Ad Code

ក្រុម​ជួយសង្គ្រោះ​អ៊ីតាលី ជួយ​ពួក​ចំណាកស្រុក​ជាង​២.០០០​នាក់ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​


​ ​សារព័ត៌មាន​ក្នុងស្រុក​និយាយ​ថា ឆ្មាំ​សមុទ្រ​អ៊ីតាលី​បាន​ធ្វើ​ប្រតិបត្តិការ​ដ៏​ធំ​មួយ​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ជួយសង្គ្រោះ​ពួក​ចំណាកស្រុក​ជាង​២.០០០​នាក់ នៅ​ក្នុង​ភាព​លំបាក​នៅ​ចន្លោះ​កោះ​Lam Redusa របស់​អ៊ីតាលី​និង​ឆ្នេរសមុទ្រ​លី​ប៊ី​។​

​ ​ការជួយ​សង្គ្រោះ​បន្ទាន់​នោះ​ធ្វើឡើង​នៅ​ថ្ងៃ​ជាមួយគ្នា​ដែល​ប្រទេស​អ៊ីតាលី​និយាយ​ថា ខ្លួន​កំពុង​ជម្លៀស​បុគ្គលិក​ចេញពី​ស្ថានទូត​របស់​ខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​ និង​ផ្អាក​ប្រតិបត្តិការ​នៅ​ទីនោះ ដោយ​បាន​លើកឡើង​ពី​ស្ថានភាព​សន្តិសុខ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ដែល​ញាំញី​ដោយ​អំពើ​ហិង្សា​នោះ​។​ វេ​ប​សាយ​របស់​ស្ថានីយទូរទស្សន៍​TG Com24​និយាយ​ថា ពួក​ចំណាកស្រុក​ប្រហែល​២.១៣៤​នាក់ មកពី​ប្រទេស​លី​ប៊ី​ត្រូវ​បាន​គេ​ជួយ។​

សារ​ព័ត៌មាន​អ៊ីតាលី​បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​ថា ជន​ចំណាកស្រុក​ប្រហែល​២.១៦៤​នាក់ មកពី​ប្រទេស​លី​ប៊ី​ត្រូវ​បាន​គេ​ជួយ​ពី​ទូក​ជាង​១០​គ្រឿង​។​

​ ​វេ​ប​សាយ​របស់​ស្ថានីយទូរទស្សន៍​TG Com24​និយាយ​ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ ជន​ចំណាក​ស្រុក​ប្រហែល​៥២០​នាក់​ឡើង​ជិះ​នាវា​មួយ​គ្រឿង​របស់​កង​នាវាចរ​អ៊ីតាលី។​

ស្ថានីយទូរទស្សន៍​នោះ​និយាយ​ថា ពួក​ចំណាកស្រុក​ជាង​៩០០​នាក់​ទៀត​ត្រូវ​បាន​ជួយ​ដោយ​ឆ្មាំ​សមុទ្រ​ និង​ទូក​ប៉ូលិស ដោយឡែក​ពួក​អ្នក​ដែល​នៅសល់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​នាវា​ផ្សេងៗ​នៅក្នុង​តំបន់​នោះ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu