Ad Code

ស្នាម​មេដៃ​ជិត​១.០០០​គ្រួសារ បាន​ស្នើ​សុំ​ឲ្យ​ដក​ប៉ុស្តិ៍​ជជុះ​ប៉េអិម​នៅមុខ​វត្ត​ប្រសាទ​ចេញ​


កណ្ដាល ៖ លោក ភ្ន​ង ឆេង មេ​សហគមន៍​នេសាទ​នៅ​ឃុំ​ប្រសាទ ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាសាទ​ប្រមាណ​ជិត​១.០០០​គ្រួសារ និង​ភ្ជាប់​ជាមួយ​លិខិត​ស្នើ​សុំ​មួយ​ច្បាប់​ដែល​ត្រៀម​នឹង​ដាក់​ជូន​លោក​អភិបាលស្រុក​ស្អាង និង​អភិបាល​ខេត្តកណ្តាល គឺ​លោក ​ម៉ៅ ភិ​រុណ តាមរយៈ​សហគមន៍ និង​មេឃុំ​ប្រសាទ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដក​ប៉ុស្តិ៍​ជជុះ​របស់​ប៉េអិម​ខេត្តកណ្តាល ក្រោម​បញ្ជា​លោក មាស សុវណ្ណ ដែល​បាន​បញ្ជា​ឲ្យ​ឈ្មោះ ប៊ុត សុ​ភ័​ក្ត មក​ដាក់​ស្នាក់​ការ​ផែបណ្ដែត​ទឹក​នៅមុខ​វត្ត​ប្រាសាទ និង​ដោយ​គ្មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ខាងលើ​នោះ ដែល​បច្ចុប្បន្ន​នេះ កំពុង​បង្ក​ជា​បញ្ហា​លេចចេញ​ជា​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​បំផុត​គួរ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ជា​ខ្លាំង​។ ប៉ុន្តែ​ករណីនេះ ​អាជ្ញាធរ​ហាក់បី​នៅ​ព្រងើយកន្តើយ មិនដឹង​ជា​មាន​មូលហេតុ​អ្វី​នោះ​ទេ កន្លង​មក។ ​អាជ្ញាធរ​បាន​អះអាង​ថា​នឹង​មាន​ចំណាត់ការ​ក្នុង​ករណី​នេះ ប៉ុន្តែ​រហូតដល់​ពេលនេះ អាជ្ញាធរ​នៅតែ​គ្មាន​ចំណាត់ការ​សោះ ចំណុច​នេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​មាន​ការ​សង្ស័យ និង​អស់ជំនឿ​ទៅលើ​អាជ្ញាធរ​ស្រុក ហើយ​សុំ​ធ្វើការ​ស្នើសុំ​ដល់​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មេត្តា​មាន​វិធានការ​ទប់ស្កាត់ ឬ​លុបបំបាត់​កុងត្រូលជជុះ​នេះ​ចោល​ផង ព្រោះ​កំពុង​ប៉ះពាល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​យើង​ច្រើនណាស់ ​ដោយសារតែ​ក្រុម​លោក ប៊ុត សុ​ភ័​ក្ត អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ដែល​បាន​ធ្វើ​ការ​ស្នើ​សុំ​ ដោយ​បញ្ជាក់​ថា ដាក់​កម្លាំង​មក​ការពារ​តំបន់​អភិរក្ស​ពូជ​ត្រី​នោះ​។ ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ប្រាសាទ​បាន​លើក​ឡើង​ថា ធាតុ​ពិត​ក្រុម​លោក ប៊ុត សុ​ភ័​ក្ត មិនបាន​អនុវត្ត​តាម​ការ​ស្នើ​សុំ និង​លិខិត​បេសកកម្ម​កម្ម​នោះ​ទេ ពួកគេ​បាន​មក​ធ្វើ​សកម្មភាព​រាប់​ក្បាលទូក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ផ្សេងៗ​យក​លុយ​ដោយ​មិន​សំចៃ​ដៃ​នោះ​ឡើយ ពិសេស​ក្រុម​អ្នក​រកស៊ី​បទ​ល្មើស​ឆក់​ត្រី​រាប់​រយ​រាប់ពាន់​ទូក ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ចំនួន​៤​ស្រុក គឺ​ស្រុក​ស្អាង​, ស្រុក​កោះធំ​, ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក​។

ប្រជាពលរដ្ឋ​ឃុំ​ប្រាសាទ និង​មេ​សហគមន៍​នេសាទ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំងអស់ ពិសេស​ក្រុម​អ្នក​ឆក់​ត្រី មុននឹង​ចេញទៅ​រកស៊ី​ឆក់​ត្រី ត្រូវតែ​នាំគ្នា​ចូលខ្លួន​ទៅ​ស្នាក់​ការ​ប៉េអិម​លោក​ ប៊ុត សុ​ភ័​ក្ត ដើម្បី​បង់ប្រាក់​ដោយ​អ្នក​ឆក់​ត្រី​ម្នាក់ ឬ​ទូក​មួយ​គ្រឿង​ត្រូវតែ​បង់ប្រាក់​ចាប់ពី​២០​ទៅ​៣០​ម៉ឺន​រៀល ជា​កំហិត​ទើប​រកស៊ី​បាន​ម៉ា​សេរី ដោយ​គ្មាន​បញ្ហា​ឡើយ បើ​មិន​ដូច្នេះ​ទេ​ប្រយ័ត​តែ​ពួកគេ​ដេញ​ចាប់​បាន នោះ​គឺ​ត្រូវ​ជាប់​ខ្នោះ ច្រវាក់ ​ទុក​ឲ្យ​មូស​ស៊ី​មួយ​យប់ ឬ​ពីរ​យប់​រួច​នឹង​ពិន័យ​សួរចម្លើយ​ ហើយ​ឲ្យ​ពួក​ទាំងនោះ​ឆ្លើយ​សារភាព​ថា ពួកគេ​បាន​បង់លុយ​ជូន​ឲ្យ​អ្នកកាសែត​នោះ ហើយ​ពួកគេ​គឺជា​ក្រុម​កូនចៅ​អ្នកកាសែត​នោះ​។

លោក​បាន​បន្ត​ទៀត​ថា ពេល​បាន​ចម្លើយ​អស់ហើយ គេ​នឹង​ធ្វើ​របាយការណ៍ ឬ​ពាក្យបណ្ដឹង​ដាក់​ជូន​ទៅ​តុលាការ ហើយ​សុំ​ដីកា​ចាប់​អ្នកកាសែត​នោះ​ឲ្យ​ជាប់គុក ឬ​រត់ចោលស្រុក​រក​ព្រៃ​ជ្រក​លែង​បានតែ​ម្តង​។ បើ​ទោះ​បី​ជា​យ៉ាងណា ពលរដ្ឋ​រាប់ពាន់​គ្រួសារ​មិន​សប្បាយ​ចិត្តនឹង​សកម្មភាព​ខាង​លើ​នេះ​ទេ ហើយ​សំណូមពរ​យ៉ាង​ទទូច​ សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ពិសេស​លោក សៅ សុខា មេបញ្ជាការ​ប៉េអិម​ផ្ទៃ​ប្រទេស មេត្តា​ចុះ​អង្កេត និង​ទប់ស្កាត់​បញ្ហា​នេះ​ផង​៕

រ៉ា​បូរ

Post a Comment

0 Comments

Close Menu