Ad Code

ទស្សនៈ ​៖ ​ភ្នែក​ច្រមុះ​របស់​រដ្ឋ

ប្រជាពលរដ្ឋ​ គឺជា​កម្លាំង​របស់​រដ្ឋ​ ឬក៏ជា​ម្ចាស់​នៃ​ជោគវាសនា របស់​ប្រទេស​ជាតិ។ មាន​ទស្សនៈ​ប្រកបដោយ​ប្រជា​ប្រិយ​នៅក្នុង​សង្គម​ខ្មែរ ក្នុងការ​ជួយ​ថែ​រក្សា​ការពារ​ដឹង​សុខ​ដឹង​ទុក្ខ ដឹង​អស់​ដឹង​គង់​នោះ ពាក្យចាស់​លោក​ធ្វើការ​ប្រៀប​ប្រដូច​ទៅនឹង​ភ្នែក​ច្រមុះ។ ឧទាហរណ៍​ កូន​ចៅ​ជាភ្នែក​ជាច្រមុះ​របស់​មាតាបិតា​ក្នុងការ​ងារ​ទាំងឡាយ​ទាំង​ពួង​ទាក់ទង នឹងការ​ជំនួស​មុខ​ឲ្យ​ក្រុម​គ្រួសារ។

លោកបាន​ធ្វើការ​ប្រៀបធៀប​អំពី​ការងារ​ជំនួស​មុខ​តាមរយៈ​ការដឹង​ ឬការ​ឃើញ​ដោយ​ភ្នែក​ផង និងការ​ស្រង់​ក្លិន​ដោយ​ច្រមុះ​ផង។ នេះហើយ​ដែល​ជាការ​តាមដាន ការងារ ឬក៏​ជាការ​ការពារ​និង​ថែ​រក្សា របស់​ទ្រព្យ​ជាកេរមរតក ឲ្យបានគង់​វង្ស​។ ជាក់ស្តែង​បើយើង​ក្រឡេក​មើល​កំពូល​ប្រាង្គ​ប្រាសាទ​បាយ័ននោះ គឺ​បុព្វបុរស​ ឬសិល្ប​ករ​ខ្មែរ​បានឆ្លាក់​មុខ​មនុស្ស​ក្នុងកំពូល​ប្រាង្គ​នីមួយៗ មានមុខ​៤ បែរ​ទៅរក​ទិស​ធំទាំង​៤។ តើចម្លាក់​នេះ​មានអត្ថន័យ​យ៉ាងណា?


ចម្លាក់នៃ​មុខ៤ នៃ​កំពូល​ប្រាង្គ​ប្រាសាទ បាយ័ន​បាន​បញ្ជាក់ថា ជាការ​សម្លឹង​មើល គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​តាមរយៈ​ការយល់​ពី​សភាព​ការណ៍ ជុំវិញ​ខ្លួន​ផង និងពិនិត្យ​អំពី​សកម្មភាព​ល្អ និង​សកម្មភាព​មិនល្អ ដែល​កើត​មានឡើង​ផង។ ជាពិសេស​មុខ៤នេះ ជាតំណាង​នូវ​ភ្នែក​ច្រមុះ​របស់​មនុស្ស​ក្នុង​សង្គម​ខ្មែរ ប្រកប​ដោយ​ស្មារតី ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុងការ​ការពារ​ និង​កសាង​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​។ គឺ​ដោយសារ​កត្តា​មនុស្ស​នេះ​ហើយ ដែលជាធន​ធាន​ដ៏មាន​តម្លៃ​របស់​ប្រទេស​ជាតិ​ ឬហៅថា ៉ពល​រដ្ឋ ៉​ជាកម្លាំង​របស់ជាតិ​ក្នុង​ការ​បង្កើត​ផល​ប្រយោជន៍​ជូន​ជាតិ​ទើបដូនតា​បាន​ឆ្លាក់​មុខ​មនុស្ស​ដោយលើកតម្កើង​ខ្ពស់​ ដល់​កំពូល​ប្រាសាទ​ទុកជា​មរតកវប្បធម៌​នៃមនុស្ស​និយម​​នៃ​ការ​អភិវឌ្ឍ​ជាតិ​បន្ត​គ្រប់​ជំនាន់​ទាំងអស់។


ទន្ទឹម​នេះដែរ​​បើយើង​គិត​អំពី​តម្លៃ​នៃពលរដ្ឋ​ក្នុងការ​ការពារ​និងថែរក្សា​ប្រទេស​ជាតិ​នោះ គឺ​គេ​ចាត់​ទុក​ ភ្នែក​មនុស្ស​ទាំងអស់​ជាអ្នក​មើល​ឃើញ​ច្បាស់​អំពី​ហេតុផល​នានា ទាំងការ​ខាត​និង​ការ​ចំណេញ​នោះ​ទាំង​ល្អ និង​ទាំងអាក្រក់ ដែល​កើត​មាន​ជុំវិញខ្លួន។ កន្លង​មក​គេតែ​ង​និយាយថា «ភ្នែក​ម្នាស់ »ដែល​សំដៅ​ទៅលើ​ភ្នែក​ប្រជាពលរដ្ឋ​ទាំង​អស់​សម្រាប់​បង្ហាញ​ការពិត​អ្វី​មួយ​ជាក់​លាក់​រហូត​ដល់​មាន​ទស្សនៈ​ជាសកល​មួយឃ្លា​ពោលថា La rainson du peule est la raison du Dieu គឺ​ប្រែថា យោបល់​​ប្រជា​ពលរដ្ឋ​ទុកដូច​ជាយោបល់​អាទិទេព។


បើ​យើង​ធ្វើការ​រំលឹក​ឡើង​វិញ​អំពី​លទ្ធ​ផល​នៃការ​ងារ​កសាង​ និងការ​ពារជាតិ​វិញ​នោះ គឺ​ប្រជាពលរដ្ឋ​ទាំង​អស់​ទាំង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​​ទាំង​កម្មករ ពាណិជ្ជ​ករ​ កសិករ សិប្បករ សិស្ស​ពះ​សង្ឃ ….។ល។ សុទ្ធតែ​ជាកម្លាំង​របស់​រដ្ឋ​ហើយក៏​ដូចពាក្យ​ចាស់​លោក​បាន​ធ្វើការ​ប្រៀ​បប្រដូច​ទៅនឹង​ភ្នែក​ច្រមុះ​របស់​រដ្ឋ​ដែរ។ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​ជាភ្នែក​ជាច្រមុះ​ ដ៏យុត្តិធម៌​បំផុត​ក្នុងការ​ឃ្លាំមើល​សកម្មភាព​មិន​ប្រក្រតីតាមរយៈ​ការ​រំលោភ​បំពាន​ពីបរទេស​ជិតខាង។


ជាក់ស្តែង​កន្លង​មក​នេះ គឺ​ប្រជាពលរដ្ឋ​បាន​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ និង​ដល់​អ្នកតំណាង​រាស្ត្រ​មិនថា ជាតំណាង​រាស្រ្ត​គណបក្ស​នយោបាយ​ណា​​ទេឲ្យ​ តែ​ជា​អ្នក​មានតួនាទី​ជាតំណាង​រាស្ត្រ​នោះគឺ​ជាអ្នក​ទទួល​ប្រាក់ខែ​ជាតិ​ហើយក​៏​ជា​អ្នក​បំរើជាតិ​​ដូចគ្នា​ទាំង​អស់​ ដើម្បី​រួម​គ្នា​ប្រឈម​មុខ​ដោះ​ស្រាយ​ជូនផលប្រយោជន៍​ជាតិ និង​បង្កនូវ​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​មិនថា តំណាងរាស្រ្ត​នៃគណបក្ស​ប្រឆាំង​ ឬអ្នក​តំណាង​រាស្ត្រ​ នៃគណបក្ស​មិន​ប្រឆាំង​នោះទេ គឺជា​តំណាង​នូវភ្នែក​ច្រមុះ​របស់​រដ្ឋ​ដូចគ្នា។ បាន​សេចក្តីថា គេមិនគិត​អំពី​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នាំមុខ ឬនាំ​ក្រោយ​អ្វីឡើយ។ ឯអ្វីដែល​ត្រូវ​គិតនោះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ ដែល​ជារឿង​ធំ​ដោយមិន​បាច់​មើល​បំណាំគ្នា ឬមិន​បាច់​ប្រជែង​យក​ប្រជាប្រិយភាព​ក្នុងការ​កេង​យក​ចំណេញ​នយោបាយ​នៃគណបក្ស​របស់​ខ្លួន​នោះទេ។ ដ្បិត​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​​អ្នកតំណាងរាស្ត្រ​គឺ ជា​តំណាង​នូវភ្នែក​ច្រមុះ​របស់​ជាតិ​ស្មើភាព​គ្នា ក្នុងនាម​ជា​អ្នក​បម្រើ​ជាតិ​មាតុភូមិ​ជាទីស្នេហា៕



ទស្សនៈ ​៖ ​ភ្នែក​ច្រមុះ​របស់​រដ្ឋ

Post a Comment

0 Comments

Close Menu