ក្រុមហ៊ុនVolkswagen ធ្វើបានល្អជាងក្រុមហ៊ុន Toyota នៅក្នុងការលក់រថយន្តនៅលើពិភពលោកសម្រាប់ពីខែមករា ដល់ខែមិថុនា ជាលើកដំបូងហើយដែលអ្នកផលិតរថយន្តអាល្លឺម៉ង់ នេះបានលេចឡើងនៅពីលើគេនៅក្នុងចំនួនបូកសរុបនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានេះ។
អ្នកផលិតរថយន្តជប៉ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនលក់រថយន្តបានចំនួន៥.០២លានគ្រឿងនៅក្នុងឆមាសទី១នៃឆ្នាំនេះ ធ្លាក់ចុះ១.៥ភាគរយពីរយៈពេលដូចគ្នានេះ នៅក្នុងឆ្នាំមុន នៅពេលដែលការលក់បានតស៊ូជាពិសេសនៅក្នុងទីផ្សារជប៉ុន ដ៏ទន់ខ្សោយនេះ។
អ្នកផលិតរថយន្ត Volkswagen AG បាននិយាយនៅដើមខែនេះថា ខ្លួនលក់រថយន្តបានចំនួន៥.០៤លានគ្រឿងនៅក្នុងរយៈពេលដូចគ្នានេះ។ ការលក់នេះមានសភាពរឹងមាំនៅអឺរ៉ុបនិងនៅអាមេរិកខាងជើង ប៉ុន្តែបានធ្លាក់ចុះនៅ ប្រទេសចិនដែលជាធម្មតាគឺជាផ្សារដ៏ខ្លាំងសម្រាប់ក្រុមហ៊ុននេះនោះ។ ការលក់បានធ្លាក់ចុះ០.៥ភាគរយពីរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៤។
ក្រុមហ៊ុន General Motors Corp មានមូលដ្ឋាននៅ Detroit ជាអ្នកផលិតរថយន្តដែលលក់បានច្រើនដល់កម្រិតកំពូលអស់រយៈពេលជាង៧ទសវត្ស រហូតដល់អ្នកផលិតរថយន្ត Toyota វ៉ានៅក្នុងឆ្នាំ២០០៨នោះ ត្រូវបានគេរំពឹងថា នឹងរាយការណ៍តួលេខរបស់ខ្លួន នៅក្នុងថ្ងៃព្រហស្បតិ៍។ GM បានកាន់កាប់មកុដលក់ឡើងវិញ នៅក្នុងឆ្នាំ២០១១ នៅពេលដែលការផលិតរបស់Toyota ត្រូវបានប៉ះពាល់ដោយការរញ្ជួយដីនិងរលកស៊ូណាមិ នៅភាគឦសាននៃប្រទេសជប៉ុននោះ។
Toyota ដែលផលិតរថយន្ត Prius Hybrid Camery និង Lexus បានទទួលមកវិញនូវការលក់ដាច់យ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១២និងបានក្លាយទៅជាក្រុមហ៊ុនរថយន្តដែលលក់បានដល់កម្រិតកំពូលនៅលើពិភពលោកសម្រាប់រយៈពេល៣ឆ្នាំ។ នៅក្នុងឆមាសទី១ ការលក់រថយន្តរបស់ Toyota បានកើនឡើងនៅអាមេរិកមិកស៊ិក និងចិន។
កាលពីឆ្នាំកន្លងមក Toyota លក់រថយន្តបាន១០.២៣លានគ្រឿង វាយផ្តួល Volkswagen និង General Motors ។ ប៉ុន្តែ Toyota បាននិយាយថាខ្លួនរំពឹងថា នឹងលក់រថយន្តធុនធំនិងធុនតូច បានចំនួនតិចជាងនៅក្នុងឆ្នាំនេះ ដោយបានព្យាករថា ការលក់នឹងធ្លាក់ចុះ១ភាគរយនៅឆ្នាំនេះ មកនៅត្រឹមចំនួន១០.១៥លានគ្រឿង។
Volkswagen លក់បាន១០.១៤លានរថយន្តនៅក្នុងឆ្នាំ២០១៤។ VW ផលិតរថយន្ត Beetle និង Golf និងរថយន្ត Porsche Bugatti និង Audi ផងដែរ នៅក្រោមក្រុមរបស់ខ្លួន។ GM ដែលធ្វើរថយន្ត Cadillac និង Opel ស្ថិតនៅក្នុងលំដាប់ទី៣ដោយលក់រថយន្តបាន៩.៩២លានគ្រឿងនៅក្នុងការលក់នៅលើពិភពលោក។ ការចាត់ថ្នាក់អាចនៅតែផ្លាស់ប្តូរ នៅពេលដែលការលក់ចាប់ផ្តើមពេញនិយមសម្រាប់ឆ្នាំទាំងមូលនោះ៕
AP
Volkswagen លក់រថយន្តបានច្រើនជាងToyotaនៅក្នុងឆមាសទី១នៃឆ្នាំនេះ
0 Comments