ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងកាលពីវេលាម៉ោង១១ និង០៧ នាទីមុននេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) រៀបចំដំណើរវិលត្រឡប់មកកម្ពុជាវិញរបស់ពលករខ្មែរចំនួន៣៣ នាក់ ពីកោះ Tarempa, Tanjung Pinang, Riau Island ប្រទេសឥណ្ឌូណេស៊ី ដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងការបង្ខិតបង្ខំអោយធ្វើការនៅលើទូកនេសាទ។
តាមលោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលករខ្មែរទាំង៣៣ នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពី ថ្ងៃទី២៨ កក្កដា ឆ្នាំ ២០១៥ តាមជើងយន្តហោះ MH 762 វេលាម៉ោង១៦ និង១០ នាទី។ លោកបន្តថា កន្លងមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានអន្តរាគមន៍ជួយពលករខ្មែររងគ្រោះអោយ បានវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី មកកាន់មាតុប្រទេសវិញជាបន្តបន្ទាប់ តាមរយៈការ ចរចារវាងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ជាមួយក្រុមហ៊ុនដែលជាតំណាងឲ្យ ទូកនេសាទនានា ហើយនិងតាមរយៈកិច្ចសហការរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ជាមួយអង្គការអន្តោប្រវេសន៍ អន្តរជាតិ (IOM) ។
ជាមួយគ្នានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការឆបោក ការសន្យាភូតកុហក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការនាំបងប្អូនទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។
ដោយឡែកករណីមួយទៀត លោក ជុំ សុន្ទរី បានឲ្យដឹងដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ រងគ្រោះចំនួន២រូប ដែលត្រូវបានមេខ្យល់នាំយកទៅបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី អោយ បានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីខ្មែរទាំងពីរខាងលើ មានឈ្មោះ ១- អ៊ុយ មុំ មានស្រុកកំណើត នៅភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ ២- សុខ សំអុល មានស្រុកកំណើត នៅភូមិមេសរប្រច័ណ្ឌ ឃុំមេសរប្រច័ណ្ឌ ស្រុកពារាំង ខេត្តព្រែវែង ហើយអ្នកទាំងពីរ នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ តាមជើង យន្តហោះ AK 534 វេលាម៉ោង៣ និង៥៥ នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
តាមលោក ជុំ សុន្ទរី អះអាងថា បច្ចុប្បន្នក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានឯកអគ្គរាជ ទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានហើយនិងកំពុងមមាញឹកក្នុងការខិតខំជួយសង្គ្រោះ ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់យកទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មក កាន់មាតុប្រទេសវិញជាបន្តបន្ទាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសស្ត្រីដែលជាជនងាយរងគ្រោះ ត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការឆបោក ការសន្យាភូតកុហក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ ផ្ទាល់ខ្លួន ក្នុងការនាំបងប្អូនទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស៕
ស្ថានឯកអគ្គរាជទូតកម្ពុជាជួយសង្គ្រោះពលករខ្មែរចំនួន៣៣នាក់ពីកោះមួយនៅប្រទេសឥណ្ឌូណេស៊ី
0 Comments