ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីន ហួរបានឲ្យដឹងនៅថ្ងៃសៅរ៍ថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បាននិយាយការពារដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងនៅសប្ដាហ៍ក្រោយដើម្បីមើលក្បួនព្យុហយាត្រាយោធាដែលជាការសម្គាល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរបន្ទាប់ពីមានការព្រួយបារម្ភពីប្រទេសជប៉ុន។
កងទ័ពចិនរាប់ពាន់នាក់នឹងហែក្បួនតាមកណ្ដាលក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ដើម្បីរំលឹកដល់ខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីចិនលោកស៊ីជីន ពីងនិងមេដឹកនាំផ្សេងទៀតដូចជាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។
មេដឹកនាំប្រទេសលោកខាងលិចភាគច្រើនបានបដិសេធមិនចូលរួមក្នុងកម្មវិធីនេះក៏ដូចជានាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេផងដែរ។
ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ក្រសួងការបរទេសរបស់ប្រទេសជប៉ុនបានសម្ដែង “ការមិនពេញចិត្តយ៉ាងខ្លាំង” ចំពោះវត្តមានរបស់លោក បាន គីមូន។
ដោយឡែក លោក បាន គីមូន ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងត្បូងបានថ្លែងថា លោកបានដឹងពីរបាយការណ៍ទាំងនោះ។
លោកបាននិយាយប្រាប់ស៊ិន ហួរថា វាជាការសំខាន់ដើម្បីមើលទៅអតីតកាល វាជាមេរៀនដែលយើងបានរៀនសូត្រ ។
អនុស្សាវរីយ៍នៃសង្គ្រាមនៅតែដក់យ៉ាងជ្រៅក្នុងប្រទេសចិនក៏ដូចជានៅកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផងដែរដោយសារតែអ្វីដែលមនុស្សជាច្រើនជឿថា ជាទង្វើរបស់ជប៉ុន ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ក៏នឹងចូលរួមក្នុងក្បួនដង្ហែនេះផងដែរនៅទីក្រុងប៉េកាំងរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់៕ Reuters
អ.ស.ប ការពារក្បួនព្យុហយាត្រារបស់ចិនបន្ទាប់ពីមានក្ដីបារម្ភពីជប៉ុន
0 Comments