Ad Code

នគរបាល​អន្តរជាតិ​កម្ពុជា​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​បទល្មើស​កើនឡើង​ដល់​១៦៣​ករណី​


ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ លឹម សុខា​រស្មី ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​នគរបាល​អន្តរជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ កិច្ច​សហ​ប្រតិបត្តិការ​ក្រៅប្រទេស ដែល​ជា​សមាជិក INTERPOL និង​អគ្គលេខាធិការដ្ឋាន​បាន​កើនឡើង​រហូតដល់​១៦៣​ករណី​។

លោក​បាន​បន្ត​ថា កិច្ច​សហ​ប្រតិបត្តិការ​ក្នុងចំណោម​១៦៣​ករណីនេះ គឺ​មាន​៣៤​ប្រទេស និង​អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ ហើយ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នោះ គឺ​សម្រេច​បាន​រហូត​ទៅដល់​៧៤​ករណី​។

ទោះជា​យ៉ាងណាក៏ដោយ​លោក​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ឆ្នាំ​២០១៤​នោះ គេ​សង្កេតឃើញ​មាន​បទល្មើស​សំខាន់ៗ​រួមមាន បទ​ភេរវកម្ម , បទល្មើស​គ្រឿងញៀន , បទ​ល្មើស​ជួញដូរ​មនុស្ស , បទល្មើស​ជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ , បទល្មើស​ផ្នែក​ធនាគារ , បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត , បទល្មើស​ព្រៃឈើ , បទល្មើស​ជួញដូរ​សត្វព្រៃ , បទល្មើស​ក្លែង​ឯកសារ និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា ចាប់តាំងពី​នគរបាល​កម្ពុជា​បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយនឹង​អន្តរជាតិ ហើយ​រហូត​បង្កើត​ជា​នាយកដ្ឋាន​នគរបាល​អន្តជាតិ​នៅ​ឆ្នាំ​២០០៦ កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​មាន​សកម្មភាព​កាន់តែ​ច្រើនឡើងៗ​ជា​លំដាប់​។

លោក​បាន​បន្ត​ថា ​ដោយសារ​តែ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ទូលំទូលាយ បាន​ធ្វើ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា​កាន់​តែ​មាន​បទពិសោធន៍​ក្នុង​ការ​បង្ក្រាប ទប់ស្កាត់ ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​មាន​លក្ខណៈ​អន្តរជាតិ ហើយក៏​លើក​តម្កើន​កិត្តិយស​នគរបាល​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ការ​សម្រេច​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​នគរ​បាល​អន្តរជាតិ INTERPOL ផ្ទាល់​ក៏ដូចជា​អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ​ផង​ដែរ៕

សំអឿន


Post a Comment

0 Comments

Close Menu