្ញា ផាន់ ស្រីរ័ត្ន និយាយថា បើមានលទ្ធភាពចង់ពង្រីកមុខរបររកស៊ីស្របនឹងអាជីពសិល្បៈឲ្យដើរទន្ទឹមគ្នា នៅពេលអ្វីដែលចង់បានសម្រេចសមតាមបំណងហើយនោះ ចាំងាកមកគិតដល់រឿងប្តីសីជាក្រោយក៏វាមិនទាន់ចាស់និងហួសពេលនោះដែរ។
គួរឲ្យដឹងដែរថា តារាសំដែងកញ្ញា ផាន់ ស្រីរ័ត្ន ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះតាំងពីឆ្នាំ២០០៨តាមរយៈការថតខ្សែវីដេអូខ្នាតធំមានដូចជា រឿង«សាកសពកំបុតក្បាល» រឿង«ប្រាំរយឆ្នាំចាំជាតិ»និងរឿងចុងក្រោយ «ផ្ការីកក្នុងចិត្ត» ដែលចាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍CTN និងរឿងជាច្រើនទៀតសរុបប្រមាណជាង១០រឿង រួមទាំងថតស្ប៉តផ្សាយពាណិជ្ជកម្មថតសំដែងកាយវិការខារ៉ាអូខេឲ្យផលិតកម្មក្នុងស្រុកនិងក្រៅស្រុកមួយចំនួនទៀត។ នាងមានបងប្អូន០៦នាក់(ស្រី០២ប្រុស០៣)ដែលមានទឹកដីកំណើតនៅខេត្តកំពង់ចាម៕
ឥន្ទ្រីយ៍ទេព
0 Comments