ភ្នំពេញ ៖ ទន្ទឹមនឹងការប្រកួតប្រជែងលើជំនាញផ្នែកកុំព្យូទ័រការិយាល័យ MOS World Championship ឆ្នាំ២០១៥ កាន់តែខិតជិតមកដល់ ក្នុងការដណ្ដើមមេដាយ និងប្រាក់រង្វាន់ជ័យលាភីច្រើនសន្ធឹកពី Certiport ជាក្រុមហ៊ុនផ្ដល់សេវាកម្មវិញ្ញាសាប្រឡងសម្រាប់សិក្ខាសាលា និងគ្រឹះស្ថានសិក្សាទូទាំងពិភពលោក នៅឯរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បេក្ខជនទាំងបីរូបរបស់កម្ពុជាបានត្រៀមខ្លួនជាស្រេចចំពោះចូលរួមការប្រកួតប្រជែងដ៏អស្ចារ្យនេះ។
ក្រោមការរៀបចំរបស់ IIG Education Cambodia សហការនឹងដៃគូឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទចល័តមិត្តហ្វូន យុវសិស្ស អេង សុខអាន ជាបេក្ខភាពម្នាក់ដែលទទួលបានជ័យលាភីលេខ១ ផ្នែក Microsoft Office Excel ប្រចាំឆ្នាំ២០១៥ នេះ ពីកម្មវិធី MOS World Championship នៅកម្ពុជា បានថ្លែងអំពីក្ដីសង្ឃឹម និងជំនឿចិត្ដលើការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះថា ប្អូនមានអារម្មណ៍រំភើបលាយឡំនឹងការព្រួយបារម្ភចំពោះការប្រឡងខាងមុខនេះ។
អេង សុខអាន បាននិយាយថា “មានអារម្មណ៍សប្បាយចិត្តផង និងពិបាកចិត្តផង។ សប្បាយចិត្តព្រោះបានចូលរួមកម្មវិធីប្រឡងលំដាប់អន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា និងពិបាកចិត្តព្រោះការប្រឡងឆមាសនៅសាលាពេទ្យអាចជាន់ថ្ងៃគ្នា។ ដូចនេះខ្ញុំអាចនឹងត្រូវគេលុបឈ្មោះចេញពីកម្មវិធីសិក្សាអន្តរជាតិដោយសារការអាក់ខានប្រឡងមុខវិជ្ជាខ្លះនៅឆមាសទី២ លើកទី១”។
ប្អូនបានបន្ដថា ដើម្បីឈានឆ្ពោះទៅចាប់ដំណែងជ័យលាភី ប្អូនបានសិក្សាស្រាវជ្រាវអំពីមុខវិជ្ជាប្រឡង និងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ។
បេក្ខជនលេខ១នៅកម្ពុជារូបនេះ បានបង្ហាញជំនឿចិត្ដថា “ខ្ញុំមានសង្ឃឹមច្រើនមានជាងមុនក្នុងការដណ្ដើមជ័យជម្នះ ពីព្រោះការប្រកួតនេះមិនមែនថ្មីសម្រាប់កម្ពុជាទៀតទេ បើទោះបីជាបេក្ខជនមកពីបណ្ដាប្រទេសនានាមានសមត្ថភាពយ៉ាងណាក៏ដោយ”។
ថ្លែងក្នុងនាមជាគ្រូបង្រៀន និងអាណាព្យាបាលរបស់បេក្ខជនឆ្នើមទាំងនេះ លោក ឡុង សុផេង ជានាយករងនៃសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ បានសាទរ និងមានមោទនភាពចំពោះនិស្សិតម្នាក់ដ៏មានសមត្ថភាពដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួន។
លោកបាននិយាយថា “ភាពជោគជ័យនេះមិនត្រឹមតែមានមោទនភាពចំពោះរូបគាត់ផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរូបខ្ញុំ និងសកលវិទ្យាល័យ ព្រមទាំងប្រទេសជាតិទាំងមូលផងដែរ”។
ក្នុងនាមជាឪពុកម្ដាយរបស់បេក្ខជនលេខ១ ពួកគេបាននិយាយថា “ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកូនប្រុសរបស់ខ្ញុំមានសមត្ថភាពខ្ពស់ និងមានស្នាដៃប្រឡងប្រជែងឈ្នះគេប្រចាំប្រទេសកម្ពុជា ហើយបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសហរដ្ឋអាមេរិកក្នុងខែសីហាខាងមុខនេះ”។
ទុកជាបទពិសោធន៍សម្រាប់សិស្សប្អូនដែលនឹងត្រៀមដំណើរក្នុងពេលឆាប់ៗ រៀមច្បងដែលធ្លាប់បានឆ្លងកាត់ការប្រកួតប្រជែងនេះ បានផ្ដែរផ្ដាំ និងផ្ដល់ការណែនាំមួយចំនួនដើម្បីជាទុនសម្រាប់ដណ្ដើមជ័យលាភី។
និស្សិតរៀមច្បងម្នាក់បាននិយាយថា “ការប្រកួតមានលក្ខណៈប្លែកពីការប្រកួតក្នុងស្រុក តែវិញ្ញាសាមិនលំបាកទេ សំខាន់គឺរយៈពេល ពីព្រោះបេក្ខជនផ្សេងៗធ្វើបានលឿនណាស់ ដូច្នេះបើចង់បានជោគជ័យ ត្រូវតែអនុវត្តឲ្យបានច្រើន”។
អេង សុខអាន បានបញ្ជាក់ថា “ខ្ញុំមិនអាចសន្យាថានឹងដណ្ដើមយកជ័យជម្នះនេះទេ តែខ្ញុំអាចសន្យាថា ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងត្រៀមខ្លួនឲ្យបានល្អដើម្បីចេញទៅប្រកួត។ ជាងនេះទៅទៀត ខ្ញុំចង់ឲ្យសិស្សានុសិស្សខិតខំសិក្សាដើម្បីអភិវឌ្ឍជាតិយើងទាំងអស់គ្នា”។
ជាចុងក្រោយ ចំពោះការផ្ដល់ឱកាសឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនយក្សមិត្ដហ្វូន ប្អូនៗនិស្សិតបានថ្លែងនូវការត្រេកអរ និងត្រៀមខ្លួនជាស្រេចសម្រាប់ឱកាសការងារនេះ៕
ដំណើរឆ្ពោះទៅដណ្ដើមជ័យលាភី MOS World Championship 2015
0 Comments