Ad Code

គ្រោះថ្នាក់​ចរាចរណ៍​២​ថ្ងៃ​ជាប់​គ្នា ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ និង​៥​នាក់​ទៀត​រង​របួស​ស្រាល​​


ព្រះវិហារ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ជាច្រើន​ជុំ​បាន​កើត​ទ្បើង​បណ្ដាលឲ្យ​មនុស្ស​ចាស់-ក្មេង​ចំនួន​៥​នាក់​ជិះ​ក្នុង​រថយន្ត​នោះ​មានសំណាង​ល្អ​គ្រាន់តែ​រង​របួស​ស្រាល​រលាត់​ដៃជើង​ និង​បែកក្បាល​ចេញឈាម​បន្តិចបន្តួច​ប៉ុណ្ណោះ​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​ស្ថិត​ចំណុច​អូរ​ប៉េ​ស​ ភូមិ​បុ​ស្ប​ធំ​ ឃុំ​ប្រមេរ​ ស្រុក​ត្បែងមានជ័យ។​

សាក្សី​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​ចំណុច​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នោះ​បណ្ដាល​មក​ពី​តៃកុង​បើកបរ​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​ចរាចរណ៍​ និង​មិន​គោរព​ស្លាក​ប្រាប់​ទិស​គិតតែ​ពី​បើក​បន្ថែម​ល្បឿន​លឿន​ ស្ថិត​នៅ​លើ​ដងផ្លូវ​កោង​ខ្លាំង​ ក្នុង​ទិសដៅ​ចេញពី​ខេត្តព្រះវិហារ​។​ ពេលនោះ​ចៃដន្យ​អាក្រក់​បែក​កង់​ខាងក្រោយ​ទើប​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX៣០០​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​សៀមរាប​២A៥៣៤៧​ក្រឡាប់​ចំនួន​៣​ជុំ​ធ្លាក់​ផ្លូវជាតិ​លេខ​៩​យ៉ាង​ទាន់ហន់ ​ហើយ​រថយន្ត​រង​ការខូចខាត​ប្រមាណ​៨០​ភាគរយ។​

លោក​ ប៉ាង ​វ៉ាន់ឌី ​អធិការ​នគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំង​៥​នាក់​នោះ​គ្រាន់តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ​គឺ​ហេតុការណ៍​អាក្រក់​នេះ​កើត​ទ្បើង​ក្នុង​ចន្លោះ​ម៉ោង​១​ទៅ​១​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១២ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​។​ អ្នក​រង​របួស​ស្រាល​ទាំងនោះ​ជា​អ្នកដំណើរ​មកពី​ខេត្តកំពង់ចាម​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​១​ករណី​ទៀត​បាន​កើត​ទ្បើង​នៅ​វេលា​ម៉ោង​៥​ទៀបភ្លឺ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ ​ក្នុងភូមិ​រំចេក ​ឃុំ​រមណីយ ​ស្រុក​រវៀង ​ខេត្តព្រះវិហារ​ រវាង​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P៨០១៧​ទៅ​បុក​ពេញទំហឹង​ចំ​ពីមុខ​កាប៊ីន​រថយន្ត​ធុន​ធំ​ម៉ាក​ហុង​យ៉ាន់​ ពណ៌​លឿង ​ដឹក​គ្រឿងចក្រ​ដែល​ចត​ស្ងៀម​ទិសដៅ​បញ្ច្រាស​គ្នា​។​

លោក ​គឹម​ សុ​គុណ ​អធិការរង​ស្រុក​រវៀង​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​តៃកុង​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​ និង​អ្នក​ជិះ​អែប​តៃកុង​ម្នាក់ទៀត​បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​ពេល​ជាមួយគ្នា​ផង​ដែរ​ ដោយសារ​កៀប​ខ្លួន​ជន​រងគ្រោះ​ទាំង​២​នាក់​ជាប់​នឹង​កាប៊ីន​រថយន្ត​បង្ក​។ ​រថយន្ត​បង្ក​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បើក​ចូល​ទី​រួម​ខេត្ត​ព្រះវិហារ​ រីឯ​រថយន្ត​ហុង​យ៉ាន់​ចត​ស្ងៀម​ពី​ជើង​ទៅ​ត្បូង​អែប​ចិញ្ចើម​ផ្លូវ​គឺ​រថយន្ត​សាំ​យ៉ុង​ខូចខាត​ខ្ទេច​១​កំណាត់​ខាងមុខ។​

លោក​អធិការរង​បន្ត​ទៀត​ថា​ សព​ជនរងគ្រោះ​មាន​ទី​១​-ឈ្មោះ ​ភាព ​វាសនា​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​អណ្ដូង​ពោធិ៍​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះវិហារ ​និង​ទី​២-ឈ្មោះ ​វ៉ន​ កុ​ម្ភះ ហៅ​ក្រៅ ​ឈ្មោះ​ ចៀន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​តាំងក្រសាំង​ ឃុំ​កំពង់ថ្ម ​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។​

រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​រវៀង​បញ្ជូន​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​រមណីយ​ជា​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

មង្គល​



Post a Comment

0 Comments

Close Menu