Ad Code

តារា​ចម្រៀង​រាង​តូច​ច្រឡឹង​ ឈួន ​ស្រី​ម៉ៅ​ សោយសុខ​ជាមួយ​ប្តី​នៅ​លើ​ទឹកដី​អាមេរិក

ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ​ មាន​រយៈពេល​៨​ខែ​មក​ហើយ ​ដែល​តារា​ចម្រៀង​រាង​តូច​ច្រឡឹង​អ្នកនាង ​ឈួន ស្រី​ម៉ៅ ​បាន​រៀបការ​រួច​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​លើ​ទឹកដី​សហរដ្ឋអាមេរិក ហើយ​បើ​តាម​ការ​បញ្ជាក់​របស់​នាង​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ ប៊ុ​ក​បាន​ឲ្យ​«​កម្ពុ​ជាថ្មី​»​ដឹង​ថា រូប​នាង​សុខ​សប្បាយ​ជា​ធម្មតា​ទេ ក៏ប៉ុន្តែ​ដូចជា​រៀង​នឹក​មាតុភូមិ​កំណើត​បន្តិច។​
គួរ​រំលឹក​ដែរ​ថា តារា​ចម្រៀង​អ្នកនាង​ ឈួន ស្រី​ម៉ៅ​ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ អគារ​F នា ​រាជធានី​ភ្នំពេញ ដែល​មាន​ភ្ញៀវកិត្តិយស​ និង​អ្នក​សិល្បៈ​ចូលរួម​ប្រមាណ​ជាង​៧០០​នាក់។ ស្វាមី​របស់​នាង​មាន​ឈ្មោះ ម៉ាន់ ឌី ​មាន​វ័យ​ជាង​២០​ឆ្នាំ​តែប៉ុណ្ណោះ​ ជា​អាណិកជន​ខ្មែរ​រស់នៅ​រដ្ឋ​មី​នី​សូ​តា​នៃ​សហរដ្ឋអាមេរិក បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​​ ហើយ​នឹង​មាន​វង់​តន្ត្រី​ផ្ទាល់ខ្លួន​ប្រចាំ​នៅ​ភោជនីយដ្ឋាន​ខ្មែរ​មួយ​នៅ​ ទីនោះ​ផង​ដែរ។​
ឈួន ស្រី​ម៉ៅ​ បញ្ជាក់​ប្រាប់​ថា រហូតមកដល់​ពេលនេះ​ គឺ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​អំពី​អាជីព​ជា​ផ្លូវការ​សម្រាប់​នាង​នៅ​អាមេរិក ប៉ុន្តែ​ប្រាកដ​ណាស់​ថា ​ការងារ​ច្រៀង​រាំ​នាង​នៅតែ​បន្ត​ស្រប​ពេល​ដែល​ស្វាមី ​និង​ក្រុម​គ្រួសារ​បើកដៃ​ឲ្យ​ក្នុង​ការ​សម្រេចចិត្ត​ និង​ជ្រើសរើស​នោះ។
នាង​បញ្ជាក់​ទៀត​ថា ខាង​បងប្អូន​សាច់ញាតិ​ក្រុម​គ្រួសារ​ខាង​ស្វាមី​នាង​នៅ​អាមេរិក​ស្រឡាញ់​និង ​យកចិត្តទុកដាក់​ចំពោះ​នាង​ខ្លាំង​ណាស់ ហើយ​ពេលនេះ​នាង​ក៏​កំពុងតែ​ពពោះ​កូន​ដំបូង​ផង​ដែរ។​តារា ​ចម្រៀង​ដែល​ជា​ប្អូនស្រី​បង្កើត​របស់​អ្នកនាង​ ឈួន សុវណ្ណ​ឆៃ​ រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ការ​ផ្ដល់​កំណើត​កូន​ដំបូង​នេះ​ វា​នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ រវាង​នាង​ និង​ស្វាមី​កាន់តែ​មាន​ភាព​ស្អិត​រ​មួ​ត​ថែម​មួយ​កមរិត​ទៀត​ ដូច្នេះ​ហើយ​ទើប​នាង​មិន​ចង់​អូស​បន្លាយ​ពេលវេលា​យូរ​ក្នុង​ការ​យក​កូន​នេះ​ ។ តាំងតែ​ពី​នាង​បាន​មក​រស់នៅ​ អាមេរិក​រហូតមកដល់​សព្វ​ថ្ងៃ​នេះ​ នាង​ និង​ស្វាមី​ មិន​ដែល​មាន​បញ្ហា​ល្អក់កករ​ ឬ​ឈ្លោះ​ទាស់ទែង​គ្នា​នោះ​ឡើយ ផ្ទុយទៅវិញ​ស្វាមី​នាង​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​ និង​ឆ្លៀត​ពេលទំនេរ​ពី​ការងារ​នាំ​នាង​ដើរ​កម្សាន្ត ដើរ​ផ្សារ​ដើម្បី​កុំ​ឲ្យ​នាង​នឹក​ស្រុក ហើយ​គាត់​បាន​និង​កំពុង​តែ​រត់​ឯកសារ​ ដើម្បី​សុំ​ឲ្យ​នាង​មាន​សិទ្ធិ​រស់នៅ​លើទឹក​ដី​អាមេរិក​ស្របច្បាប់​ផង​ដែរ​៕

Post a Comment

0 Comments

Close Menu