Ad Code

ទាញ​ដំបង​វ៉ៃ​មនុស្ស​ពេញ​ភូមិ​ ព្រោះ​ខឹង​បាត់​លី​អូ​និង​អាវទ្រនាប់​ប្រពន្ធ​


បាត់ដំបង ៖ មន្ត្រី​ប៉េអិម​មួយ​រូប​ដែល​មាន​លក្ខណៈ​ស្រវឹង​ជោកជាំ​ បាន​ទាញ​ដំបង​ដើរ​វ៉ៃ​មនុស្ស​ប្រមាណ​ជាង​១០​នាក់ ​ទោះបីជា​អ្នក​ទាំងនោះ​មាន​ផ្ទៃពោះ ​ឬក៏​ជា​កុមារ​ទើបតែ​មាន​អាយុ​ជាង​មួយឆ្នាំ​ក៏ដោយ​ គឺ​គេ​បាន​ប្រព្រឹត្ត​ឡើង​ទាំង​កំរោល​ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រមាណ​២​រសៀល ត្រង់​ចំណុច​សំណង់​អនាធិបតេយ្យ ​ក្នុង​ស្ថានីយ​រថភ្លើង​(​រ៉ា​ជង្រុក​) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ បន្ទាប់ពី​មន្ត្រី​ប៉េអិម​រូប​នេះ​ខឹង​បាត់​ខោ​លី​អូ ​និង​អាវទ្រនាប់​របស់​ប្រពន្ធ​ដែល​ហាល​នៅ​ខាងក្រៅ​ផ្ទះ។​

ជួប​ជាមួយ​កម្ពុ​ជាថ្មី​នៅក្នុង​ស្ថានីយ​រថភ្លើង មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​មក​ចោមរោម​

ព្រមទាំង​បាន​រៀប​រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ពួកគេ​ទាំងអស់គ្នា​កំពុង​អង្គុយលេង​ដោយ​មិនបាន​ដឹងខ្លួន​អ្វី​ទាំងអស់ រំពេច​នោះ​ស្រាប់​តែ​មាន​មន្ត្រី​ប៉េអិម​ខេត្ត​មួយ​រូប​ឈ្មោះ ម៉ន ហៅ​ប្រុស ជា​មន្ត្រី​​ប៉េអិម​ខេត្ត​នៅក្នុង​មន្ទីរ​ស្រាវជ្រាវ ដោយមាន​ផ្ទះ​ជួល​នៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែម្តង ​ព្រមទាំង​មាន​ចម្ងាយ​ពី​ស្ថានីយ​រថភ្លើង​ប្រហែល១៥០​ម៉ែត្រ និង​បក្ខពួក​ម្នាក់ទៀត ដែល​មាន​លក្ខណៈ​ស្រវឹង​ផង​នោះ បាន​ជិះ​ម៉ូតូ​ចូល​មក​ក្នុង​ស្ថានីយ​រថភ្លើង​ដោយ​មិនបាន​និយាយ​ស្តី​ឬ​សួរនាំ​អ្វី​ឡើយ​ គឺ​គេ​បាន​ទាញ​ដំបង​ប្រវែង​ជាង​មួយ​ម៉ែត្រ​មក​ដេញ​វ៉ៃ​មនុស្ស​ មិន​ថា​ក្មេង​ ឬ​ចាស់​ឡើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ក្នុងចំណោម​មនុស្ស​ប្រមាណ​ជាង​១០​នាក់​គឺ​មាន​កុមារ​តូចៗ​ដែល​មាន​អាយុ​ជាង​មួយឆ្នាំ និង​នារី​ដែល​មាន​ផ្ទៃពោះ​ជាង​២​ខែ​ម្នាក់​ផង។​

ប្អូនប្រុស ផល សា​វ័​ន្ត អាយុ​១៩​ឆ្នាំ ដែល​ជា​ជនរងគ្រោះ​ដែរ​នោះ​បាន​រៀបរាប់​ថា ពេល​ដែល​

លោក​ប៉េអិម​នោះ​មក​ដល់ បាន​វាយ​មក​លើ​ខ្លួន​ទាំង​មិនដឹង​រឿង​អ្វី​ទាំងអស់​គឺ​ត្រូវ​យ៉ាងដំណំ ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​ប្រពន្ធ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ ផល អ៊ឺត អាយុ១៧​ឆ្នាំ ​ដែល​នាង​មាន​ផ្ទៃពោះ​ជាង​២​ខែ​ផង​នោះ​បាន​ស្ទុះ​មក​ជួយ និង​សុំ​អង្វរ​កុំ​ឲ្យ​គេ​វាយ​តទៅទៀត តែ​ត្រូវ​លោក​ប៉េអិម​រូប​នោះ​វាយ​ត្រូវ​១​ដំបង​កណ្ដាល​ក្បាល ហើយ​លើកជើង​អុក​មួយ​ជង្គង់​ថែមទៀត​ចំ​ដើមទ្រូង​បណ្ដាល​ឲ្យ​ដួលសន្លប់​បាត់​មាត់​ឈឹង​តែម្តង រួច​ទើប​គេ​ដើរទៅ​វាយ​អ្នក​ដទៃទៀត​ដែល​ក្នុង​នោះ​គេ​បាន​វាយ​ចំ​ជើង​ក្មេង​ដែល​មាន​អាយុ​ជាង​មួយឆ្នាំ​ឡើង​ជាំ​ ព្រមទាំង​បាន​ចាប់ជើង​ទាំងពីរ​បំរុង​បោក​ទៅ​នឹង​ដី​ថែមទៀត ប៉ុន្តែ​ត្រូវ​បាន​ម្តាយ​លើកដៃ​សំពះ​អង្វរ​កុំ​ឲ្យ​ធ្វើបាប​កូន​ដែល​នៅ​តូច​មិនទាន់​ដឹង​ខ្យល់​អ្វី​សោះ​នោះ​ ទើប​ជន​កំណាច​នេះ​ទាត់​ទៅលើ​ម្តាយ​វិញ​បណ្ដាល​ឲ្យ​ដួល​ទៅ​នឹង​ដី​។​

នៅក្នុង​រយៈពេល​ជិត​មួយ​ម៉ោង​ដែល​មន្ត្រី​ប៉េអិម​រូប​នេះ​បាន​ធ្វើ​សកម្មភាព​វាយ​មនុស្ស​ពេញ​ភូមិ​ដោយ​គេ​បាន​ឈរ​ស្រែក​ថា ​អាណា​មិន​សុខចិត្ត ចង់​ប្ដឹង​អញ្ជើញ​តាមចិត្ត ហើយ​ពួក​អ្ហែង​ទាំងអស់គ្នា​ប្រយ័ត្ន​អញ​យក​ឡាន​មក​ដឹក​យក​ទៅ​ទាំងអស់ ដោយសារតែ​ពួក​អ្ហែង​នេះ​ដើរ​រើស​អេត​ចាយ ហើយ​ហ៊ាន​លួច​ខោអាវ​របស់​គេ​ទៀត ព្រោះ​ថ្មីៗ​នេះ​ប្រពន្ធ​របស់​អញ​បាន​បាត់​ខោ​លី​អូ ​និង​អាវ​ទ្រនាប់​ដែល​ដាក់​ហាល​នៅ​ខាងក្រៅ​ផ្ទះ​គឺ​គ្មាន​អាណា​លួច​ក្រៅពី​ពួក​អ្ហែង​ហ្នឹង​ទេ​។​

បញ្ហា​នេះ​ដែរ​ក៏​មាន​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ជាច្រើន​ដែល​គេ​បាន​ចោទ​សួរ​ថា ក្នុងនាម​ជា​មន្ត្រី​ប៉េអិម​មួយ​រូប​ដែល​ជា​អ្នក​កាន់​ច្បាប់ ហើយ​ហ៊ាន​ដើរ​ចោទ​គេ​ចោទ​ឯង​ដោយ​គ្មាន​ភស្តុតាង​បែបនេះ តើ​ត្រឹមត្រូវ​ដែរ​ឬទេ​? មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ដើរ​វ៉ៃ​មនុស្ស​ទាំង​តូច​ទាំង​ធំ​គ្មាន​ការ​សួរ​នាំ​ឲ្យ​បាន​ច្បាស់លាស់​ទាល់តែសោះ​។​

បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​

ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត លី ឡូត ប្រចាំ​នៅ​មន្ទីរ​ពហុ​ព្យាបាល (វិសាល​សុខ​) បាត់ដំបង​ធ្វើការ​បំភ្លឺ​ថា​ជា​សំណាងល្អ​ដែល​កូន​នៅក្នុង​ផ្ទៃ​មិន​មាន​ការ​ប៉ះពាល់​ ព្រោះ​ក្រោយពី​មានការ​ឆ្លុះ​អេកូ​ត្រួតពិនិត្យ​

ឃើញថា​បេះដូង​របស់​ទារក​មាន​ចង្វាក់​១៦០​ក្នុង​មួយ​នាទី​ជា​ធម្មតា ​ដោយ​ប៉ះពាល់​តែ​លើ​រាងកាយ​

របស់​ម្តាយ​តែប៉ុណ្ណោះ ហើយ​នាង​ក៏​មិនបាន​ទាមទារ​អ្វី​ឲ្យ​ធ្ងន់ធ្ងរ​ដែរ​ ដោយ​គ្រាន់តែ​ឲ្យ​ជន​បង្ក​ជួយ​ចេញថ្លៃ​ព្យាបាល​ទៅ​បាន​ហើយ នេះ​ជា​សំដី​ដែល​នាង​បាន​និយាយ​នៅពេល​ដែល​មាន​សមត្ថកិច្ច​

ប៉ូលិស​ចុះទៅ​សាកសួរ​ព័ត៌មាន​ដល់​មន្ទីរពេទ្យ​ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ក្រោយពី​មាន​មន្ត្រី​ប៉េអិម​ដទៃទៀត​ចុះ​មក​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទាយ ​វា​ហាក់បីដូចជា​នាំ​យក​ចេញ​ពី​កន្លែង​កើតហេតុ​ដើម្បីឲ្យ​ផុត​ពី​ការចោទប្រកាន់​តែប៉ុណ្ណោះ ​ដោយ​ពុំបាន​ដាក់ទោស​ទណ្ឌ​អ្វី​ទៅលើ​បុគ្គល​នេះ​ឡើយ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​ តើ​រឿង​នេះ​លោក​ព្រះរាជអាជ្ញា​បាន​ជ្រាប​ដែរ​ឬ​អត់​នោះ​ទេ​។ បើ​លោក​បាន​ជ្រាប​គួរ​ណាស់​តែ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​នេះ​ចូល​ទៅ​បំភ្លឺ​តាមផ្លូវ​ច្បាប់​ទើប​ពិតជា​ត្រឹមត្រូវ និង​ជា​អ្នក​កាន់​យុត្តិធម៌​យ៉ាង​ពិតប្រាកដ​៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu