Ad Code

រដ្ឋបាល​ជលផល​មិន​ទាន់​មាន​វិធានការ​ចំពោះ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ត្រី​២​នាក់ ដែល​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ក្រសួង​ទៅ​កាង​ក្នុង​ការ​ដឹក​ជញ្ជូន​ត្រី​ឆ្ដោរ​ខុសច្បាប់​


ភ្នំពេញ​ ៖ លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ទើប​នឹង​ឡើង​ថ្មី​ នៅ​មិន​ទាន់​មាន​វិធានការ​ចំពោះ​ឈ្មួញ​រកស៊ី​ដឹក​ជ​ញ្ជូន​ត្រី​ខុសច្បាប់​ចំនួន​២នាក់ ​ដែល​យក​ឈ្មោះ​លោក​ទៅ​ប្រើ​ដើម្បី​កាង​ដឹក​ត្រី​ខុសច្បាប់​នៅឡើយ​ទេ​។​ បើ​ទោះ​បី​ជា​ករណីនេះ​លោក យុទ្ធ ផូ​ថង ​ទទួល​ស្គាល់​ថា​ឈ្មួញ​២​នាក់​នោះ​បាន​យកឈ្មោះ​លោក​ទៅ​ប្រើ ​ហើយ​លោក​បាន​ឲ្យ​រដ្ឋបាល​ជលផល​ចាត់ការ​ឈ្មួញ​ទាំងពីរ​អ្នក​នោះ​ក៏ដោយ​។​

សូម​រំលឹក​ថា ​កាល​ពី​ពេល​ថ្មី​ៗនេះ ​រដ្ឋបាល​ជលផល​បាន​ប្រកាស​ថា​បញ្ឈប់​លែង​ឲ្យ​មានការ​ដឹកជញ្ជូន​ខុសច្បាប់ ចិញ្ចឹម​ខុសច្បាប់ និង​ច្បាប់​ដឹកជញ្ជូន​ផល​ត្រី​ក្នុងស្រុក បន្ទាប់ពី​លោក អេង ជា​សាន បាន​ឡើងជា​ប្រធាន​រដ្ឋបាល​ជលផល​ជំនួស​លោក ណៅ ធួក​។​ ប៉ុន្តែ​ឈ្មួញ​២​នាក់ ដែល​មាន​ឈ្មោះ ​តូ​ម ​និង​ឈ្មោះ ហ៊ុន ដែល​កន្លងមក​គេ​ដឹង​ថា ជា​មនុស្ស​ខ្លាំង​កាលពី​សម័យ​លោក​ ណៅ ធួ​ក ជា ​មេ​រដ្ឋបាល​ជលផល​នៅតែ​បន្ត​ដឹកជញ្ជូន​ត្រី​ឆ្ដោរ​ផ្ដាច់មុខ​ចូល​មក​រាជធានី​ភ្នំពេញ​ដាក់​ក្នុង​យឿ​ព្រែក​ព្នៅ ប្រាំង​ចំ​រះ និង​តំបន់​មួយ​ចំនួន​ទៀត​យ៉ាង​គគ្រឹកគគ្រេង​បំផុត ដោយ​គ្មាន​ខ្លាចក្រែង​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​ថ្មី​ឡើយ​។ ​មិន​ប៉ុណ្ណោះ​ពួកគេ​បាន​យកឈ្មោះ​លោក​ យុទ្ធ ​ផូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មក​ប្រើ​កាង​ ដោយ​ពួកគេ​អះអាង​ថា ​ត្រី​ដែល​ដឹក​នោះ​ជា​ត្រី​របស់​លោក​​ យុទ្ធ​ ផូ​ថង ដែល​បាន​ចិញ្ចឹម​នៅ​ស្ថានីយ​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ។​ ការ​ដឹក​ជញ្ជូន​បាន​ស្រួល​បែបនេះ​ត្រូវ​បាន​គេ​ថា​ ឈ្មួញ​និង​អធិការ​ជលផល​ចតុមុខ​ក្នុង​ការ​ដឹក​ជ​ញ្ជូ​ន​ត្រី​រាប់​សិប​តោន​ក្នុង​មួយ​យប់ៗ។​

ចំណែក​ក្រុម​មន្ត្រី​អធិការដ្ឋាន​ជលផល​ចតុមុខ​បាន​ដាក់​ពង្រាយ​តាមផ្លូវ និង​ដេកចាំ​នៅ​តាម​មណ្ឌល​បែងចែក​ផល​នេសាទ​នានា​គ្រប់កន្លែង រកមើល​តែ ឈ្មួញ​ណា​មិន​ត្រូវ​ជាមួយ​ខ្លួន​ប៉ុណ្ណោះ។ចំណែកឯ ឈ្មួញ​ដឹក​ជញ្ជូន​ត្រី​ឆ្ដោរ​ចូល​មក​គឺ​មិន​បង្ក្រាប​ឡើយ។

ពាក់ព័ន្ធ​នឹង​ឈ្មួញ​រកស៊ី​ដឹក​ជ​ញ្ជូ​ន​ត្រី​ខុសច្បាប់​យកឈ្មោះ ​លោក យុទ្ធ ផូ​ថង រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មក​កាង​ កាសែត​កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណីនេះ​បានទេ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ឈ្មោះ ខ្ញុំ ផូ ផង ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដឹក​ជ​ញ្ជូន​ត្រី​ខុសច្បាប់​។​ លោក​បន្ថែម​ថា ​ត្រី​របស់ខ្ញុំ​ដែល​បាន​ចិញ្ចឹម​នៅ​ស្ថានីយ​បាទី​នោះ មាន​ប្រហែល​២​តោន​បាន​ចាប់​អស់​ទៅ​ហើយ​។ អ្នក​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ខ្ញុំ​បាន​ឲ្យ​រដ្ឋបាល​ជលផល​ចាត់ការ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋបាល​ជលផល​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​ឈ្មួញ​ទាំងពីរ​រូប​នោះ​នៅឡើយ​ទេ​។​

ប្រភព​ពី​អ្នក​រក​ស៊ី​ត្រី​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​លោក យុទ្ធ ផូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ឲ្យ​រដ្ឋបាល​ជលផល​ចាត់ការ ​ឈ្មួញ​ទាំងពីរ​នាក់​នោះ​បាន​រត់ការ​ឆ្វៀលឆ្វាត់ រក​កិច្ច​អន្តរាគមន៍​ដើម្បី​បញ្ចប់​រឿង។ មក​ដល់​ពេល​នេះ ករណី​នោះ​ហាក់​ត្រូវ​បាន​គេ​បិទ​ជិត​ អ្នករកស៊ី​ត្រី រង់​ចាំ​មើល​ថា ​ករណីនេះ​លោក ​អេង ជា​សាន បាន​ឡើងជា​ប្រធាន​រដ្ឋបាល​ជលផល​ជំនួស​លោក ណៅ ធួ​ក​ ​វិធានការ​បែប​ណា​ចំពោះ​មន្ត្រី​ខ្លួន​ឃុបឃិត​ជា​មួយ​នឹង​ឈ្មួញ​នោះ​៕

ឌួង​វិ​រះ​ជ័យ


Post a Comment

0 Comments

Close Menu