Ad Code

ឆេះ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ប្រមាណ​ជិត​១០​ហិកតា ត្រូវ​បាន​សមត្ថកិច្ច​ពន្លត់​ទាន់


សៀមរាប ៖ ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ដែល​ជា​តំបន់​ទេសចរ​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរ៉ឹង ដោយ​អាជ្ញាធរ​អប្សរា​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ប្រមាណ​ជិត​១០​ហិកតា ទើប​សមត្ថកិច្ច​ជួយ​ពន្លត់​បាន ហើយ​ករណីនេះ​មិន​មាន​នរណា​ម្នាក់​បានដឹង​ពី​មូល​ហេតុអ្វី​នោះ​ទេ។​

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ឧទ្យាន​អង្គរ​បាន​កើត​ឡើង​នៅ​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​អា​រ៉ា​ក់​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង​របស់​អង្គភាព​កងរាជអាវុធ​ហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត និង​អង្គភាព​អាជ្ញាធរ​អប្សរា​។ ប៉ុន្តែ​រថយន្ត​ជាច្រើន​គ្រឿង​ពុំបាន​បាញ់​ទឹក​ពន្លត់​ទេ ដោយសារ​កន្លែង​កើតហេតុ​មាន​ព្រៃ​ក្រាស់ៗ រថយន្ត​ពុំ​អាច​ចូល​ទៅ​បាន​។ ប៉ុន្តែ​ភ្លើង​ត្រូវ​បាន​រលត់​ទៅ​វិញ​ដោយសារ​កម្លាំង​មនុស្ស​កាច់​មែកឈើ ទៅ​វាយ​ពន្លត់​។​

ពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅមុន​ពេល​ភ្លើង​ឆេះ រូប​គាត់ និង​កូន​បានឮ​សំឡេង​ផ្ទុះ​ប្រាវៗ ដោយ​ស្លឹកឈើ និង​ឃើញ​ដុំ​ផ្សែង​បាញ់​ឡើងលើ ទើបបាន​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​។ ភ្លាមៗ ក៏​នាំ​កូនចៅ រួម​ទាំង​ព្រះសង្ឃ​ពីរ​អង្គ​ផង ដងទឹក​ទៅ​ពន្លត់ តែ​មិនបាន​ជោគជ័យ​ទេ ដោយ​សារ​អំណាច​ភ្លើង​កំពុង​ឆេះ​ពេញទំហឹង។

លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា ព្រៃ​ឧទ្យាន​អង្គរ ដែល​រង​ការខូចខាត​ដោយសារ​ភ្លើង​ឆេះ​ទាំងពីរ​កន្លែង​ក្បែរ​គ្នា គឺ​អស់​ប្រហែល​ជិត​១០​ហិកតា​។ ក្នុង​ការ​ឆាបឆេះ​នោះ​ពុំបាន​បំផ្លាញ​ផលដំណាំ ផ្ទះសំបែង សត្វពាហនៈ ឬ​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​នៅក្នុង​ហេតុការណ៍​នោះ​។

លោក​បាន​បញ្ជាក់​ថា រហូត​ពេល​ភ្លើង​រលត់​ទៅ​វិញ​អស់ទាំង​ស្រុង​ហើយ យើង​នៅតែ​មិនទាន់​រក​ឃើញ​ពី​មូលហេតុ​ពិត​នៅ​ឡើយ​ទេ តែ​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ អាច​មក​ពី​ភ្លើង​កន្ទុយបារី​របស់​អ្នកភូមិ​។ នា​ដើមឆ្នាំ​២០១៥​នេះ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ គឺ​ទើប​តែ​មាន​លើក​ទី​១​ទេ នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ដោយ​បាន​បំផ្លាញ​ព្រៃ​ឧទ្យាន​អង្គរ​អស់​ប្រមាណ​ជិត​១០​ហិកតា​៕

កុសល​


Post a Comment

0 Comments

Close Menu