ភ្នំពេញ ៖ បុរសពីរនាក់ដោយសារផឹកស៊ីស្រវឹងឡូឡាស្ទើររាល់យប់ និងខឹងម្ចាស់ផ្ទះជួលដេញឈប់ឲ្យនៅបានគំរាមយកសាំងមកដុតផ្ទះគេចោល តែមិនទាន់បានដុតទេ ហើយបានគប់ដបសាំងត្រូវប្រជាពលរដ្ឋ ត្រូវគេព្រួតចាប់វាយ និងប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៤និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៥នៅចំណុចក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះថា ថៃភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ និងម្នាក់ទៀតជាបក្ខពួកមានឈ្មោះ ហ៊ុន គឿង ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នគរបាលដកហូតបានដបច្រកសាំងចំនួន២ដបកន្លះនិងដំបង១កំណាត់។
ម្ចាស់ផ្ទះមានឈ្មោះ កែវ សុខ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ផ្ទះជួល តាមព័ត៌មានបានឲ្យដឹងថាជនសង្ស័យឈ្មោះថា ថៃនេះ បានមកជួលផ្ទះស្នាក់នៅទីនោះហើយ តែងតែផឹកស៊ីស្រវឹងពេលយប់អាធ្រាត្រស្រែកឡូឡាជេរគេមិនឲ្យគេដេកបានទេ ដោយសារតែបែបនេះម្ចាស់ផ្ទះជួលបានដេញមិនឲ្យស្នាក់នៅតទៅទៀតទេ តែជនសង្ស័យមិនព្រមចាកចេញដោយស្រួលៗទេ។
ប្រភពបន្ដថា ដោយសារជនសង្ស័យមិនព្រមចេញពីផ្ទះជួលរបស់គេម្ចាស់ផ្ទះ បានយកសោទៅចាក់បិទទ្វារបន្ទប់មិនឲ្យចូល តែត្រូវបានជនសង្ស័យយកដំបងទៅវាយសោ និងបានស្រែកជេរឡូឡាដល់ម្ចាស់ផ្ទះ និងបានយកដបសាំងដែលច្រកក្នុងដបទឹកសុទ្ធចំនួន២ដបកន្លះនៅរករឿងគេទាំងកណ្ដាលយប់និងបានគប់ដបសាំងកន្លះដបត្រូវប្រជាពលរដ្ឋដែលមិនដឹងរឿងសោះដោយមានហេតុការបែបនេះគេបានចាប់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី៕
ជួលផ្ទះគេនៅហើយគំរាមដុតផ្ទះគេចោលទៀត ត្រូវប្រជាពលរដ្ឋចាប់វាយប្រគល់ឲ្យនគរបាល
0 Comments