Ad Code

ឆ្នាំ​២០១៤ ​ក្រសួង​ការងារ​រក​ឃើញ​សហគ្រាស​ប្រើ​កម្មករ​វ័យក្មេង​ និង​ពលកម្ម​កុមារ​ជិត​៥០​កន្លែង​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅ​ក្រសួង​បាន​រក​ឃើញ​សហគ្រាស​ប្រើប្រាស់​កម្មករ​វ័យក្មេង​ និង​ពលកម្ម​កុមារ​សរុប​ចំនួន​៤៦​កន្លែង។​

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឆ្នាំ​២០១៤ ​ក្រុមការងារ​អធិការកិច្ច​បាន​ចុះ​ធ្វើ​អធិការ​កិច្ច​សាមញ្ញ​ចំនួន​៦៣៣​លើក ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​១១០ ​និង​រោងចក្រ​ចំនួន​៦១៣​រោងចក្រ​។​ ក្នុងចំណោម​រោងចក្រ ​និង​ក្រុមហ៊ុន​ដែល​ក្រុមការងារ​អធិការកិច្ច​ចុះ​ធ្វើ​អធិការកិច្ច​នោះ​គេ​បាន​រក​ឃើញ​ថា​ មាន​សហគ្រាស​ប្រើប្រាស់​កម្មករ​វ័យក្មេង​ចំនួន​៣៣​ស្មើ​និង​ចំនួន​៣០០​នាក់ ​ក្នុង​នោះ​ស្រី​២៦៧​នាក់​ និង​សហគ្រាស​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ចំនួន​១៣​នាក់​ស្មើ​ និង​៤៦​នាក់​ស្រី​៤៣​នាក់។​

ពាក់ព័ន្ធ​បញ្ហា​នេះ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​និង​ស្បែកជើង​ដែល​នាំ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស​នៅ​តែ​មាន​នៅឡើយ​ តែ​នេះ​មិន​មែន​ជា​កំហុស​របស់​ភាគី​រោងចក្រ​នោះ​ទេ​គឺ​ដោយសារតែ​កម្មករ​ចង់បាន​ការងារ​ធ្វើ​បាន​បន្លំ​ឯកសារ​។​

លោក ​វ៉ាន់​ ស៊ូ​អៀង ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ពលកម្ម​កុមារ​នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​មួយ​គឺ​ការ​ក្លែងបន្លំ​ឯកសារ​របស់​កម្មករ​នៅពេល​ដាក់​ពាក្យសុំ​ធ្វើការ​។​ លោក​បន្ត​ថា ​«​តាមពិត​និយោជក​គ្មាន​ចេតនា​ជ្រើសរើស​ពលកម្ម​កុមារ​ចូល​បម្រើការ​ងារ​ទេ ​តែ​មាន​បញ្ហា​ការ​ក្លែង​ឯកសារ​សៀវភៅ​គ្រួសារ​អត្តសញ្ញាណប័ណ្ណ ​ដោយសារ​គាត់​ចង់បាន​ការងារ​ធ្វើ​។ ​ប៉ុន្តែ​ជា​ចេតនា​របស់​និយោជក​មិនដែល​ចង់បាន​ពលកម្ម​កុមារ​ទេវា​មិន​មាន​ចំណេញ​ទេ​។​ ព្រោះថា ​កាលណា​ប្រើ​ពលកម្ម​កុមារ​អ្នក​បញ្ជា​ទិញ​គេ​មិន​ទិញ​ទេ ​ធ្វើ​ឲ្យ​យើង​ខូចខាត​ច្រើនណាស់​»​។​

លោកស្រី​ ពេជ្រ ​ម៉ា​លីកា ​អ្នកគ្រប់គ្រង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ បាន​មានប្រសាសន៍ថា​រោងចក្រ​ដែល​ចុះ​ត្រួតពិនិត្យ​មិនបាន​គ្របដណ្ដប់​ទូទាំង​ប្រទេស​ទេ ​គឺ​អនុវត្ត​តែ​រោងចក្រ​ណា​ដែល​បាន​នាំចេញ​ប្រមាណ​ជាង​៥២៩​រោងចក្រ​។​ ក្នុង​នោះ​យើង​បាន​រក​ឃើញ​មាន​រោងចក្រ​ចំនួន​៣៤​ករណី​ក្នុង​ឆ្នាំ​២០១៤​ ដែល​បាន​ប្រើ​កម្លាំង​ពលកម្ម​កុមារ​។ ​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ កន្លងទៅ​ឃើញថា​ មានការ​ថយ​ចុះ​៣៣​ករណី​។​

លោកស្រី​បាន​បន្ត​ថា ​«​តែ​ទោះជា​យ៉ាងណា​ក៏​វា​នៅតែ​ជា​បញ្ហា​កង្វល់​ក្នុង​វិស័យ​ទាំងមូល​។​ដូចនេះ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ជា​យន្តការ​មួយ​អនុវត្ត​ទៅ​ឲ្យ​បាន​ស្រួល​ និង​មាន​ឯកសារយោង​ត្រឹមត្រូវ នេះ​ជា​ឆន្ទៈ​ខាង​សមាគម​និង​គម្រោង​»។​

ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​កាលពី​សៀ​ល​ថ្ងៃទី​១៨ ខែ​ធ្នូ​ នៅ​ទីស្ដីការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សមាគម​រោងចក្រ កាត់ដេរ នៅ​កម្ពុជា (GMAC) និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO)​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ វ៉ាន់​ ស៊ូ​អៀង ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជាមួយ​លោកស្រី ​ចា​នី​ កាស៊ី​មន​ ប្រធាន​គ្រប់គ្រង​គម្រោង​រោងចក្រ កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​ដោយមាន​ការចូលរួម​ធ្វើជា​សាក្សី​ពី​លោក​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

លោកស្រី ​ចា​នី​ កាស៊ី​មន ​ប្រធាន​គ្រប់គ្រង​គំរោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​វា​ជួយ​ពង្រឹង​បន្ថែម​ទៀត​រវាង​គម្រោង​ និង​សមាគម​ក្នុង​ការ​អនុវត្ត​លើ​កាត់បន្ថយ​ពលកម្ម​កុមារ​ក្នុង​វិស័យ​កាត់ដេរ​។​ រោងចក្រ​ណា​ប្រើ​កម្លាំង​ពលកម្ម​កុមារ ហើយ​មិនបាន​កែលំអ​យើង​នឹង​ដាក់​រោងចក្រ​នោះ​ទៅ​ក្នុង​វេ​ប​សាយ​របស់​យើង​។​

លោក​ អ៊ិត​ សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​កិច្ចប្រឹងប្រែង​យ៉ាង​ខ្លាំង​ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង​ទាំង​អស់​គ្នា​ថែមទៀត​ក្នុង​កិច្ចការពារ​កុមារ​ពី​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ និង​ពង្រីក​យន្តការ​ប្រឆាំង​ពលកម្ម​កុមារ​ក្នុង​វិស័យ​កម្មន្តសាល​ដែល​ជា​មុខព្រួញ​សេដ្ឋកិច្ច​ដ៏​ចំបង​មួយ​របស់​ប្រទេស​កម្ពុជា​។​ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ «​កិច្ច​ព្រមព្រៀង​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​លើក​កំពស់​លក្ខខណ្ឌ​ការងារ​ និង​ធានា​សុវត្ថិភាព​ការងារ​ដល់​ពលករ​វ័យ​ក្មេង​ដែល​ច្បាប់​អនុញ្ញាតិ​ឲ្យ​បម្រើ​ការងារ​ព្រមទាំង​កែលំអ​ការងារ​ប្រឆាំង​ពលកម្ម​កុមារ​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។​

លោក​រដ្ឋមន្ត្រី​បាន​ជូន​សារ​ដល់​រោងចក្រ​ទាំងអស់​សូម​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សូម​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​អត្តសញ្ញាណ​បើ​មិន​ច្បាស់លាស់​សូម​ជួន​ដំណឹង​មក​ក្រសួង​ដើម្បី​ឲ្យ​ក្រុម​អធិការកិច្ច​របស់​យើង​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ហើយ​ករណី​ចាំបាច់​មានការ​ពិនិត្យ​តាម​បែប​វេជ្ជសាស្ត្រ​ទៀត​ដើម្បី​ឲ្យ​ស្របតាម​ច្បាប់។​

រាជរដ្ឋាភិបាល​បាន​កំណត់​ថា ​នៅ​ឆ្នាំ​២០១៥​នេះ​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​ពលកម្ម​កុមារ​មក​នៅ​ត្រឹម​៨​ភាគរយ​ធានា​នូវ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ និង​បញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០១៦​ខាងមុខ៕

សំអឿន​

​ ​


Post a Comment

0 Comments

Close Menu