Ad Code

ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ នឹង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប​


សៀមរាប ៖ អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​ នឹង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៥​របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដែល​បាន​ដំណើរការ​រយៈពេល​១​ថ្ងៃ​កន្លះ​ទៅតាម​កម្មវិធី​របៀប​វារៈ​ដែល​បាន​គ្រោងទុក ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​រួចមក ត្រូវ​បាន​ធ្វើ​ពិធី​បិទ​អង្គសន្និបាត ក្រោម​អធិបតីភាព​លោក លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។​

ក្នុង​កិច្ច​ស្វាគមន៍ និង​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​អង្គសន្និបាត​នោះ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក៏បាន​គូសបញ្ជាក់​អំពី​លទ្ធផល​ដែល​ទទួល​បាន​ពី​អង្គ​សន្និបាត តាមរយៈ​នៃ​កិច្ចពិភាក្សា​តាម​ក្រុម សម្រាប់​យក​ទៅ​អនុវត្ត​បន្ត​នូវ​រាល់​ភារកិច្ច​ការងារ​ដែល​សេសសល់​ពី​ឆ្នាំ​២០១៤ និង​ការអនុវត្ត​ភារកិច្ច​ចម្បង​សម្រាប់​ឆ្នាំ​២០១៥ សំខាន់​លើ​ការពិនិត្យ​ដោះ​ស្រាយ​នូវ​រាល់​ធាតុ​ចូល​ទាំង​ប៉ុន្មាន ដែល​រក​ឃើញ​តាម​កិច្ចពិភាក្សា​ទៅ​តាម​ប្រធានបទ​។ លោក ឃឹម ប៊ុន​សុង បាន​គូស​បញ្ជាក់​ថា ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​នៃ​ការ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ ម្យ៉ាងទៀត​គោលដៅ​សំខាន់​ក្នុង​ការ​ប្រមូល​ផ្ដុំ​សក្ដានុពល​ធនធាន​ក្នុង​ខេត្ត​ដើម្បី​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍ ការកែទម្រង់​របៀបរបប​ការងារ​លើ​គ្រប់​វិស័យ​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅ​ជំរុញ​លើកស្ទួយ​សេដ្ឋកិច្ច​សង្គម ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ និង​ដើម្បី​បន្ត​គាំទ្រ​អនុវត្ត​ឲ្យ​បាន​ផុលផុស​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លទ្ធផល​នៃ​កិច្ចពិភាក្សា​របស់​អង្គសន្និបាត ដើម្បី​ធ្វើការ​កែលំអ​សម្រាប់​ការអនុវត្ត​ការងារ​បន្ត​ក្នុង​ឆ្នាំ​២០១៥​នេះ​។ ក្នុង​នោះ​ដែរ លោក​ក៏បាន​លើក​នូវ​សំណូមពរ​មួយ​ចំនួន​ដល់​ក្រសួងមហាផ្ទៃ​ផង​ដែរ​។

មានប្រសាសន៍​បិទ​អង្គសន្និបាត​នោះ​ដែរ លោក​ លេង ​វី ក៏បាន​ធ្វើការ​គាំទ្រ​នូវ​លទ្ធផល​ដែល​អង្គសន្និបាត​ទទួល​បាន ព្រមទាំង​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ខេត្តសៀមរាប​ក្នុង​ការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ សំខាន់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ចការ​អភិវឌ្ឍន៍​លើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្ត​សៀមរាប​។ លោក​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​នយោបាយ​សង្គម និង​សេដ្ឋកិច្ច គឺ​ពិតជា​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា ដើម្បី​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រជាជាតិ និង ប្រជាជន​កម្ពុជា​។ លោក​ក៏បាន​គូស​បញ្ជាក់​ថា​ ទោះបី​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ វា​មិនមែនជា​គោល​ដៅ​ចម្បង​នៃ​ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម កូដកម្ម តែ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​ប្រជាជន​បាន​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព សង្គម និង សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ កិច្ច​សហការ សម្របសម្រួល ក្នុង​ការ​ដោះស្រាយ​បាន​ល្អ ដែល​បាន​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​ចុះ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣​និង​ការ​បង្ក្រាប​បទល្មើស​នា​នា​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។​ ក្នុង​ឱកាស​នោះ​លោក​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​ការងារ​សំខាន់ៗ​មួយចំនួន​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ខេត្តសៀមរាប ព្រមទាំង​បាន​លើក​ឡើង​ពី​ការងារ​ជាក់ស្តែង​មួយចំនួន​ដើម្បី​ជា​មូលដ្ឋាន​ធ្វើ​ឲ្យ​ខេត្ត​សម្រេច​បាន​នូវ​ទិសដៅ​ការងារ​របស់ខ្លួន ក៏ដូចជា​ការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា សំខាន់ ការ​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ការគ្រប់គ្រង​វត្តមាន មក​បំពេញការងារ​របស់​មន្ត្រីរាជការ ព្រមទាំង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ថែរក្សា ពង្រឹង សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការ​បង្កា ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នានា​ដែល​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​បន្ត​យកចិត្ត​ដោះស្រាយ​ជម្លោះដីធ្លី ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​គោល​ការណែនាំ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ធ្វើការ​កែលំអ​ការ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ដល់​ប្រជាជន និង ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ ​វិសហមជ្ឈការ និង​ការ​លើក​កម្ពស់​ការគ្រប់គ្រង ការចាត់ចែង​ប្រើប្រាស់​មូលនិធិ​ក្រុង ស្រុក ឃុំ សង្កាត់ ថវិកា​គុណប្រយោជន៍​ខេត្ត​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង សុចិចរិត​ភាព និង ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង រដ្ឋបាល​ខេត្ត​ត្រូវ​បន្ត​យកចិត្ត​គាំទ្រ​ សម្របសម្រួល ផ្តល់​ឱកាស​សម្រាប់​ការងារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​ជា​វិស័យសេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ខេត្ត​។ លោក​ក៏បាន​លើ​ពី​បញ្ហា​ពាក់ព័ន្ធ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​ត្រូវ​ប្រជាជន​ក្រីក្រ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​។ ​ក្នុង​នោះ​លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ផង​ដែរ​ដល់​អង្គសន្និបាត​ទាំងមូល ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ រដ្ឋបាល​ខេត្ត ត្រូវ​បន្ត​ពង្រឹងស្មារតី សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ក្នុង​ការ​អនុវត្ត​ការងារ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន សំដៅ​រួមគ្នា​អភិវឌ្ឍន៍​ខេត្តសៀមរាប​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅ​អនាគត​ទៀត​ផង​៕

គឿន​វ៉េ​ត​


Post a Comment

0 Comments

Close Menu