ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារូសប្រចាំកម្ពុជាលោកបណ្ឌិត វ៉ាឡឺរី សាដូខូ (Valery Sadokho) នឹងជួបផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានដែលឈានមុខគេនៅប្រទេសកម្ពុជា នាវេលាម៉ោង១១ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នេះ នៅសណ្ឋាគារកាំបូឌីយាណា រាជធានីភ្នំពេញ។
តាមអញ្ជើញរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ការជួបផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានរបស់លោក Valery Sadokho នាពេលនេះ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចចក្រកម្ពុជា និងសាធារណរដ្ឋបេឡារូសលើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយការផ្តល់បទសម្ភាសន៍នេះដែរ គឺចំពេលខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា លោក Valery Sadokho ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ហើយលោកបានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ ដែលនៅក្នុងជំនួបនោះ លោកបានជួបជាមួយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ហើយនៅក្នុងឪកាសនោះ លោក Valery Sadokho បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ សំខាន់ៗមួយចំនួនដូចជាវិស័យសេដ្ឋកិច្ចជាដើមនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនាពេលនោះ លោក អ៊ុច បូររិទ្ធ បានជម្រាបជូនលោក Valery Sadokho អំពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនយ៉ាងខ្លាំង ហើយកត្តាសំខាន់ៗ ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនេះរួមមាន វិស័យកសិកម្ម ពិសេសផលិតផលស្រូវ វិស័យទេសចរណ៍ និងវាយនភណ្ឌជាដើម។ ទន្ទឹមនឹងនោះ កម្ពុជា និងបេឡារូស ក៏បានឯកភាពគ្នានៅក្នុងក្របខណ្ឌនៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើការផ្លាស់ប្ដូរពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈពេលដែលប្រទេសទាំងពីរធ្លាប់មានប្រពៃណី នៃកិច្ចសហប្រតិបត្តិ ការជាមិត្តភាពតាំងតែពីបេឡារុសស្ថិតនៅក្នុងសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតមកម្ល៉េះ។
ដោយឡែកលោក Valery Sadokho ក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដោយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបេឡារូសផងដែរ ហើយលោកក៏បានស្នើសុំឱ្យកម្ពុជាពង្រឹងកិច្ចការពារដល់អ្នកវិនិយោគ ដែលមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ព្រោះបេឡារុសមានសក្ដានុពលលើការផលិតគ្រឿងចក្រកសិកម្ម ដែលនឹងត្រូវនាំចូលមកកម្ពុជា។ ជាមួគ្នានោះ ប្រទេសទាំង ក៏បានសម្រួលការលើកលែងទិដ្ឋាការចំពោះមន្ត្រីផ្លូវការ ដែលមានកាន់លិខិតឆ្លងដែន ការទូត និងលិខិតឆ្លងដែនផ្លូវការ សំដៅសម្រួលដល់ការធ្វើដំណើរបំពេញការងាររបស់ភាគីទាំងពីរផងដែរ៕
0 Comments