មណ្ឌលគិរី ៖ គោយន្តកែច្នៃ២គ្រឿងរបស់ជនជាតិវៀតណាម ដែលបានឆ្លងចូលមកក្នុងទឹកដីកម្ពុជាដឹកជញ្ជូនឈើប្រភេទគគីរជាច្រើន កំណាត់បម្រុងឆ្លងទៅប្រទេសវៀតណាម ត្រូវបានកម្លាំងអាវុធស្រុកពេជ្រាដាស្ទាក់ចាប់បានកាលពីពេលថ្មីៗនេះ ហើយនៅថ្ងៃទី២០ កក្កដា ២០១៥ គោយន្តកែច្នៃទាំងពីរគ្រឿងអាចយកចេញពីព្រៃមករក្សាទុកនៅបញ្ជាការកងរាជអាវុធហត្ថស្រុកបានហើយ គ្រាដែល ការចាប់បង្ក្រាបនោះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ កក្កដា ២០១៥មកម្ល៉េះ តែដោយសារស្ថានភាពផ្លូវក្នុងព្រៃលំបាកខ្លាំងពេក ទើបមិនអាចយកចេញពីព្រៃភ្លាមៗបាន។
លោក ព្រហ្ម សាវ៉េន មេបញ្ជាការកងរាជអាវុធហត្ថស្រុកពេជ្រាដាបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីការឃុបឃិត គ្នារវាងមន្ត្រីនៅដែលមានតួនាទីយាមកាមនៅតាមបន្ទាត់ព្រំដែន បានបើកឲ្យវៀតណាមចូលមកអារ នឹងដឹកជញ្ជូនឈើចេញទៅវិញ យ៉ាងអានាធិបតេយ្យនោះ លោកបានដាក់កម្លាំងឲ្យតាមឃ្លាំមើលរហូត លុះទទួលបានសេចក្ដីរាយការណ៍ថាមានគោយន្តកែច្នៃ របស់ជនជាតិវៀតណាម២គ្រឿង បានចូលមកអារឈើគគីរដែលមានមុខកាត់ធំៗ នឹងបម្រុងដឹកឆ្លងទៅប្រទេសវៀតណាមវិញនោះ លោកក៏បានដឹកនាំកម្លាំងចុះទៅស្ទាក់ចាប់បានគោយន្តដឹកឈើទាំងពីរគ្រឿងទាន់ពេលវេលា ត្រង់ចំណុចស្ពានភ្នំណាំលៀ ស្ថិតក្នុងភូមិពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ចំណែកជនជាតិវៀតណាមដែលជាអ្នកប្រព្រឹត្តបទល្មើសទាំងនោះ បានរត់គេចខ្លួនអស់។
លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកពេជ្រាដាបានឲ្យដឹងទៀតថា ឈើគគីរដែលជនជាតិវៀតណាមបម្រុងដឹកយកទៅវៀតណាមនោះ គឺមានមុខកាត់ធំ ចំនួន៧កំណាត់ ប្រមាណស្មើនិង៧ម៉ែត្រគូប ហើយគោយន្តរួមទាំងឈើដែលបង្ក្រាបបាននេះ លោក នឹងប្រគល់ឲ្យមន្ត្រីជំនាញចាត់ការបន្ត។
សូមបញ្ជាក់ថា បើយោងតាមប្រភពពីមន្ត្រីក្នុងពេជ្រាដាម្នាក់បានលួចបង្ហើបឲ្យដឹងថា គោយន្តទាំងពីរគ្រឿងនេះចូលមកក្នុង ទឹកដីស្រុកពេជ្រាដាបាន តាមច្រករបៀងង៉ាំប៉ាតឹង គ្រប់គ្រងដោយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រា ដែលចំណុះឲ្យវរៈនគរបាលការពារព្រំដែនគោកលេខ៣០៣ ។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា ច្រករបៀងង៉ាំប៉ាតឹងនេះមិនត្រឹមតែបើកឲ្យជនជាតិវៀតណាម ចូលមកអារនិងដឹកជញ្ជូនឈើពីឃុំប៊ូស្រាយ៉ាងសេរីនោះទេ ថែមទាំងបើកឲ្យរថយន្តដឹកឈើប្រណិត និងរថយន្តដឹកជន្លង់ម្រេចឆ្លង យកទៅលក់ឲ្យវៀតណាមយ៉ាងអានាធិបតេយ្យផងដែរ។
ជុំវិញករណីនេះលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រាបានឲ្យដឹងថា គោយន្តទាំងពីរនោះគឺជារបស់ប្រជាពលរដ្ឋ ក្នុងស្រុកមិនមែនចូលមកតាមច្រកលោកគ្រប់គ្រងឡើយ ហើយច្រករបៀងដែលលោកគ្រប់គ្រងមិនបទល្មើសព្រៃឈើឆ្លងកាត់ឡើយ។
ពាក់ព័ន្ធនិងករណីនេះដែរ លោក សៀន ស៊ីវន ប្រធានវរៈនគរបាលការពារព្រំដែនគោកលេខ៣០៣ បានឲ្យដឹងថា លោកទទូលថា មានគោយន្តចូលមកដឹកឈើក្នុងឃុំប៊ូស្រា ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីពេលថ្មីៗនេះ តែលោកមិនដឹងចូលមកតាម ច្រកណាទេ ហើយចំពោះការនាំឈើ និងជន្លង់ម្រេចចេញទៅវៀតណាមនោះ លោកនិយាយយ៉ាងខ្លីថា ប្រសិនបើអ្នកព័ត៌មានឃើញ សូមឲ្យអ្នកព័ត៌មានចាប់បង្ក្រាបចុះ៕
មន្ត្រីអាវុធហត្ថបង្ក្រាបគោយន្តកែច្នៃដឹកឈើរបស់ជនជាតិវៀតណាម២គ្រឿង
0 Comments