ភ្នំពេញ ៖ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា របាយការណ៍ និងតួលេខព្រៃឈើ របស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឬអន្តរជាតិមួយចំនួន ធ្វើឡើងគ្រាន់តែដើម្បីបំផ្លាញទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ និងជាការឆ្លើយតបជាមួយរបាយការណ៍ និងតួលេខព្រៃ ឬចំណាត់ថ្នាក់ព្រៃ ដែលធ្វើឡើងដោយក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ លោកថ្លែងថា “អ្វីដែលខ្ញុំចង់ជម្រាបជូននៅពេលនេះ នូវសកម្មភាពនៃរបាយការណ៍ និងតួលេខព្រៃ ឬចំណាត់ថ្នាក់ព្រៃ ដែលអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឬអន្តរជាតិមួយចំនួន តែងតែប្រើប្រាស់ក្នុងការប្រឌិតព័ត៌មានបំភ័ន្តមតិសាធារណៈជាតិ និងអន្តរជាតិ ដែលជាហេតុផល ដើម្បីវាយប្រហារ ឬជាមូលដ្ឋាន ក្នុងការបំផ្លាញសេចក្តីទុកចិត្តរបស់មហាជនមកលើរាជរដ្ឋាភិបាល”។
លោកផៃ ស៊ីផាន បានបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នេះ គេតែងតែឃើញកើតឡើងចំពោះប្រទេសដែលមានការវាយប្រហារពីបដិវត្តន៍ពណ៌។ នៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ខ្ញុំបានប្រើពាក្យតួលេខព្រៃនេះ ឆ្លើយតបនឹងលោក កែម ឡី ពីអ្វីដែលលោក កែម ឡី យកតួលេខព្រៃមកប្រើប្រាស់នៅក្នុងវេទិកាសាធារណៈ ដើម្បីក្លែងបន្លំ បោកប្រាស់សាធារណៈ ក្នុងការញុះញង់ ធ្វើឲ្យសាធារណជនបោះបង់សេចក្តីទុកចិត្ត ឬបោះបង់កិច្ចចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល។ ការប្រឌិតតួលេខ ឬចំណាត់ថ្នាក់ព្រៃ គេតែងតែធ្វើជាប្រព័ន្ធ ពីក្នុងស្រុកទៅក្រៅស្រុក ឬពីក្រៅស្រុកមកក្នុងស្រុក ដែលនៅក្នុងនោះ មានប្រព័ន្ធផ្សព្វផ្សាយ ដែលតាំងខ្លួនឯងថា ជាប្រព័ន្ធព័ត៌មានឯករាជ្យ ធ្វើការឃោសនា បំផុសបំផុលបន្ត ញុះញង់សាធារណៈឲ្យដឹងខុស យល់ខុស និងធ្វើសកម្មភាពប្រឆាំង មិនសមហេតុមិនសមផល។
លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា នៅថ្មីៗនេះ អង្គការលីកាដូ បានប្រឌិតតួលេខព្រៃតាមរយៈរបាយការណ៍របស់ខ្លួន ស្តីអំពីករណីរំលោភដីធ្លី ដែលបានផ្សព្វផ្សាយជាតួលេខមិនពិត ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ច្រឡំ ហើយតួលេខប្រឌិតនេះក៏ត្រូវបានមជ្ឈដ្ឋានអគតិ យកមកប្រើជាឧបករណ៍ក្នុងការវាយប្រហារមកលើរដ្ឋាភិបាល ដែលគួរឲ្យសោកស្តាយ និងហួសចិត្ត។ សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ ក៏ជាភស្តុតាងស្រាប់ក្នុងការវិនិច្ឆ័យទៅលើភាពសុចរិតរបស់អង្គការលីកាដូនេះ នោះមិនគិតអំពីការប្រឌិតរឿងដទៃទៀត ដូចជាការប្រឆាំងនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
លោកផៃ ស៊ីផាន ៖ របាយការណ៍និងតួលេខព្រៃឈើរបស់NGOមួយចំនួនដើម្បីបំផ្លាញទំនុកចិត្តលើរាជរដ្ឋាភិបាល
0 Comments