ក្រចេះ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតស្រុកសំបូរ ចុះល្បាត និងចាប់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ ស្ថិតនៅចំណុចតាមដងទន្លេមេគង្គ ភូមិអូរកក់ ឃុំអូរគ្រៀង ស្រុកសំបូរ។
លោក ម៉ុក ពន្លក ប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ មឿន សុខគា អាយុ២៣ឆ្នាំ រស់នៅភូមិអូរកក់ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជាកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតស្ករសមួយរបស់ឥណ្ឌាឈ្មោះកាំម៉ាឌីនូ ហើយត្រូវសមត្ថកិច្ចចាបឃាត់បានម្នាក់ ក្នុងចំណោមបក្សពួកគេចំណោម៥នាក់ផ្សេងទៀតបានរត់គេចខ្លួន បន្ទាប់ពួកគេធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើ។
លោកបានបន្តថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន អាំងវែកទ័រឆក់ត្រី០១គ្រឿង អាគុយ៥០អំពែ០១គ្រឿង ដងឆក់០១គូ កន្ត្រងដងត្រី០១ ទូកប្រភេទអេវបណ្ដោយ៧ម៉ែត្រកន្លះ០១គ្រឿង និងម៉ាស៊ីនម៉ាកហុងដាកម្លាំង១៣សេះ១គ្រឿងផងដែរ។
ជនសង្ស័យត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផលកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកមិញនេះ ដើម្បីចាត់វិធានការបន្ត៕
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានឆ្មាំទន្លេឃាត់ខ្លួនបញ្ជូនទៅតុលាការ
0 Comments