សៀមរាប ៖ ពិធីបុណ្យចូលកាន់ព្រះវស្សាគឺជាពិធីមួយ ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តមកឲ្យព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ព្រោះព្រះអង្គដឹងថារដូវនេះរដូវច្រូតកាត់មនុស្សម្នា កំពុងរវល់ដកស្ទូងរីឯព្រះសង្ឃមានការពិបាកនិមន្តដើរបិណ្ឌបាត អាស្រ័យហេតុនេះហើយទើបមានការចូលព្រះវស្សាមានរយៈពេល៣ខែទើបចេញព្រះវស្សាវិញ។
ព្រះបាឡាត់គុណខេត្តសៀមរាប ព្រះនាម ជុំ គឹមលេង ព្រះអង្គមានពុទ្ធដីកាថា ពិធីបុណ្យចូលព្រះវស្សានេះគឺចាប់ពីថ្ងៃ១រោចខែទុតិយាសាឍដល់ថ្ងៃ១៥កើតខែអស្សុជ។ ព្រះអង្គបន្តថា ពិធីចូលព្រះវស្សានេះគឺធ្វើឡើងទៅតាមបញ្ញត្តវិន័យរបស់ព្រះសម្មាសម្ពុទ្ធ មានន័យថាឲ្យតែដល់ថ្ងៃនោះគឺត្រូវតែចូលព្រះវស្សា ហើយបើព្រះសង្ឃអង្គណាមិនចូលនោះទេ នឹងមានទោស ទៅតាមច្បាប់វិន័យសង្ឃ។ ព្រះអង្គមានពុទ្ធដីកាបន្ថែមថា ដើមហេតុដែលនាំឲ្យមានការចូលវស្សាគឺដោយសារតាំងពីសម័យពុទ្ធកាលព្រះសង្ឃនិមន្តទៅបិណ្ឌបាតឬមានកិច្ចផ្សេងៗគ្រប់រដូវកាល ទើបមានភិក្ខុមួយអង្គទូលទៅព្រះពុទ្ធថា បពិតព្រះអង្គដ៏ចម្រើន អាត្មាយល់ឃើញថា នៅរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំព្រះសង្ឃមានការពិបាកនិមន្តទៅកន្លែងផ្សេងៗ ព្រោះជារដូវដែលពុទ្ធបរិស័ទកំពុងបង្កបង្កើនផលស្រែចម្ការ ហើយអាចធ្វើឲ្យព្រះសង្ឃនិមន្តទៅជាន់ដំណាំទាំងនោះ។ ក្នុងហេតុផលទាំងនោះហើយទើបព្រះពុទ្ធទ្រង់ដាក់បញ្ញត្តឲ្យព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស(៣ខែ)រហូតមកដល់បច្ចុប្បន្ននេះតែម្តង រីឯញាតិញោមពុទ្ធបរិស័ទនៅពេលដែលព្រះគង់ចាំព្រះវស្សាគឺត្រូវរៀបចំជាគ្រឿងទេយ្យទានមួយចំនួនទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ទុកប្រគេនព្រះសង្ឃដែលកំពុងរង់ចាំព្រះវស្សារយៈពេល៣ខែ ដើម្បីទទួលផលបុណ្យរៀៗខ្លួន។ ព្រះអង្គបន្ថែមថា ចំពោះរឿងវិន័យគឺព្រះសង្ឃហាមមិនឲ្យចេញទៅណាក្រៅវត្តនោះឡើយ លើកលែងតែមានធុរៈចាំបាច់ ដូចជាឪពុកម្តាយឈឺឬក៏មានកិច្ចសំខាន់នោះគឺអាចបានក្នុងរយៈពេល៧ថ្ងៃ។
ស្រដៀងគ្នានោះដែរលោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជាការពិតណាស់ពិធីចូលព្រះវស្សានេះគឺមានតាំងតែពីដូនតាមកម៉្លេះដែលបងប្អូនប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ បានគោរព និងប្រកាន់ខ្ជាប់ជានិច្ចគឺឲ្យតែដល់ថ្ងៃ១រោចខែអាសាធរហូតដល់ថ្ងៃ១៥កើតខែអស្សុជ។ លោកបន្តថា រដូវនេះជារដូវវស្សា ដូច្នេះព្រះសង្ឃមានការពិបាកនិមន្តបិណ្ឌបាត រីឯពលរដ្ឋក៏កំពុងជាប់រវល់ធ្វើស្រែចម្ការ ហេតុនេះហើយទើបព្រះពុទ្ធលោកដាក់បញ្ញត្តមកឲ្យមានពិធីកាន់ព្រះវស្សានេះឡើង។
ក្រៅពីនោះការចាំវស្សាក៏ទទួលបានអានិសង្សសម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សាមិនដាច់ផងដែរ ហើយអានិសង្សដែលពិសេសនោះគឺការទទួលបានក្រាលគ្រង កឋិនពេលចេញវស្សាហើយ ព្រោះថាបើអង្គណាមិនបានចាំវស្សានោះទេឬចាំដែរតែដាច់វិញគឺមិនអាចក្រាលគ្រងឬអនុមោទនាកឋិនទានបានឡើយ៕
ចូលព្រះវស្សាជាពិធីមួយ ដែលព្រះពុទ្ធបានបញ្ញត្តសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋនិងព្រះសង្ឃ
0 Comments