បាត់ដំបង ៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែកក្កដា ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាថ្ងៃបុណ្យរុក្ខទិវាក្នុងទិសដៅឲ្យជនរួមជាតិជួយថែរក្សា ព្រៃឈើព្រមទាំងសត្វព្រៃ ប្រកបដោយ ចីរភាព និងសមធម៌ ស្របតាមកម្មពិធីជាតិ២០១០-២០២៩ ដូច្នេះហើយទើបថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៥ នេះនៅក្នុងខេត្តបាត់ដំបង បានប្រារព្ធពិធីនេះឡើងសម្រាប់ឆ្នាំ២០១៥ ក្នុងបរិវេណវត្តឯកភ្នំក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រម ទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភាជាតិផងដែរ រួមជាមួយគ្រប់មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាកបាទក្រហម យុវជនកាយរិទ្ធ យុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គពិធីនេះ។
លោកចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជម្រាបជូនដល់គណៈអធិបតីអំពីសមិទ្ធផល ដែលខេត្តបាត់ដំបងបានអនុវត្តន៍ និងសម្រេចបានព្រមទាំងរាល់ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្ត ដែលកើតពីការខិតខំប្រឹងប្រែង និងជួយប្រមុខរាជរដ្ឋាភិបាលក្នុងគោលបំណងជួយអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ លោកបន្តថា ពិធីបុណ្យរុក្ខទិវានេះគឺមានសារៈសំខាន់ណាស់ដែលប្រមុខរាជ រដ្ឋាភិបាលបានកំណត់យកគឺសម្រាប់បងប្អូនកូនក្មួយចងចាំតៗគ្នា ដើម្បីរួមគ្នាអភិរក្សព្រៃឈើ និងសត្វព្រៃ ព្រមទាំងមច្ឆាជាតិ ឲ្យបានគង់វង្ស ជួយរាយការណ៍រាល់បទល្មើសដែលបងប្អូនបានជួបប្រទះដល់អាជ្ញាធរមាន សមត្ថកិច្ចដែលនៅជិតបងប្អូន។
លោក ចាន់ សុផលបន្តថា កូនឈើដែលត្រូវដាំថ្ងៃនេះគឺនៅសងខាងផ្លូវប្រឡាយមេពោធិម៉ស្រីក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកឯកភ្នំជំហានដំបូង គឺកូនឈើមាន ចំនួនសរុប ២០៦៨ ដើម ដាំអមសងខាងផ្លូវប្រឡាយប្រភេទឈើ សំណង់នោះមាន ដើមគគីរ ដើមបេង ធ្នង់ ឈើ ទាល ក្រញូង គីនីន និងដើមអាកាស្យា។ ចំពោះជំហានបន្ទាប់នោះ ពេលដែលមាត់ប្រឡាយបានចាក់បេតុង ហើយនិងផ្លូវសងខាងក្រាលកៅស៊ូទើបបន្តផែនការដាំដើមប្រភេទផ្កាម្តងទៀតដូចជាដើមត្របែកព្រៃ ក្ងោកលឿង រាជ និងដើមរំដួលចំនួន ១២២២ដើម ដើម្បីលម្អផ្លូវ។ បន្ទាប់ពីគណៈធិបតីបានស្តាប់សន្ទរកថា របស់លោកអភិបាលខេត្តរួចមក សម្តេចក្រឡាហោម ស ខេង បានសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងមន្ត្រីគ្រប់មន្ទីរ អង្គភាពក្នុងខេត្ត ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រព្រមទាំងសម្តេចចក្រី ហេង សំរិន និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដើម្បីចែករំលែកជូនដល់ប្រជាពលរដ្ឋបន្ទាប់មកសម្តេចក្រឡាហោម ស ខេង បានផ្តោត ទៅលើទិសដៅរបស់រាជរដ្ឋាភិបាលដែលសម្តេចតែងតែយកចិត្តទុកដាក់អំពីធន់ធានធម្មជាតិយ៉ាងខ្ពស់បំផុត ដោយសម្តេចក្រឡាហោមលើកយកអំពីក្រុមហ៊ុនមួយចំនួនដែលបានការអនុញ្ញាតិផ្តល់អាជ្ញាប័នរួចហើយបែជា មិនអភិវឌ្ឍន៏រួចចាប់ឈើលក់ ក៏ត្រូវបានរាជរដ្ឋាភិបាលដកហូតជាបន្តបន្ទាប់រួចហើយ យកកន្លែងនោះជាកន្លែង ដាំដើមឈើឡើងវិញ ។ ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជានោះតាំងពីដើមទស្ស វត្សរហូតមកមិនដែលបោះបង់ការអភិរក្សព្រៃឈើ សត្វព្រៃ បច្ឆាជាតិ នោះទេ រាជរដ្ឋាភិបាលតែងតែជំរុញគ្រប់ ក្រសួងពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់បំផុត អ្វីដែលរាជរដ្ឋាភិបាលត្រូវឱ្យចងចាំបំផុតនោះគឺ សម្តេចបានកំណត់ យកថ្ងៃ ៩ កក្កដា គឺជាថ្ងៃដែលត្រូវនឹកឃើញ និងចងចាំនូវថ្ងៃរុក្ខទិវានេះមិនត្រឹមតែប៉ុណ្ណោះ គឺសម្តេចបានរិះរកគំនិតដ៏ឆ្លាតវៃរបស់សម្តេចដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយចងចាំនោះគឺសួនអាពាហ៍ពិពាហ៍ដ៏មាន ប្រយោជន៍បំផុតសម្រាប់ក្មួយៗ បច្ចុប្បន្ន បង្កើតបាន ១២កន្លែង លើផ្ទៃដី ៩៧ ហិកតា សម្រាប់សាមីអាពាហ៍ពិពាហ៍នាំគូព្រមទាំងបងប្អូនសាច់ញាតិដាំកូនឈើទាំងនេះសុទ្ធតែផុសចេញពីឆន្ទៈរបស់សម្តេចទាំងអស់។ បន្ទាប់ មកសម្តេចក្រឡាហោមបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដោយ សម្តេចក្រឡាហោម លើកអំពីស្ថាប័នមូលនិធិមួយចំនួនដែលមិនទាន់បានបំពេញច្បាប់ពីធនាគាររួចហើយដើរចង ការឲ្យប្រជាពលរដ្ឋក្នុងអត្រាការប្រាក់ខ្ពស់គឺពី ២៥%-៣៥% ដោយសម្តេចក្រឡាហោមបញ្ជាក់អំពីទិន្នន័យចំពោះ ការខ្ចីប្រាក់របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ពីសំណាក់មូលនិធិក្នុងខេត្តថាមានចំនួនជាង ៣០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងនោះសម្តេចក្រឡាហោមបានសំណូមពរដល់មូលនិធិមួយចំនួនត្រូវតែពិចារណាលើអត្រាការ ប្រាក់របស់ខ្លួនចំពោះប្រជាពលរដ្ឋ។ សម្តេចក្រឡាហោមក៏ជំរុញឲ្យអាជ្ញាធរជួយមើលចំពោះមូលនិធិមួយចំនួនដែល បានចុះបញ្ជីយកត្រឹមតែមហាផ្ទៃរួចមកដាក់ទុនជាមួយប្រជាពលរដ្ឋគឺមិនទាន់គ្រប់គ្រាន់ក្នុងការអនុញ្ញាតនោះទេទាល់ តែចុះបញ្ជីអាជ្ញាប័ណ្ណពីធនាគារបន្ថែមទៀតទើបអនុញ្ញាតជាផ្លូវការ។ ដូច្នេះសម្តេចក្រឡាហោមសុំឲ្យអាជ្ញាធរជួយមើលក្នុងករណីនេះផង៕
សម្តេចក្រឡាហោមស ខេងអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើថ្ងៃ០៩ កក្កដា ឆ្នាំ២០១៥
0 Comments