Ad Code

ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​៣​នាក់​រង​របួស​ជា​ទម្ងន់​


ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នក​បើក​ទាំង​សង​ខាង​រង​របួសធ្ងន់ ចំណែក​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ​រង​បួស​ជា​ទម្ងន់​ផង​ដែរ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​០៦​និង​១០​នាទី ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ស្ថិត​ក្នុង​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ដែល​រង​របួស​ខ្លាំង​ជាង​គេ ក្នុង​ហេតុការណ៍​នេះ មាន​ឈ្មោះ ​ហួ សៀង​ឡៃ ភេទ​ប្រុស​ អាយុ​ជាង​២៣​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ​ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ សេរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1B .20 65 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។

ប្រភព​បន្ត​ថា ចំណែក​ជន​បង្ក​ដែល​រង​របួស​ធ្ងន់ធ្ងរ​​នោះ មាន​ឈ្មោះ ​ទឿ​ង ភាព ​ភេទ​ប្រុស អាយុ​ជាង​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជំទប់​មាន់ ឃុំ​ជំទប់​មាន់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដោយឡែក​មិត្តភ័ក្ដិ​ដែល​ជិះ​ពីក្រោយ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ គ្រាន់​តែ​ដឹង ​ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​ជាងសំណង់ មកពី​ខេត្ត​កំពង់ស្ពឺ​ដូចគ្នា​ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1A 95 59 បើក​បញ្ច្រាស​ទិស​គ្នា​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​។​

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០០៨​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​កន្លែង​កើតហេតុ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​សេ​១២៥ សេរី​ឆ្នាំ​២០១៤ ជិះ​គ្នា​២​នាក់​បើក​ក្នុង​ល្បឿន​លឿន ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​រងគ្រោះ។

សាក្សី​បន្ត​ថា លុះ​មកដល់​ចំណុច​កើតហេតុ ម៉ូតូ​បង្ក​បាន​បើក​គេច​ជង្ហុក ហើយ​រេ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ បុក​ចំ​ចំហៀង​ម៉ូតូ​រងគ្រោះ​ពេញទំហឹង​តែម្តង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំង​២​រង​របួស​សន្លប់​បាត់ស្មារតី រីឯ​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​បង្ក​បាន​រង​របួស​ជា​ទម្ងន់​ផង​ដែរ​។ ក្រោយ​កើត​ហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​រង់​ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

ឧ​ត្ត​រ៉ា​


Post a Comment

0 Comments

Close Menu