Ad Code

ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​មួយ​នឹង​វត្ថុតាង

ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​/ស្រី​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​ចាប់​ឃាត់ខ្លួន​ខណៈ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​យ៉ាង​សកម្ម។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១៦​និង​០០​នាទី​ ថ្ងៃ​ទី​២៨ ​ខែ​សីហា ​ឆ្នាំ​២០១៥​ ស្ថិតនៅ​ចំណុច​ផ្លូវលំ​ក្រុម​៧​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ។


លោក​ សៀម​ សុត្ថា​វុ​ធ​ អធិការ​ខណ្ឌ​ជ្រោយចង្វារ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​/ស្រី​ទាំង​២​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ​ដោយ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នោះ​ ១-​មានឈ្មោះ​ ខេត្ត​ រ៉ូ​ហ្សា​ ភេទ​ស្រី ​អាយុ​២៤​ឆ្នាំ ​និង​មានមុខ​របរ​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​ឌ្រី​ម​វើ​ល​ ស្នាក់នៅ​ផ្ទះ​ជួល​បន្ទប់​លេខ​២០​ ក្រុម​៧​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​,២​-ឈ្មោះ ស្វាយកែវ ​រតនៈ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ និង​មានមុខ​របរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ក្រុម​៧ ​ភូមិ​ព្រែកលៀប​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។


លោក​អធិការ​ខណ្ឌ​ជ្រោយចង្វារ​បាន​ប្រាប់​ទៀត​ថា ​ក្នុងនាម​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​បើក​ការ​ស្រាវជ្រាវ​រយៈពេល​ជិត​១​ខែ​មក​ហើយ​ក្នុង​ការកំណត់​មុខសញ្ញា​ចែកចាយ​គ្រឿង​ញ​ដ៏​សកម្ម​នេះ ​លុះ​មកដល់​ថ្ងៃ​ទី​២៨ ​ខែ​សីហា​ ឆ្នាំ​២០១៥​ នា​ពេល​រសៀល ​ទើប​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ស្វាយកែវ​ រតនៈ ​នៅ​ចំណុច​ក្នុង​វត្ត​ព្រែកលៀប​ ភូមិ​ព្រែកលៀប​ សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ​ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់។​នៅ​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​ សមត្ថកិច្ច​បាន​បន្ត​ការ​ស្រាវជ្រាវ​បើក​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​បក្សពួក​ម្នាក់ទៀត​ជា​ស្ត្រី​ឈ្មោះ ​ខេត្ត​ រ៉ូ​ហ្សា​ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​លេខ​២០ ​ក្រុម​៧​ ភូមិ​គៀន​ឃ្លាំង​សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ​ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​វត្ថុតាង​មួយ​ចំនួន​រួម​មាន គ្រឿងញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​ថង់​តូច ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១,៣,​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ផង​ដែរ​ ក្នុង​នោះ​ក៏​មាន​ថវិកា​ចំនួន​១៣​ម៉ឺន​រៀល​ និង​ប្រាក់​ដុល្លារ​ចំនួន​២០ដុល្លារ​ផង​ដែរ។


បច្ចុប្បន្ន​ ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​២​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿង​ញៀន ​រួម​នឹង​វត្ថុតាង​កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បន្ត​ទៅ​ស្ថាប័ន​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់៕​
Pisey-2015-08-29-full-R


Pisey-2015-08-29-full-R1



ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​មួយ​នឹង​វត្ថុតាង

Post a Comment

0 Comments

Close Menu