Ad Code

ប៉ែន ចំ​រ៉ុង ល្បី​ថា​ជា​ព្រាននារី​ មាត់ដាច ​ដៃ​ឆៅ​

ភ្នំពេញ​ ៖ ​តារា​សម្ដែង ​និង​ជា​ពិធី​ករ​ប្រុស​រូប​សង្ហា​ចង្កា​ព្រែក លោក ប៉ែន ចំ​រ៉ុង សម្រាប់​មួយ​រយៈ ពេលនេះ​ ត្រូវ​បាន​គេ​ដឹង​ថា លោក​ គឺជា​តារា​សម្ដែង​ជើងចាស់​មួយ​ដួង​ដែល​កំពុងតែ​ឆក់​ទាញ​យក​បាន​នូវ​ ប្រជាប្រិយភាព និង​ការ​គាំទ្រ​ខ្ពស់​ជាងគេ ពី​សំណាក់​ស្រទាប់​មហាជន​ទូទៅ ក៏ដូចជា​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។​
ភាព​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​ សម្ដែង និង​ពិធី​ករ​នៅ​តាម​បណ្ដា​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក របស់​លោក ប៉ែន ចំ​រ៉ុង ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​មើល​ឃើញ​ថា​ តារា​សម្ដែង​ពូកែ​វោហារ​ស័ព្ទ និង​មាន​ទេពកោសល្យ​រូប​នេះ ​គឺ​កំពុង​តែ​មានឱកាស​យ៉ាង​ខ្លាំង​ក្នុង​ការ​ឆក់​យក​ទីផ្សារ​សិល្បៈ ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​ជាង​ការ​សម្ដែង​ខ្សែ​រឿង​ភាគ ស្ប៉ត​ពាណិជ្ជកម្ម និង​ដើរ​តួរ​ជា​ពិធី​ករ​ជា​ដើម។​
ស្រប​ពេល​ដែល​តារា​សម្ដែង ​លោក ប៉ែន ចំ​រ៉ុង ហាក់​កំពុង​ទទួល​បាន​ភាព​ជោគជ័យ ​និង​មាន ប្រជាប្រិយភាព​ខ្លាំង​ក្នុង​អាជីព​សិល្បៈ​នោះ ​ថ្មីៗ​នេះ​ក៏​មាន​ព័ត៌មាន​លេច​ឭ​មក​ថា ​តារា​ប្រុស​រូប​នេះ​ជា​ព្រាននារី​ចូលចិត្ត​ញ៉ែ​ស្រីៗ​ មិន​រើសមុខ​ មិន​តែ​អ្នក​សិល្បៈ​ដូចគ្នា​ទេ​ សូម្បី​នៅ​ខាងក្រៅ​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​ ក៏​លោក ប៉ែន ចំ​រ៉ុង ចូលចិត្ត​ទាក់ទង​ញ៉ែ​គេឯង​ផង​ដែរ។​
បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​អ្នក​ សិល្បៈ​រួម​អាជីព​ជាមួយ​តារា​ប្រុស​រូប​នេះ​បាន​ទម្លាយ​ថា នាយ ប៉ែន ចំ​រ៉ុង បច្ចុប្បន្ន​វិស័យ​សិល្បៈ​របស់​គាត់​មាន​ភាព​លេច​ធ្លោ​ទៅមុខ​គួរ​ឲ្យ​ កត់សម្គាល់ ​តាមរយៈ​នៃ​ការ​ក្ដោបក្ដាប់​បាន​ឱកាស​សម្ដែង ​ធ្វើជា​តួឯក​នៅ​ក្នុង​សាច់រឿង​នីមួយៗ​របស់​បណ្ដាញ​ស្ថានីយ​ប៉ុស្តិ៍​ ទូរទស្សន៍​ និង​នៅ​តាម​បណ្ដា​ផលិតកម្ម​ក្នុងស្រុក​។ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​ត្រង់​ថា លោក ប៉ែន ចំ​រ៉ុង ចូលចិត្ត​ធ្វើ​ចរិត​បែប​ព្រាននារី​ ដើរ​ញ៉ែ​ស្រី មិន​រើសមុខ​។​
ប្រភព​ខាងលើ​បាន​និយាយ​ទៀត​ថា​ តារា​សម្ដែង​ស្រី​មិន​តិច​នាក់​ហើយ​ទេ ​ដែល​បាន​សម្ដែង​ពី អារម្មណ៍​ខ្លាចរអា​ទៅលើ​លោក ​ប៉ែន​ ចំ​រ៉ុង​ ព្រោះថា​រាល់ពេល​ ដើរតួ​សម្ដែង​ជាមួយ​តារា​ប្រុស​រូបនេះ​ម្តងៗ​ គឺ​ពួកគេ​ខ្លាច​បំផុត​នៅត្រង់​មាន​ឈុត​ឆា​ឱប​ថើប​រោលរាល​ក្ដៅ​សាច់​ ដោយសារតែ​លោក ប៉ែន ចំ​រ៉ុង ចូលចិត្ត​ធ្វើ​អ្វី​ដែល​លើស​ពី​ការ​សម្ដែង​ពោល​ គឺ​អាច​និយាយ​បាន​ថា​ជា​តារា​សម្ដែង​ប្រុស​មាត់​ដាច​ដៃ​ឆៅ។​
ប្រភព​បាន​បន្ថែម​ទៀត​ថា លោក ប៉ែន ចំ​រ៉ុង មិន​ត្រឹមតែ​ចូលចិត្ត​សម្ដែង​លេង​លក្ខណៈ​ដៃដល់ ប៉ុណ្ណោះ​ទេ ​ពេលខ្លះ​ថែមទាំង​ឆ្លៀត​ឱកាស​បែប​ចង់​កេង​ចំណេញ​លើ​តារា​ស្រីៗ​តួ​សម្ដែង​ ជាមួយ​ទៀត​ផង​។
ម្យ៉ាងទៀត​តារា​រូប​នេះ​ មាន​ពេល​ខ្លះ​ក៏បាន​យក​លេខ​ទូរស័ព្ទ​តេ​ទៅ​ទាក់ទង​ល្បួង​សុំ​ស្នេហ៍​គេឯង​ផង ​ដែរ​ បើ​សិន​ឃើញ​តារា​ស្រី​ណា​ក្មេងៗ ​ហើយ​ស្អាត​ ដែល​ទើប​តែ​លេច​មុខ​ចូល​សម្ដែង​នោះ។​
កម្ពុជា​ថ្មី​ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥​ មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​សំណាក់​តារា​ប្រុស​លោក ប៉ែន ចំ​រ៉ុង ជុំវិញ​ព័ត៌មាន​លេច​ឭ​ខាង​លើ​នេះ​បាន​នៅឡើយ​ទេ​។
ដូច្នេះ កម្ពុជា​ថ្មី​ នឹង​ព្យាយាម​ទំនាក់ទំនង​ស្វែងរក​ការ​បក​ស្រាយ​ពី​លោក ប៉ែន ចំ​រ៉ុង នៅ​ពេល​ក្រោយ ដើម្បី​ឲ្យ​មហាជន​អ្នកគាំទ្រ​បាន​ដឹង​ច្បាស់​ពី​ការពិត៕

Post a Comment

0 Comments

Close Menu