ភ្នំពេញ ៖ ការចរចារកដំណោះស្រាយ រវាង តំណាង ក្រុមហ៊ុននិង ក្រុមអ្នកបើកឡាន កាពីតូល នៅក្នុងអធិការនគរបាលខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី១ខែសីហា ត្រូវបរាជ័យជាថ្មី ដោយសារអ្នកបើកបរមិនទទួលនីតិវិធីរដ្ឋបាល របស់ក្រុមហ៊ុនដែលទាមទារ អោយ អ្នកបើកបរ រថយន្ត ធ្វើលិខិតសុំចូលធ្វើការជាថ្មី តែត្រូវភាគី អ្នកបើកបរបដិសេធ។
លោក គួង ប៊ុនរឿន អ្នកបើករថយន្តម្នាក់បាននិយាយថា កិច្ចប្រជុំនោះ មិនបានទទួល លទ្ធិផល អ្វីនោះទេ ដោយសារក្រុមហ៊ុនទាមទារអោយអ្នកបើកឡានទាំងអស់ ធ្វើពាក្យស្នើសុំធ្វើការឡើងវិញ។ លោកបន្ថែមថា ការតម្រូវបែបនេះ អាចធ្វើអោយពួកគាត់បាត់បង់ អត្ថប្រយោជន៍ ផ្សេងដែលពួកគាត់ខ្លះបានធ្វើការអស់រាប់ឆ្នាំមកហើយនោះ។ នៅក្នុងកិច្ចចរចា រកដំណោះស្រាយនោះភាគី អ្នកបើកបរទាំងអស់ព្រមចូលធ្វើការវិញ ទៅតាមអ្វីដែល បានដោះស្រាយនាពេលកន្លងមក ប៉ុន្តែ សុំ មិនធ្វើ ពាក្យស្នើសុំ ចូលធ្វើការជាថ្មី ដោយពួកគាត់អះអាងថា ការធ្វើបែបនេះ ក្រុមហ៊ុន អាចចំណេញ និងមានទម្ងន់ជាង ពួកគាត់។
លោក ខៀវ វ៉ាន មេធាវី តំណាងឲ្យក្រុមហ៊ុនកាពីតូលបានអោយដឹងថា ក្រុមហ៊ុន កាពីតូលបាន សុំអោយ អ្នកបើកបររថយន្ត ទាំងអស់ ចូលបំពេញ ការងារវិញ ដោយ គោរពទៅតាម ដីការក្សាការពារ របស់សាលាដំបូង និងក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃក្រសួងការងារ ដែលបង្គាប់អោយ អ្នកបើកឡាន ក្រុងទាំងអស់ចូលធ្វើការវិញ។
លោកបន្តថា ក្រុមហ៊ុនកាពីតូល មានចេតនា ចងដោះស្រាយ បញ្ហាជាមួយអ្នកបើកបរអោយបានបញ្ចប់ ដោយគោរពទៅតាម ដីការក្សាកាពារ របស់សាលាដំបូង និងក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃក្រសួងការងារនិងការដោះស្រាយគ្នានាពេលកន្លង។ លោកបន្ថែមថា អ្នកបើកបរអាចចូលធ្វើការវិញ បាន ប៉ុន្តែ អ្នកបើកឡានទាំងអស់ ត្រូវ ធ្វើពាក្យសុំធ្វើការជាថ្មី តាមបែបបទរដ្ឋបាល។ ព្រោះ ថាកន្លងមកអ្នកបើកឡានទាំងអស់បាន បានដាក់ពាក្យ សុំសំរាក នៅពេលធ្វើកូដកម្ម ដូច្នេះ តាមនីតិវិធីរដ្ឋបាល អ្នកទាំងអស់នោះត្រូវដាក់ពាក្យស្នើសុំជាថ្មីមកក្រុមហ៊ុន ដើម្បីងាយស្រួល ដល់ ការបើកនិងទូទាត់ប្រាក់ខែ ដល់ពួកគេ។
លោកបញ្ជាក់ថា កន្លងមកអ្នកបើកបរទាមទារឲ្យក្រុមហ៊ុនគោរពច្បាប់ការងារ ឥឡូវក្រុមហ៊ុនគោរពច្បាប់ ដូច្នេះ អ្នកបើកឡានក៏ត្រូវគោរពច្បាប់ផងដែរ ទៅតាមនីតិវិធីរដ្ឋបាល។ កាលដែលក្រុមហ៊ុន តម្រូវអោយ អ្នកបើកបរធ្វើពាក្យស្នើជាថ្មី មិនប៉ះពាល់ដល់ ដល់ អតីតភាពការងារ របស់បងប្អូននោះទេ។ លោកបញ្ជាក់ថាពាក់ព័ន្ធនិងការទាមទាររបស់អ្នកបើកឡានចំនួន១៥ចំនួន ក្នុង១២ចំនុចក្រុមហ៊ុនបានឯកភាពអស់ហើយនៅសល់តែបីចំណុចប៉ុណ្ណោះ ដោយសារតែការទាមទារនោះវាហួសហេតុពេកនិងមិនស្ថិតនៅក្នុងច្បាប់ឡើយ។
ចំណែក លោក ផាន់ សុភាពអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនកាពីតូលធ្លាប់បាន អះអាងថា ក្រុមហ៊ុនបញ្ឈប់អ្នកបើករថយន្តទាំង៥នាក់ដោយសារពួកគាត់បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា ដាក់ភ្ញៀវតាមផ្លូវ ឈ្លោះប្រកែកជាមួយអ្នកលក់សំបុត្រតាមសាខា និងមិនឈប់ដាក់ភ្ញៀវតាមសាខាជាដើម។ លោកថា ក្រុមហ៊ុនបានព្រមានពួកគាត់ពី៣ទៅ៤លើករួចមកហើយ តែពួកនៅតែមិនស្ដាប់។
ការចរាចរកដំណោះស្រាយជាថ្មីភាគីទាំងពីរឯកភាពគ្នាលើកទៅថ្ងៃក្រោយ ប៉ុន្តែភាគីទាំងពីរមិនទាន់បញ្ជាក់ថា នៅថ្ងៃណានោះទេ៕
ក្រុមហ៊ុនកាពីតូល សុំអោយអ្នកបើកបរគោរពច្បាប់ចូលធ្វើការ
0 Comments