កំពង់ឆ្នាំង ៖ « គ្រូពេទ្យត្រូវមាន គុណធម៌ សីសធម៌ វិជ្ជាជីវៈ និងសមត្ថភាពមាំទាំ ដើម្បីព្យាបាលអ្នក ជម្ងឺឲ្យបានជា »ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិបានលើកឡើងបែបនេះ នៅក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ឆ្នាំង អាណត្តិ៦ឆ្នាំលើកទី៣ នៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឧឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមប្រឹក្សា សមាជិកគណៈគ្រូពេទ្យខេត្ត ចំនួន៧០នាក់ចូលរួមបោះឆ្នោត។
លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិបានលើកឡើងទៀតថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាស្ថាប័នជាតិ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ដើម្បីគ្រប់គ្រងចុះបញ្ជីការ គ្រូពេទ្យគ្រប់ទីកន្លែង និងចេញអាជ្ញាប័ណ្ណបញ្ជាក់ថា គ្រូពេទ្យទាំងអស់នោះជាគ្រូពេទ្យគុណាវុធមានសញ្ញាប័ត្រ និងមានវិជ្ជាជីវៈយ៉ាងពិតប្រាកដ មានសមត្ថភាពអាចព្យាបាលអ្នកជម្ងឺបានទៅតាមជំនាញនៃវិជ្ជាជីវៈ។គណៈគ្រូពេទ្យត្រូវលុបបំបាត់ចោលឲ្យអស់គ្រូពេទ្យគ្មានសញ្ញាប័ត្រ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ និងអាយុជីវិតអ្នកជម្ងឺ។ត្រូវប្រុងប្រយ័ត្នកុំឲ្យដូចករណីគ្រូពេទ្យឃុំរកា ខេត្តបាត់ដំបងមកលងយើងទៀតបានឲ្យសោះ។
លោកបានគូសបញ្ជាក់ទៀតថា គ្រូពេទ្យត្រូវតែគុណធម៌ កុំលោភលន់លុយអ្នកជំងឺ ត្រូវចាត់ទុកអ្នកជំងឺដូចជាប្អូនបង្កើត ឬម្តាយបង្កើតរបស់យើង បើយើងគ្មានសមត្ថភាព ឬគ្មានឧបករណ៍ទំនើបព្យាបាលទេនោះ ត្រូវបញ្ជូនអ្នកជម្ងឺ ទៅគ្រូពេទ្យឬមន្ទីរពេទ្យជំនាញ ដែលមានសមត្ថភាពកុំលោភលន់ទុកអ្នកជំងឺឲ្យមានគ្រោះថ្នាក់ និងត្រូវយកចិត្តទុកដាក់ព្យាបាលឲ្យក្រុមគ្រួសារអ្នកជំងឺអស់ចិត្ត ស្ងប់ចិត្ត និងអរគុណដល់គ្រូពេទ្យយើង ទោះបីប្រពន្ធកូនគាត់មានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ក៏ពួកគាត់បានស្ងប់ចិត្តព្រោះតែបានឃើញយើងជាគ្រូពេទ្យបានប្រឹងប្រែងអស់សមត្ថភាពហើយនោះ។
នៅក្នុងពិធីនេះដែរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងថា វិស័យសុខាភិបាលជាវិស័យអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានចាត់ទុក សុខភាពប្រជាពលរដ្ឋជាស្នូល នៃការអភិវឌ្ឍន៍ធន ធានមនុស្ស ដើម្បីសម្រេចបានវឌ្ឍនភាព សេដ្ឋកិច្ចសង្គម ប្រកបដោយចេរភាព។ ស្របតាមន័យខាងលើនេះ វិស័យសុខាភិបាលខេត្តកំពង់ឆ្នាំងបានកែទំរង់ និងអភិវឌ្ឍន៍ការកសាងធនធានមនុស្ស និងបន្តស្តារហេដ្ឋារចនាសម្ពន្ធរូបវន្ត រំលេចចេញជា ការិយាល័យស្រុកប្រតិបត្តិចំនួន៣ មន្ទីរពេទ្យបង្អែកចំនួន៣ មណ្ឌលសុខភាពចំនួន៥០ និងប៉ុស្តិ៍សុខភាពចំនួន២ នៅពេលខាងមុខយើងនិងខិតខំពង្រីកបន្ថែមទៀត ដើម្បីឲ្យដល់ប្រជាពលរដ្ឋតាមជនបទមានភាពងាយស្រួលក្នុងការព្យាបាលជំងឺ។
នៅក្នុងមហាសន្និបាតនេះដែរគណៈកម្មការរៀបចំការបោះឆ្នោតដែលបានចាត់តាំងឡើង បានដំ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត អាណត្តិ៦ឆ្នាំ លើកទី៣តាមនីតិវិធី ដោយមានការចូលរួមពិនិត្យ និងដឹកនាំបោះឆ្នោតពី ឯកឧត្តម ឡាំ អេងហួរ គណៈគ្រូពេទ្យជាតិ និងមានបេក្ខជនឈរឈ្មោះចំនួន២១រូប ដែលរើសយក៩រូបជាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និង៩រូបជាសមាជិកបំរុង។ ជាលទ្ធផលគឺ៖ ១លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ជាប្រធាន , ២លោក មុំ ហៀងហេង , ៣លោក គង់ ច័ន្ទធា (ជាអនុប្រធានទាំង២រូប). ៤លោក ងិន ចាន់សារ៉េត អគ្គលេខាធិកា ,៥លោក លឹម លៀងងួន , ៦លោក ផាន់ច័ន្ទតារា រងទទួលភូមិភាគ,៧លោក ញូង ឃោសុខ,៨លោក សុខគង់ និង៩លោក មាស ឌុតទី (ទាំង៣នាក់ជាហិរញ្ញិក)។ នៅក្នុងពិធីនោះដែរលោក ធា គ្រុយ បានប្រកាសទទួលស្គាល់និងប្រគល់ត្រាជូនគណៈគ្រូពេទ្យខេត្តថ្មីនិងក៏បានជូនប័ណ្ណសរសើរដល់គណៈគ្រូពេទ្យខេត្តចាស់ទាំង៩រូបផងដែរ៕
មហាសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ឆ្នាំងអាណត្តិ៦ឆ្នាំ
0 Comments