Ad Code

អ៊ុំ ចំរើន ​ប្រកួត​លែងកើត​ ដោយសារ​ រឿ​ម វណ្ណៈ អុក​ជង្គង់​ត្រូវ​ពង​២​ដង​


ភ្នំពេញ ៖ ការប្រកួត​រវាង​អ្នក​ប្រដាល់ ​រឿ​ម វណ្ណៈ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ មិន​ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​ប្រកាស​លទ្ធផល​ឈ្នះ​ចាញ់​នោះ​ទេ ក្នុង​ការ​ប្រកួត​គ្នា​លើ​សង្វៀន TV3 ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​។​

មូលហេតុ​ដែល​មិន​ប្រកាស​លទ្ធផល​នេះ ដោយសារ​ រឿ​ម វ​ណ្ណះ​ បាន​អុក​ជង្គង់​ត្រូវ​ពង​របស់ ​អ៊ុំ ចំរើន ដល់​ទៅ​២​ដង​ បណ្ដាល​ឲ្យ ​ចំរើន​ ប្រកួត​លែងកើត​។ ក្នុង​ការ​ប្រកួត​ទឹក​ទី​២ វណ្ណៈ​ បាន​អុក​មួយ​ជង្គង់​ចំ​ពង​ ចំរើន​ម្ដង​ហើយ​ ធ្វើ​ឲ្យ​ ចំរើន​ចុក​រមួល​។ មកដល់​ទឹក​ទី​៣ វណ្ណៈ​ អុក​មួយ​ជង្គង់​ទៀត ធ្វើ​ឲ្យ ចំរើន​ចុក​រហូត​ប្រកួត​លែងកើត​។​

ស្ថានភាព​បែបនេះ គណៈកម្មការ​វិនិច្ឆ័យ​សម្រេចចិត្ត​បញ្ចប់​ការប្រកួត​ត្រឹម​ទឹក​ទី​៣ ដោយ​មិន​ប្រកាស​លទ្ធផល​តែម្តង​។ ចំណែក​អ្នក​ប្រដាល់​ ជ័យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ឡើង​មក​សង​សឹក​ជាមួយ​អ្នក​ប្រដាល់ ​រឿង សា​រ័ត្ន ក្លិប​កងពល​ទ័ព​ឆ័​ត្រ​យោង​៩១១​នោះ មិន​ត្រឹមតែ​មិនបាន​សម្រេច​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ រឿង សា​រ័ត្ន​ទាត់​មួយ​ជើង​ចំ​កញ្ចឹង.ក​សន្លប់​ទឹក​ទី​១ ទៀត​ផង​។​

ជ័យ វណ្ណៈ សន្លប់​ដោយសារតែ​គេ​ប្រហែស និង​មិនបាន​ចាប់អារម្មណ៍​ថា​ក្នុង​ទឹក​ទី​១​នេះ រឿង សា​រ័ត្ន​ ចាប់ផ្តើម​វាយប្រហារ​ខ្លាំង​បែបនេះ ទើប​គេ​មិនបាន​ប្រយ័ត្ន​ធ្វើឲ្យ​ សា​រ័ត្ន ទាត់​ត្រូវ​កញ្ចឹង.ក បែប​នេះ​។ តាម​កម្រិត​បច្ចេកទេស​របស់​ ជ័យ វ​ណ្ណះ ដែល​មាន​បទពិសោធន៍​ជោគជាំ​លើ​សង្វៀន ហើយ​ណាមួយ​គេ​ជា​ជើងចាស់​ថែមទៀត មិន​គួរ​បើ​ភ្លាត់ស្នៀត​ត្រូវ​ រឿង សា​រ័ត្ន ដែល​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​វាយ​សន្លប់​ក្នុង​ទឹក​ទី​១​បែបនេះ​ទេ​។​

អ៊ុង ស៊ីណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ឈ្នះ​ សេង កំសត់ អ្នក​ប្រដាល់​ក្លិប​គី​សែន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។ ២​នាក់​នេះ ប្រកួត​គ្នា​យ៉ាង​តឹងតែង​បំផុត​ក្នុង​ការ​ប្រកួត​ប្រាំ​ទឹក​នោះ​។​

សេង កំសត់ គេ​ចាញ់​ជង្គង់​របស់​ ស៊ីណា ដែល​ព្យាយាម​ចូល​ចាប់​វាយ​ជង្គង់​នោះ ព្រោះ​បើ​វាយ​ប្រយោល​ ស៊ីណា​ ពិបាក​ស៊ី​កំសត់​ដែរ ព្រោះ​កំសត់​បន្លាស់​ទី​ចុះឡើងៗ ហើយ​បាន​ដាល់​និង​ទាត់​ទៅលើ​ ស៊ីណា ​ត្រូវ​មិន​តិច​ដែរ​ទេ បើ​កុំ​តែ ​ស៊ីណា​ មាន​ប្រតិកម្ម​រហ័ស​ប្រើ​ស្នៀត​ជង្គង់​ទាន់​នោះ កុំ​អី​អាច​ចាញ់​ពិន្ទុ​កំសត់​ផង​ក៏​មិនដឹង​។​

ថន រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន វាយ​ឈ្នះ​ ផាន ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​។

រ៉ា​ឌី ដែល​ចាញ់​កម្ពស់​ផាត់​យុទ្ធ​នោះ គេ​បាន​ព្យាយាម​សម្រុក​វាយ​ប្ដូរ​កណ្ដាប់ដៃ និង​ទាត់​រហូត ធ្វើឲ្យ ​ផាន ផាត់​យុទ្ធ មានប្រៀប​ចាញ់​។ តែ​យ៉ាងណា ថន រ៉ា​ឌី ក៏​ត្រូវ​ឈឺខ្លួន​មិន​ស្ទើរ​ដែរ​ទេ ដោយសារ​ជើង​ និង​ជង្គង់​របស់ ​ផាត់ ​យុទ្ធ​។

អ្នក​ប្រដាល់​ជើង​ថ្មី ភិន សុទី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ ប្រើ​កណ្ដាប់ដៃ​ផ្ដួល​ ខឿន ឡាក់​គី អ្នក​ប្រដាល់​ជើង​ថ្មី​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​៕

វិ​សិទ្

Post a Comment

0 Comments

Close Menu