Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពល​រដ្ឋ​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​


ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វ​ង្យ និង​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាល​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​បើក​វេទិកា​សាធារណៈ​មួយ​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ជុំវិញ​ការ​ត​ទឹក​ឲ្យ​កម្មករ​រោងចក្រ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​តម្លៃថោក​នៅក្នុង​រាជធានី​ភ្នំពេញ ស្របតាម​ការ​ចង្អុល​បង្ហាញ​ពី​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​វេទិកា​នោះ​ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មាន​ផ្ទះ​ជួល​បាន​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន​ជាច្រើន​ដើម្បី​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ក៏ដូចជា​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ជួយ​ពួកគាត់​ពិសេស​លើ​ការ​ត​បណ្ដាញ​ទឹក​នេះ​តែម្តង​។ ​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​មិន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​ធ្វើ​មិនបាន​នោះ​គឺ​មកដល់ពេលនេះ​ពួកគាត់​មិន​ទាន់​មាន​បណ្ដាញ​ទឹក​រដ្ឋ​ប្រើប្រាស់​នូវ​ឡើយ​ទេ តើ​ពួកគាត់​បញ្ចុះតម្លៃ​ទឹក​ឲ្យ​បងប្អូន​កម្មករ​ដែល​ជួល​ផ្ទះ​គាត់​ស្នាក់នៅ​យ៉ាងម៉េច​កើត។ ប្រជាពលរដ្ឋ​ខ្លះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា កម្មករ​ជួល​ផ្ទះ​គាត់​ស្នាក់នៅ​ជាច្រើន​បន្ទប់ ហើយ​គាត់​ប្រើប្រាស់​កុងទ័រ​ទឹក​តែមួយ​ពី​រដ្ឋ ហើយ​នៅ​ពេល​ពួកគាត់ ត​កុង​ទ័​រដែ​ល​ទិញ​ពី​ផ្សារ​ទៅ​ត​ដាក់កុង​ទ័​រ​បន្ត​ទៅតាម​បន្ទប់​នីមួយៗ​ និង​ម្យ៉ាងទៀត​ស្រប​ពេល​ដែល​បងប្អូន​កម្មករ​គាត់​បង្ហូរទឹក​បន្តក់​តក់ៗ​គ្រប់​បន្ទប់​ថែមទៀត​នោះ​គឺ​គាត់​មិន​ចំណេញ​ពី​ទឹក​នោះ​ទេ ពួកគាត់​ចង់​ឲ្យ​រដ្ឋ​ត​ខ្លួនឯង​ឲ្យ​កម្មករ​តែម្តង ខណៈ​ពេល​ដែល​រដ្ឋ​មិនអាច​ធ្វើការ​ត​ទឹក​តាម​បន្ទប់​នីមួយៗ​ឲ្យ​កម្មករ​បាន។​

លោក ស៊ឹម ស៊ីថា បាន​មាន​ប្រសាសន៍​ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​៤៣​មូលដ្ឋាន​ហើយ​ដែល​ពួកគាត់​ស្ម័គ្រ​ចិត្ត​ និង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​យើង​ជុំវិញ​ការ​លក់​ទឹក​បន្ត​ទៅ​ឲ្យ​កម្មករ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​តម្លៃថោក​១.២០០​រៀល​ក្នុង​១​ម៉ែត្រគូប​ ស្រប​ពេល​ដែល​រដ្ឋ​បានសម្រេច​ចិត្ត​លក់​ទៅ​ឲ្យ​ពួកគាត់​១.០៣០​រៀល​ក្នុង​១​ម៉ែត្រគូប​នោះ ហើយ​ប្រជាពលរដ្ឋ​ម្ចាស់​ផ្ទះ​ជួល​ទាំងនោះ​រួមមាន ខណ្ឌចំការមន​១​មូលដ្ឋាន​ស្មើនិង​៤០​បន្ទប់ ខណ្ឌដង្កោ​១៦​មូលដ្ឋាន​ស្មើនិង​១៨៣​បន្ទប់ ខណ្ឌ​សែន​សុខ​២៦​មូលដ្ឋាន​ស្មើនិង​៥៤៣​បន្ទប់ សរុប​ទាំង​៤៣​មូលដ្ឋាន​នេះ​ស្មើនិង​៧៧០​បន្ទប់​។​ លោក​បន្ត​ថា ក្នុង​តម្លៃ​ដែល​បាន​បញ្ចុះ​នេះ​ក្នុង​មួយឆ្នាំ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​បង់​ប្រាក់ចំណូល​ប្រមាណ​៨៧០​លាន​រៀល​ ឬ​ស្មើនិង​២០​ម៉ឺន​ដុល្លារ ជាមួយនឹង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​ចំណាយ​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​បន្ថែម​ទៀត​សម្រាប់​ត​ទឹក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​១០០​សហគមន៍​នៅក្នុង​រាជធានី​ភ្នំពេញ។​


លោក ប៉ា សុជាតិ​វ​ង្យ បាន​មានប្រសាសន៍ថា រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​ត​បណ្ដាញ​ទឹក​ស្អាត​នេះ ​យើង​ត្រូវ​ប្រើប្រាស់​ពេល​យូរ​បន្តិច​ក្នុង​ការ​ដោះស្រាយ ដោយសារតែ​រាជធានី​ភ្នំពេញ​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​និង​កំណើន​ប្រជាពលរដ្ឋ​មកពី​បណ្ដាល​ខេត្ត​កាន់​តែ​ច្រើន​នោះ​។​ លោក​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ជាធំ​ចំពោះ​បងប្អូន​កម្មករ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។​

លោក​ ហែម ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​ស្ថិតិ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​សង្កាត់​ទាំង​១០ និង​១៤៧​ភូមិ មាន​០១​សង្កាត់​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ភូមិ គឺ​សង្កាត់​ត្រពាំង​ក្រសាំង ចំណែកឯ​សង្កាត់​ចំនួន​៣​ទៀត គឺ​ភ្លើង​ឆេះ​រទេះ បឹង​ធំ និង​ឪឡោក ពុំ​ទាន់​មាន​បណ្ដាញ​ទឹក​ស្អាត​រដ្ឋ​ប្រើប្រាស់​ទាំងស្រុង​។ ចំពោះ​ភូមិ​នៅក្នុង​សង្កាត់​នីមួយៗ ដែល​ពុំ​ទាន់​មាន​បណ្ដាញ​ទឹក​ស្អាត​រដ្ឋ​ប្រើប្រាស់​មាន​ចំនួន​៨៤​ភូមិ ក្នុង​នោះ​រួមមាន ៖ ១. សង្កាត់​ត្រពាំង​ក្រសាំង មាន​ទឹក​ស្អាត​ប្រើប្រាស់​១៣​ភូមិ លើ​១៣​ភូមិ​។ ២. សង្កាត់ កា​កាប មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​០៧​ភូមិ នៅ​ខ្វះ​ចំនួន​២​ភូមិ (​មួយ​ផ្នែក​នៃ​ភូមិ​) ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងជើង​ផ្លូវ​រថភ្លើង​។ ៣. សង្កាត់ ចោមចៅ មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​២៥​ភូមិ នៅ​ខ្វះ​ចំនួន​២​ភូមិ (​រដ្ឋាករទឹក​សន្យា​គាំទ្រ​គម្រោង​ក្នុង​ពេល​សមាហរណកម្ម​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៥​នេះ )​។ ៤. សង្កាត់ សំរោងក្រោម​មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​០៧​ភូមិ នៅ​ខ្វះ​ចំនួន​៤​ភូមិ។ ៥. សង្កាត់ កន្ទោក​មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​០២​ភូមិ នៅ​ខ្វះ​ចំនួន​១១​ភូមិ។ ៦. សង្កាត់ កំបូល​មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​០៧​ភូមិ នៅ​ខ្វះ​ចំនួន​១១​ភូមិ​។​

. សង្កាត់ ស្នោរ មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​០២​ភូមិ នៅ​ខ្វះ​ចំនួន​១៦​ភូមិ​។ ៨. សង្កាត់​ភ្លើង​ឆេះ​រទេះ​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​ទាំង​០៨​ភូមិ។ ៩. សង្កាត់​ភ្លើង​បឹង​ធំ​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទាំង​១៦​ភូមិ​។ ១០. សង្កាត់​ភ្លើង​ឪឡោក​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​ទាំង​១៤​ភូមិ​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu