Ad Code

រូប​សំណាក​ឥន្ទ្រ​ទេវី​ ត្រូវ​ជន​អនាមិក​ផាត់​ពណ៌​មុខ​យ៉ាង​អនាធិបតេយ្យ

បាត់ដំបង​ ៖​ រូប​សំណាក​ឥន្ទ្រ​ទេវី ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ពស​ 2554 និង​ទុក​ជាទី​សក្ការៈ​នៅ​ចំ​កណ្តាល​សួន​លោក​ស ខេង និង​នៅ​ចំ​កណ្តាល​ក្រុង​បាត់ដំបង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ធ្យូង​ទៅ​គូសវាស ផាត់​ពណ៌​ នៅ​លើ​ផ្ទៃមុខ​យ៉ាង​អាក្រក់​មើល​ជាទីបំផុត នៅ​ក្នុង​ខណៈ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​បាត់ដំបង​កំពុង​ដេកលក់ និង​អសកម្ម។


គួរ​បញ្ជាក់ដែរថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដែល​នៅ​តាម​បណ្តា​សួន​នានា​ក្នុង​ក្រុង​បាត់ដំបង​ត្រូវបាន​អាជ្ញាធរខេត្ត ក្រុង​កសាង​ជា​រូបសំណាក​ផ្សេងៗ ដែល​សុទ្ធសឹង​ជា​រូប​អ្នកមាន​បារមី​កាលពី​សម័យ​ដើម ក្នុង​គោលបំណង​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់ និង​បាន​យល់ដឹង​អំពី​ប្រវត្តិ​អ្នកមាន​បារមី​ទាំងនោះ ព្រមទាំង​ទុក​សម្រាប់​ធ្វើ​ជាទី​សក្ការៈ​នៅតាម​ទី​សាធារណៈថែម​ទៀតផង។


ថ្មីៗ​នេះ​ស្រាប់តែ​រូបសំណាក ឥន្ទ្រ​ទេវី បាន​ប្រែ​មុខមាត់​យ៉ាង​អាក្រក់​ជាទីបំផុត​ ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ បាន​យក​ធ្យូង​ទៅ​គូស​នៅ​លើ​ចិញ្ចើម ត្របកភ្នែក និង​បបូរមាត់ ដែល​មើល​ទៅ​មាន​សភាព​ប្រតេកប្រតាក អាក្រក់​ក្រៃលែង​បី​ដូចជា​រូបសំណាក​ ឥន្ទ្រ​ទេវី កំពុងតែ​សម្រក់​ទឹកភ្នែក​យ៉ាង​ដូច្នេះ​ដែរ​ព្រោះ​ទឹក​ដៃ​នៃ​អ្នក​ដែល​បាន​គូសវាស​នេះ​មិន​មែនជា​វិចិត្រករ​នោះ​ឡើយ ហើយ​ម្យ៉ាងវិញទៀត​រូប​សំណាក​ដែល​គេ​កសាង​ឡើង​នេះ​គឺ​ត្រូវ​រក្សាទុក​នូវ​ពណ៌​ថ្ម​ធម្មជាតិ​តែប៉ុណ្ណោះ​ដោយ​មិន​ត្រូវ​ការ​តុបតែង​ ឬ​ផាត់​ពណ៌​បន្ថែម​ទៀត​ឡើយ។


បញ្ហា​ដែល​កើតឡើង​នេះ​គឺជា​ការ​ឆកល្វែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​របស់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ព្រោះ​រូបសំណាក​នេះ​ត្រូវបាន​កសាងឡើង​នៅ​ចំ​កណ្តាល​សួន​សាធារណ:​ ដោយ​មិន​មានការ​លាក់បំពួន​នៅ​ទី​កំបាំង​ណាមួយ​ឡើយ ដូច្នេះ​ហើយ​បានជា​មាន​មជ្ឈដ្ឋាន​ជាច្រើន ពិសេស​អស់លោក​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​និយម​ចូលចិត្ត​ហាត់ប្រាណ​នៅ​លើ​សួន​នេះ ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែ​ពួកគាត់​បាន​មើល​ឃើញ​នូវ​រូបសំណាក​នេះ​ពោរពេញ​ដោយ​ភាព​រញ៉េរញ៉ៃ​នៅ​លើ​ទម្រង់​មុខ​របស់ ​ឥន្ទ្រ​ទេវី ដោយ​ម្នាក់ៗ​បាន​លើក​ជា​សំណួរ​សួរថា តើ​សមត្ថកិច្ច និង​អាជ្ញាធរ​បាត់​ទៅណា​អស់ ឬក៏​គេ​មិន​ចាប់អារម្មណ៍​ទៅលើ​ការការពារ​នូវ​សម្មិទ្ធផល​នានា​ដែល​បាន​កសាង​ហើយ​នោះទេ បានជា​ទុក​បណ្តោយ​ឲ្យមាន​ជនអនាមិក​ធ្វើការ​គូសវាស​ពេញ​ផ្ទៃមុខ​បែបនេះ​?


រាល់​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ខាងលើ គួរ​ណាស់​តែ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច ​​​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​នៅ​ត្រង់​ចំណុច​នេះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​នៃ​រូបសំណាក​បុព្វបុរស​កាលពី​សម័យ​ដើម​ផង ព្រមទាំង​អាច​ប៉ះពាល់​ដល់​ភ្នែក​អ្នកផង​ទាំងឡាយ ពិសេស​ពី​សំណាក់​ភ្ញៀវ​បរទេស​ដែល​បាន​ដើរ​ទស្សនា​នៅ​ក្នុង​ក្រុង​បាត់ដំបង​នេះ​ផង​៕
M02-08-15-a



រូប​សំណាក​ឥន្ទ្រ​ទេវី​ ត្រូវ​ជន​អនាមិក​ផាត់​ពណ៌​មុខ​យ៉ាង​អនាធិបតេយ្យ

Post a Comment

0 Comments

Close Menu