ភ្នំពេញ ៖ លោក ព្រហ្ម ញាណ វិចិត្រ មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីកាលពីវេលាម៉ោង១១ និង១៥ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មុននេះថា ប្រធានបានបញ្ជូនទៅឲ្យជំនាញពិនិត្យមើលហើយ តែលទ្ធផលយ៉ាងនោះ នៅមិនទាន់ដឹងនៅឡើយទេ ចាំមើលការពិគ្រោះយោបល់សិន។
លោក ព្រហ្មញាណ វិចិត្រ បានបញ្ជាក់យ៉ាងនេះថា “ពាក្យនោះគាត់ បានទទួលហើយ ជំនាញរុញទៅគាត់ ហើយគាត់រៀបចំបញ្ជាទៅជំនាញវិញ ដើម្បីពិនិត្យមើលគ្រប់ជ្រុងជ្រោយតាមនីតិវិធីច្បាប់ហើយទើបស្នើមកប្រធានវិញ ទើបប្រធានចាប់ផ្តើមធ្វើការជាសមូហភាពតាមនីតិវិធីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយបើឃើញយ៉ាងម៉េចយើង នឹងគិតតាមនោះ ហើយការពិនិត្យមើលនេះ វាអាស្រ័យទៅលើបទបញ្ជានីតិវិធី មិនអាចធ្វើអ្វីតាមការទាមទារបានទេ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ សមាជិកសភាគណបក្សសង្គ្រោះជាតិមួយរូប គឺលោក សុន ឆ័យ និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន២ រូប គឺ លោក សេង មារឌី និងលោក ទាវ វណ្ណុល បានយកលិខិតទៅដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីស្នើឲ្យពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្ដីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ ហើយការស្នើសុំនេះ ដោយសំអាងថា សេចក្តីព្រាងច្បាប់នេះ ជាច្បាប់ដែលចម្រូងចម្រាស ហើយមានបញ្ហាជាច្រើន ដែលត្រូវកែប្រែ។
សេចក្ដីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានសង្គមស៊ីវិលបានធ្វើការតវ៉ាជាច្រើនលើក ប៉ុន្តែទោះជាយ៉ាងណា ត្រូវបានរដ្ឋសភាលើកយកមកអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ដោយសំឡេង៦៨ លើ៦៨។ បន្ទាប់មកព្រឹទ្ធសភា បានលើកយកមកអនុម័តកាលពីថ្ងៃទី២៤ ដោយសំឡេង៤៤ លើ៤៤។
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលធ្លាប់បានថ្លែងថា ដំណើរការអនុម័តច្បាប់នេះ គឺបានអនុវត្តត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ (មាត្រា៤២) សេចក្ដីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស (មាត្រា២០) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា២២) និងស្របតាមនីតិវិធីនៃការធ្វើច្បាប់ផ្ទៃក្នុង ព្រមទាំងមានការជជែកពិគ្រោះយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្តថា អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃសេចក្ដីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ជំពូក និង៣៩ មាត្រា ហើយដែលបានអនុម័តដោយស្ថាប័ននីតិបញ្ញត្ត គឺក្នុងគោលបំណងធានាការពារសិទ្ធិ សេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរសាធារណៈ ព្រមទាំងមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ ការចុះបញ្ជី ចុះអនុស្សរណៈនៅក្រសួងមានសមត្ថកិច្ច។
តាមលោក ទិត សុធា បញ្ជាក់ដែរថា ក្រៅពីនេះ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានភ្ជាប់នូវសិទ្ធិ និងកាតព្វកិច្ច និងការទទួលបានការការពារ ព្រមទាំងលើកទឹកចិត្ត និងការអនុគ្រោះនានា ក្នុងការធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាដូចដែលបានកំណត់ក្នុងច្បាប់។ ផ្អែកលើហេតុផលដ៏ត្រឹមត្រូវ ច្បាស់លាស់ ដូចបានលើកឡើងខាងលើ ហើយច្បាប់នេះ ពុំមានមាត្រាណាមួយរឹតត្បិតសិទ្ធិសេរីភាព ឬគាបសង្កត់ទៅលើសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញ វារិតតែបានបង្ហាញយ៉ាងច្បាស់ថែមទៀត ពីដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំនៅកម្ពុជា ដែលមតិភាគតិចត្រូវតែគោរពសំឡេងនៃមតិភាគច្រើន ពីព្រោះនៅពេលមានការអនុម័តច្បាប់ណាមួយ រាជរដ្ឋាភិបាលតែងតែបានផ្តល់សិទ្ធិ សេរីភាពដ៏ពេញលេញជូនប្រជាពលរដ្ឋ និងសមាជិកសភាមតិភាគតិច នៃរដ្ឋសភា ក្នុងការសម្ដែងមតិនានា ឬធ្វើបាតុកម្មស្របតាមគោលការណ៍ច្បាប់៕
ក្រុមប្រឹក្សាធម្មនុញ្ញដំណើរការពិនិត្យលើសំណើរបស់គណបក្សប្រឆាំងលើសេចក្ដីព្រាងច្បាប់ NGOs
0 Comments