Ad Code

ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដួល​ទៅលើ​ថ្នល់ រថយន្ត​មកដល់​កិន​ស្លាប់​ប្រពន្ធ ឯ​ប្ដី​របួសធ្ងន់​


ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្ដី​របួសធ្ងន់ ហើយក៏​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗដែរ ក្រោយពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ទៅលើ​ថ្នល់ ស្រប​ពេល​រថយន្ត​មកដល់​ក៏បាន​កិន​ពីលើ​បណ្ដាល​ឲ្យ​មាន​គ្រោះអាក្រក់​នេះ​កើតមានឡើង​តែម្តង។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មហាវិថី​សហព័ន្ធ​រុស្ស៊ី​មុខ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក​។ ​បង្កឡើង​ពី​រថយន្ត​ម៉ាក​ឡិច​ស៊ី​RX300 ពណ៌​ទឹកប្រាក់ ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​នេះ​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់ស្រមោល។​

ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់ជីវិត​នេះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ស្គាល់ឈ្មោះ​ យ៉ាន រិទ្ធី អាយុ​ប្រហែល​៣០​ឆ្នាំ និង​ប្ដី​ឈ្មោះ​ ម៉ៅ វុទ្ធី អាយុ​៥៣​ឆ្នាំ ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី-ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ស្តុ​ប​ទេព​ផន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1 AX 3409 តាមផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើតមក​លិច លុះ​ពេល​មក​ដល់​មុខ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្ដាល​ឱ្យ​ដួល ចៃដន្យ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ទឹកប្រាក់​កំពុង​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្នុង​ទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ចាប់​ហ្វ្រាំង​មិនទាន់​កិន​ចំក្បាល​ស្លាប់​តែម្តង ចំណែក​បុរស​ជា​ប្ដី​រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​រថយន្ត​ឡិច​ស៊ី​ស​បង្ក​ក្រោយ​ពី​កិន​មនុស្ស​ស្លាប់​ហើយ មិនបាន​ឈប់​ទេ គឺ​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់ស្រមោល​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu