កំពង់ឆ្នាំង ៖ សមាជិក សមាជិកាថ្មីចំនួន៨៩រូបមកពីសិស្សវិទ្យាល័យប្រពៃគីរី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពរបស់លោក អ៊ឹង លាងហ៊ួរ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ថ្នាក់ខេត្ត ចុះជួយស្រុកជលគីរី ដោយមានការអញ្ជើញចូលរួមពីលោក ប៉េ ជំនិត ក្រុមការងារថ្នាក់កណ្ដាល តំណាងលោក ប៉ែន វុឌ្ឍី ក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារចុះជួយស្រុកជលគីរី ,លោក ស៊ុន សុវណ្ណរិទ្ធ ក្រុមការងារថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយស្រុកជលគីរី ព្រមទាំងសមាជិកសមាជិកាបក្សស្រុក/ឃុំចូលរួមយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីតំណាងឲ្យសមាជិកថ្មីទាំង៨៩រូបឡើងអានពាក្យសុំចូលសមាជិកសមាជិកាថ្មីរបស់គណបក្សប្រជាជនរួចមក លោក យិន សាវ៉េន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកជលគីរីបានឡើងអានសេចក្ដីសម្រេចលេខ០០៣/០១៥ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជលគីរី សម្រេចបញ្ចូលសមាជិកសមាជិកាថ្មីមកពីវិទ្យាល័យប្រពៃគីរី ស្រុកជលគីរី សរុបរួម៨៩រូបជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះតទៅ។
តំណាងសមាជិកថ្មីបានឡើងធ្វើការប្ដេជ្ញាចិត្តថា ១.ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនឲ្យក្លាយទៅជាកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ, ២.សាមគ្គីភាពផ្ទៃក្នុងបក្សឲ្យបានល្អ និងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គម ដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស ,៣.គាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ដើម្បីដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត។
ក្នុងឱកាសនោះ លោក អ៊ឹង លាងហ៊ួរ បានមានប្រសាសន៍ថា ក្មួយៗទាំងអស់ ពិតជាបានយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជន គឺធ្វើអ្វីៗដើម្បីប្រទេសជាតិ និងប្រជាជនដូចទើបក្មួយៗបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ។
ក្មួយៗទាំងអស់ជានិស្សិត ឬក៏ប្រជាពលរដ្ឋសុទ្ធតែមានសមត្ថភាពពិតៗ ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ ព្រោះក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិទៅអនាគត ដោយកម្លាំងយុវជន គឺជាស្នូលដ៏សំខាន់នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋានរបស់យើង រីកចម្រើន និងមានសុវត្ថិភាពទៅបានទាល់តែមានក្មួយចូលរួមជាចលនា យុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ផងដែរ។
លោក អ៊ឹង លាងហ៊ួរ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺក្មួយៗមានសិទ្ធិសេរីភាពពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន និងសិទ្ធិទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣តុលា នាទីក្រុងប៉ារីស ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៏គ្មានអ្វីៗដូចពេលបច្ចុប្បន្ននេះដែរ។
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ កសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
លោកក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ និងសមាជិក សមាជិកាថ្មីចំនួន៨៩រូប ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខនេះ៕
សិស្សវិទ្យាល័យចំនួន៨៩នាក់ ស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា
0 Comments