Ad Code

សហគមន៍​នេសាទ​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​បទល្មើស​នេសាទ​

ស្ទឹងត្រែង ៖ បទល្មើស​នេសាទ​នៅ​តាម​តំបន់​ហាមឃាត់​ ត្រូវ​បាន​សហគមន៍​នេសាទ​ឃុំ​អូរ​ស្វាយ​ចុះ​បង្ក្រាប​ និង​រឹបអូស​បាន​មង​ក្រឡា​ញឹក​ជាង​១.០០០​ម៉ែត្រ ធ្វើ​ការ​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​ហើយ​សំណូមពរ​បន្ថែម​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ជួយ​ធ្វើការ​ទប់ស្កាត់​ ពីព្រោះ​ជនល្មើស​មិន​ខ្លាច​ក្រែង​ដល់​មន្ត្រី​សហគមន៍​ឡើយ។​


សហគមន៍​នេសាទ​ឃុំ​អូរ​ស្វាយ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​២៨ ខែ​កក្កដា​នេះ លោក អ៊ឹម ធឿន ប្រធាន​សហគមន៍​នេសាទ​ព្រះសាខ​ន​ ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ​និង​អប់រំ​អ្នក​ប្រព្រឹត្ត​ខុស ស្ដីពី​ច្បាប់​ជលផល​នោះ​ បទល្មើស​ទាំងនេះ​នៅតែ​បន្ត​មាន ​ទប់ស្កាត់​មិន​ឈ្នះ ក្នុង​រដូវ​បិទ​នេសាទ​នេះ ធ្វើ​ឲ្យ​ពូជ​ត្រី​សំខាន់ៗ​រង​ទៅ​នឹង​ការ​ផុត​ពូជ។​


លោក​ប្រធាន​សហគមន៍​បញ្ជាក់​ថា ពូជ​ត្រី​សំខាន់​នៅ​ទន្លេ​មេគង្គ​លើ​ មាន​ត្រី​ខ្លា​ ត្រី​រមាស ត្រី​អំបូង ត្រីខ្សា ត្រី​ស្ទក់ ត្រី​ត្រសក់ ត្រី​ប៉ា​សេ​អ៊ី ត្រី​ក្រាយ ត្រី​ក្របី ត្រី​ត្រ​ម៉ម ត្រី​ត្រចៀក​ដំរី ត្រី​នាគ ត្រី​បបែល​យក្ស ដែល​ធ្លាប់​សំបូរ​បែប​នៅ​ខេត្ត​ស្ទឹងត្រែង បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​ការបាត់បង់​ដូចនេះ ​ស្នើ​ឲ្យ​ផ្នែក​ជលផល​ខេត្ត​ជួយ​ពង្រឹង​ការងារ​ទប់ស្កាត់​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត។​


លោក ឌៀប បូរ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ខេត្ត​ស្ទឹងត្រែង​មាន​អន្លង់​អភិរក្ស​ និង​តំបន់​ហាមឃាត់​ជាច្រើន​ ហើយ​កម្លាំង​ជលផល​មាន​គ្នា​តិច​ បច្ចុប្បន្ន​យើង​បាន​សហការ​ជាមួយ​កម្លាំង​បរិស្ថាន​អនុរក្ស​សហគមន៍​នេសាទ​ និង​អាជ្ញាធរ​ភូមិ​/ឃុំ​ចុះ​ធ្វើការ​ប្រមាញ់​នៅ​តាម​ទីកន្លែង​សំខាន់ៗ​ ចំណែក​សហគមន៍​ធ្វើ​នៅ​តាម​ដែន​នេសាទ​របស់​ខ្លួន​មិន​ថា​យប់​ថ្ងៃ​ឡើយ។​


លោក​នាយ​រង​ខណ្ឌ​បាន​អះអាង​ថា ច្បាប់​បិទ​នេសាទ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ​តែ​ជនល្មើស​មួយ​ចំនួន​នៅតែ​លួច​ប្រព្រឹត្ត ហើយ​សកម្មភាព​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ដោយ​មិន​មាន​ការយោគយល់​ទេ ខាង​ខណ្ឌ​រដ្ឋបាល​ជលផល​ហាម​មិន​ឲ្យ​នេសាទ​នៅ​ក្នុង​អន្លង់​អភិរក្ស​ បើ​សិន​ជា​មាន​បទល្មើស​នេសាទ​ពេល​កើតឡើង​នៅ​តំបន់​ការពារ និង​នៅ​តំបន់​អភិរក្ស​ គឺថា ខណ្ឌ​រដ្ឋបាល​ជលផល​ សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី គឺថា​មិន​លើកលែងទោស​ឲ្យ​ទេ ខែ​១​មក​ដល់​ខែ​៧​យើង ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចាប់​ពួក​ឆក់​ត្រី​បាន​៧​នាក់​ហើយ និង​គប់​គ្រាប់បែក​បាន​២​នាក់ ហើយ​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដាក់ទណ្ឌកម្ម​ទៅតាម​ច្បាប់​ស្ដីពី​ជលផល។​


សូម​បញ្ជាក់​ថា ទន្លេ​មេគង្គ​លើ​ពី​ខេត្ត​ក្រចេះ មក​ខេត្ត​ស្ទឹងត្រែង​ ដល់​ព្រំ​ប្រទេស​ប្រទេស​ឡាវ​មាន​ប្រវែង​ជិត​២០០​គីឡូម៉ែត្រ មាន​អន្លង់​អភិរក្ស​ពូជ​ត្រី​ចំនួន​១៧​អន្លង់​ ផ្សោត​ចំនួន​៤​ និង​តំបន់​ហាម​ឃាត់​ មិន​ឲ្យ​ធ្វើ​នេសាទ​ចំនួន​៥ ​ក្នុង​នោះ​មាននៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម ​បូក​នឹង​ស្រុក​សេសា​ន៕
Pisey-215-07-29-full-U


Pisey-215-07-29-full-U1


Pisey-215-07-29-full-U5


Pisey-215-07-29-full-U8



សហគមន៍​នេសាទ​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​បទល្មើស​នេសាទ​

Post a Comment

0 Comments

Close Menu