កត្តាដែលនាំឲ្យជោគជ័យក្នុងអាជីពជាអ្នកសម្ដែងរបស់កញ្ញា ឌុច លីដា នេះហើយ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានមើលឃើញថា តារាសម្ដែងសិចស៊ីមិនខ្លាចថតសម្ដែងរឿងស្នេហាស្រើបស្រាលយ៉ាងមានទេពកោសល្យរូបនេះ គឺសព្វថ្ងៃកំពុងតែមានឱកាសច្រើនក្នុងការឆក់យកទីផ្សារសិល្បៈ ដែលអាចរកប្រាក់ចំណូលបានខ្ពស់ពីការសម្ដែងម្តងៗ។ ពិសេសវាក៏ជាឱកាសដើម្បីសម្ងំយកលុយដុំទុកទិញវិឡា និងរថយន្តស៊េរីទំនើបផងដែរ។
ជាការកត់សម្គាល់ ចាប់តាំងពីអំឡុងចុងឆ្នាំ២០១៤ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១៥នេះ តារាសម្ដែងដែលកំពុងតែស្ថិតនៅក្នុងភាពល្បីឈ្មោះ កញ្ញា ឌុច លីដា មិនត្រឹមតែទទួលបាននូវភាពជោគជ័យពីការសម្ដែងប៉ុណ្ណោះទេ ថែមទាំងបង្កើនបាននូវការគាំទ្រកាន់តែងខ្លាំងផងដែរ។ ភាពលេចធ្លោជិតពីរឆ្នាំជាប់គ្នានេះហើយ ទើបបានធ្វើឲ្យតារាសម្ដែង នាង ឌុច លីដា កាន់តែកាក់កបជាមួយអាជីពជាអ្នកសិល្បៈ ហើយនេះក៏ជាឱកាសមួយដ៏ល្អផងដែរសម្រាប់ការកើបលុយនៅរយៈពេល២ឆ្នាំចុងក្រោយនេះ។
ទន្ទឹមគ្នានេះដែរ ក៏មានទស្សនៈមួយចំនួនបាននាំគ្នាលើកឡើងថា តារាសម្ដែង ឌុច លីដា គឺជាតារាចាស់វស្សា ដែលកំពុងតែស្ថិតក្នុងលំដាប់តារាជួរមុខនាពេលនេះ ហើយក៏ជាតារាដែលមានទីផ្សារខ្ពស់ និងទទួលបានការគាំទ្រខ្លាំងក្លាពីសំណាក់យុវវ័យ និងមហាជនជាអ្នកគាំទ្រ។ ម្យ៉ាងទៀតនាងក៏ទទួលបានការកោតសរសើរពីទស្សនិកជនថា ជាតារាដែលមិនប្រកាន់ឫកពា និងការឆ្មើងឆ្មៃ ជាមួយអ្នកគាំទ្រគ្រប់រូប។
ប្រការដែលត្រូវបានដឹងនោះ គឺក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថាតាមរយៈខ្សែរឿងដែលបានចូលខ្លួនសម្ដែងដោយតារាជាប់ងារសិចស៊ី កញ្ញា ឌុច លីដា មួយចំនួននោះ គឺបានធ្វើឱ្យមហាជនជាច្រើនដាក់ការចាប់អារម្មណ៍ទៅលើ និងមានការគាំទ្រចំពោះទេពកោសល្យយ៉ាងខ្លាំងក្លាទៀតផង។ ទាំងនេះ អាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នាង ឌុច លីដា នៅតែអាចរក្សាបានកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពដដែលរយៈពេលជិត២ឆ្នាំនេះ៕
ឌុច លីដា តារាសម្ដែងលេចធ្លោជាប់គ្នា២ឆ្នាំ

0 Comments