Ad Code

ជនសង្ស័យ​២​នាក់​កាច់​សោ​.ក​ម៉ូតូ​នៅ​ខណ្ឌដង្កោ ​សមត្ថកិច្ច​ចាប់​ដឹក​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស​​


ភ្នំពេញ ៖ យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា ជនសង្ស័យ​កាច់​សោ​.ក​ម៉ូតូ​២​នាក់ ដែល​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក យឹម សុជាតិ អធិការ​ខណ្ឌដង្កោ​តាម​ស្រាវជ្រាវ​រហូត​ចាប់​ក្របួច​បាន​ក្នុង​រយៈពេល​ប្រមាណ​៤០​នាទី ក្រោយ​ពេល​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១៥​រសៀល​ ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ភូមិ​កំ​រែង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ សមត្ថកិច្ច​នឹង​ដឹក​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​ទទួល​បាន​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។​

ជនសង្ស័យ​ទាំង​២​នាក់ ទី​១​-ឈ្មោះ ស៊ុន លីន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ទី​២-ឈ្មោះ នូវ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.ក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-2964 របស់​ជនរងគ្រោះ​ឈ្មោះ សាន សុ​លាភ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំង​តា​ផូ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១៥​រសៀល​ ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ភូមិ​កំ​រែង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ខណៈ​ជនរងគ្រោះ​ចត​ម៉ូតូ​ទុក​ក្បែរ​ខ្លួន​ដើម្បី​ទិញ​សាប៊ូ លុះ​ធ្វើ​សកម្មភាព​បានសម្រេច​ហើយ​ពួកវា​បាន​ជិះ​គេចខ្លួន ប៉ុន្តែ​ដោយសារ​ការ​ស្រែក​ឆោឡោ​ពី​ជនរងគ្រោះ ទើប​កម្លាំង​ចេញ​ពួក​ស្ទាក់​ចាប់​ក្របួច​បាន​ម្នាក់​ឈ្មោះ ស៊ុន លីន ប៉ុន្មាន​នាទី​ក្រោយមក។ បន្ទាប់ពី​ការសាកសួរ​ទៅតាម​ជំនាញ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ក្នុង​រយៈពេល​៤០​នាទី​ប៉ុណ្ណោះ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ជនរងគ្រោះ​មកវិញ និង​ម៉ូតូ​ជនសង្ស័យ​០១​គ្រឿង​ម៉ាក​ស្តេ​ប​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ម៉ូតូ​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ពេល​រសៀល ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

​ ​រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu