Ad Code

ម្ដាយ​តារា​សម្ដែង គង់ វង្ស​យ៉ា​ទី ចេញមុខ​បំភ្លឺ​រឿង​គេ​យល់​ច្រឡំ​លើ​កូនស្រី​ជាមួយ​ឪពុក​

ភ្នំពេញ ៖ បន្ទាប់ពី​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ធ្វើការ​ ចុះផ្សាយ​ជុំវិញ​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​របស់​តារា​សម្ដែង ​និង​ជា​ពិធី​ការិនី​កញ្ញា គង់ វង្ស​យ៉ា​ទី ដោយ​បាន​ដាក់​ការ​សង្ស័យ​លើ​រូប​នាង​ថា​ បាន​លួចលាក់​សាង​សម្ពន្ធភាព​ស្នេហ៍​ជាមួយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​មាន ​ងារ​ជា​មន្ត្រី​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​នោះ ​ឥឡូវ​ត្រូវ​បាន​អ្នក​ម្ដាយ​របស់​តារា​សម្ដែង គង់ វង្ស​យ៉ា​ទី គឺ​អ្នកស្រី ចរិយា ចេញ​មុខ​មក​បំភ្លឺ​បញ្ជាក់​ប្រាប់​ពី​ការពិត។​
ជួប​ជាមួយ​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​ អ្នកស្រី ច​រិយា ត្រូវជា​ម្ដាយ​របស់​ពិធី​ការិនី​វ័យក្មេង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ ប៉ុស្តិ៍​CTN គង់ វង្ស​យ៉ា​ទី បាន​និយាយ​រៀបរាប់​ប្រាប់​ថា កូន​អ៊ុំ យ៉ា​ទី មិនដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ឬមួយ​ក៏​មាន​បុរស​ណា​ម្នាក់​មក​ចាំ​ ជួយឧបត្ថម្ភ​ទេ ​គឺ​អត់​មានតែ​ម្ដង​។ ចំណែក​រឿង​គេ​សង្ស័យ​ថា យ៉ាទី មាន​បុរស​អ្នក​ធ្វើការងារ​នៅ​ក្រសួងមហាផ្ទៃ​តាម​ស្រលាញ់ និង​តែង​មក​ចាំ​ទទួលយក​ចេញទៅ​ក្រៅ​ញ៉ាំ​អាហារ​ជាមួយគ្នា​នោះ​ក៏​គ្មាន​ដែរ។​
អ្នកស្រី ចរិយា បាន​និយាយ​ដោយ​បាន​សម្ដែង​អារម្មណ៍​បែប​ភ្ញាក់ផ្អើល​ទៀត​ថា ពុទ្ធោ​..! ក្មួយ ​ហើយ​បុរស​ម្នាក់​ដែល​គេ​យល់​ច្រឡំ​នេះ ​គឺជា​ប៉ា​របស់​យ៉ា​ទី​ កូន​អ៊ុំ​ទេ ព្រោះ​ប្ដី​ខ្ញុំ​ គាត់​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ​ ហើយ​ឪពុក​-​កូន​ពីរ​នាក់​នេះ​ឧស្សាហ​ជិះ​ឡាន​ទៅ​ណា​មក​ណា​ជាមួយគ្នា​ណាស់​ដោយពេល​ខ្លះ​គាត់​ក៏​ធ្លាប់​ជូន យ៉ា​ទី ទៅ​កន្លែងធ្វើការ​ផង​ដែរ។​
អ្នកស្រី​ម្ដាយ​របស់​តារា​សម្ដែង គង់ វង្ស​យ៉ា​ទី បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ​ហើយ​បើ​មិន​ជឿ​ទេ ​អាច​តាមដាន​បាន។ ម្យ៉ាងទៀត​ យ៉ា​ទី ក៏​មិន​ដែល​ចេញ​ដើរ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង​ដែរ​ គឺ​គ្រប់​ពេល​តែង​មាន​វត្តមាន​អ្នកស្រី​ទៅជា​មួយ​ជានិច្ច​ មិន​ថា​ទៅ​ថត​សម្ដែង​ឬមួយ​ចូលរួម​កម្មវិធី​អី​នោះ​ឡើយ។​
អ្នកស្រី ចរិយា បាន​អះអាង​ថា អ្នកស្រី​ហ៊ាន​ស្បថ​ជូន ​បើសិនជា​កូនស្រី​របស់​ខ្លួន​តារា​សម្ដែង​កញ្ញា គង់ វង្ស​យ៉ា​ទី ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ដែល​គេ​សង្ស័យ​ខាងលើ​នោះ​ គឺ​អ្នក​ស្រី​ស្បថ​ឲ្យ​ស្លាប់​ខ្លួន​តែម្ដង​។​ ប៉ុន្តែ​យ៉ាងណា​អ្នកស្រី​ក៏បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា កូនស្រី​គាត់​កញ្ញា គង់ វង្ស​យ៉ា​ទី គឺ​ពុំ​ធ្លាប់​មាន​ចំណង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ធ្វើ​ការងារ​នៅ​ ក្រសួងមហាផ្ទៃ​នោះ​ឡើយ។ ចំណែក​ឯ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​នោះ ​គឺ​ត្រូវជា​ឪពុក​នាង។​
សូម​ជម្រាប​ជូន​ថា កាលពី​ថ្មីៗ​កន្លង​មក​នេះ​ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ស្រដៀង​គ្នា​ ដោយ​បាន​លើក​ឡើង​ថា ​តារា​សម្ដែង​កញ្ញា គង់ វង្ស​យ៉ា​ទី កន្លងមក​ធ្លាប់​បង្ហាញ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​បុរស​ម្នាក់​ជា​ មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ។​ ជា​ប្រចាំ ​បុរស​ម្នាក់​នេះ​តែង​ឧស្សាហ​បើកឡាន​នាំ​នាង​ទៅ​ដើរ​លំហែ​កម្សាន្ត​ និង​ចូល​ញ៉ាំ​អាហារ​នៅ​តាម​កន្លែង​ទំនើបៗ​ទៀត​ផង។​
ប៉ុន្តែ​ក្រោយពី​មានការ​ចុះផ្សាយ​ ព័ត៌មាន​ជុំវិញ​សាច់រឿង​ខាង​លើ​នេះ​ ត្រូវ​បាន​ម្ដាយ​តារា​សម្ដែង គង់ វង្ស​យ៉ា​ទី ចេញមុខ​បដិសេធន៍​ជំនួស​កូនស្រី​ថា​ ពុំ​មែន​ជា​ការ​ពិត​ដូច​ការ​លើក​ឡើង​នេះ​ទេ​ គឺ​គ្រាន់តែ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ៕

Post a Comment

0 Comments

Close Menu